ព័ត៌មានក្ដៅៗ អគ្គិ​ភ័យ​ដែល​ឆាប​ឆេះ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ នៅ​ខាង​ក្រោយ​សា​កល​វិទ្យា​ល័យ​ភូមិ​ន្ទ​ភ្នំពេញ​ បាន​រលត់​ហើយ​ | ព័ត៌​មាន​ក្ដៅៗ​ អគ្គិ​ភ័យ​កំពុង​ឆាប​ឆេះ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​ នៅ​ខាង​ក្រោយ​សា​កល​វិទ្យា​ល័យ​ភូមិ​ន្ទ​ភ្នំពេញ​(មាន​វីដេអូ) | សហ​ភាព​អឺរ៉ុប ​បងើ្កន​ការ​គាំ​ទ្រ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​ | ក្រសួង​សុខាភិបាល​​ចេញ​សេចក្តី​​ជូន​ដំណឹង​​ស្តី​​ពី​​ការ​ប្រ​ឡង​ថ្នាក់​​ជាតិ​ជ្រើស​រើស​​ចូល​រៀន​​ថ្នាក់​​ឆ្នាំ​​សិក្សា​​​មូល​ដ្ឋាន​នៅ​តាម​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​វិ​ស័យ​សុ​ខា​ភិ​បាល​ | សេចក្តីប្រកាសព័ត៌មាន​ស្តីពី​លទ្ធ​ផល​​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​អចិន្រ្តៃយ៍​រដ្ឋស​ភា |

ឆ្នាំរោង​និទាន​ពីរឿង​នាគ​ទាក់​ទង​ជាមួយ​សង្គម​ខ្មែរ​

feature, សុខភាព — By on November 27, 2012 9:55 am

      
     ឆ្នាំរោង គឺជា​ឆ្នាំ​តំណាងអោយ​សត្វ​នាគ ដែល​ខ្មែរ​មានជំនឿថា ជា​និមិត្តរូប​នៃ​កំលាំង​អាទិទេព វត្ថុ​ស័ក្ដិសិទ្ធិ ឬ​វត្ថុ​ទិព្វ​របស់​ជនជាតិខ្មែរ​។​

​    ជំនឿ​ចំពោះ​សត្វ​នាគ​នេះ កើតមាន​តាំងពី​យូរយារ​ណាស់​មកហើយ ហើយ​ជាពិសេស​មានរឿង​រ៉ា​វនា​ង​នាគ ដែល​ទាក់ទង​ទៅនឹង​ការចាប់ផ្ដើម​

ប្រវត្តិសាស្ត្រ នៃ​មហានគរខ្មែរថែមទៀតផង​។​

     នៅក្នុង​សម័យ​អាណាចក្រ​ភ្នំ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ភាគ​ខាងក្រោម និង​នៅក្នុង​ដែនដី​សណ្ដ​នៃ​ទន្លេ​នេះ មាន​ជំនឿ​ទៅលើ​សត្វ​នាគ​។ គេ​ជឿថា​បុព្វបុរស​ដូនតា​របស់ខ្លួន មានអំបូរ​មកពី​ពូជ​នាគ រស់នៅ​តាំងពី​យូរលង់​ណាស់​មកហើយ​។​

​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ កាំ​ង ថៃ ដែល​បានមក​ទស្សនា​នគរ​ភ្នំ នៅ​ពាក់កណ្ដាល​សតវត្ស​ទី​បី បាន​កត់ត្រា​ទុក​ថា ប្រហែលជា​ក្នុង​ឆ្នាំ ៥០ នៃ​គ្រិស្តសករាជ មាន​ជនជាតិ​ឥណ្ឌា ជា​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ហ៊ុន ទៀន បានធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា មកកាន់​អាណាចក្រ​ភ្នំ​។ មកដល់​នគរ​ភ្នំ ព្រះបាទ ហ៊ុន ទៀន ពើប​ប្រយុទ្ធ​ជាមួយនឹង​ព្រះ​រាជិនី​នៃ​រដ្ឋ​នេះ គឺ​ព្រះ​នាង លីវ យី ដែល​បាន​នាំ​កម្លាំង​ទ័ព​ទៅ​វាយលុក​លើ​សំពៅ​ព្រះអង្គ​។​

​ដោយ​ឫទ្ធានុភាព​ធ្នូ​ទិព្វ ព្រះអង្គ​ក៏​ទទួល​ជ័យជំនះ​លើ​ព្រះ​នាង លីវ យី ដែលជា​ម្ចាស់​ស្រុក ដោយ​ព្រះអង្គ​បាន​បាញ់​សំពៅ​ព្រះ​នាង អោយ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​។​
នៅពលេនោះ ដោយ​ឃើញ​ព្រះបាទ ហ៊ុន ទៀន មាន​ឫទ្ធិ​ខ្លាំងពូកែ​ដូច្នោះ ព្រះ​នាង លីវ យី ក៏​ព្រម​ចាញ់​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏បាន​រៀប​អភិសេកព្រះ​នាង ជា​ព្រះរាជអគ្គមហេសី តាំងពី​ពេលនោះ​មក​។​

​ព្រះរាជ​ពង្សាវតារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ក៏​ទទួលស្គាល់ថា មានការ​ចងសម្ព័ន្ធ​មេត្រី​រវាង​ព្រាហ្មណ៍​ឥណ្ឌា និង​ម្ចាស់​ស្រុក ដែលជា​បុត្រី​ស្ដេច​ភុជង្គនាគ​ដែរ​។ ប៉ុន្តែ ព្រះរាជ​ពង្សាវតារ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ហៅ ព្រះនាម​ស្ដេច ទាំងពីរ​នោះ​ថា ព្រះថោង និង​នាងនាគ ដែល​បាន​បន្សល់ទុក​នូវ​កេ​រ្ត៍​ដំណែល ទំនៀម​ទំលាប់​ប្រពៃណី​ជាច្រើន អោយ​ជីវភាព​សង្គម​ខ្មែរ​រហូតមកដល់​សព្វ​ថ្ងៃនេះ​ថែមទៀត​ផង​។​

​រួម​សេចក្ដី​មក គឺ​ព្រះបាទ ហ៊ុន ទៀន ឬ​ព្រះថោង និង​ព្រះ​នាង លីវ យី ឬ​នាងនាគ​នេះហើយ ដែល​ត្រូវគេ​ជឿថា ជា​អ្នក​បាន​កសាងឡើង​នូវ​សន្តតិវង្ស ឬ​រាជវង្ស​ខ្មែរ ជាដំបូង​គេ​បង្អស់​នោះ​។​

​   ថ្វីត្បិតតែ​ខ្មែរ​ជឿថា ខ្លួន​មានអំបូរ​មកពី​សត្វ​នាគ ពាក់កណ្ដាល​ក្ដី លោក​សាស្ត្រាចារ្យ​ផ្នែក​បុរាណវិទ្យា អាំង ជូ​លាន សង្កេតឃើញថា ក្រោយមក ខ្មែរ​បាន​ឆ្នៃ​រំដោះខ្លួន​បន្តិច​ម្តងៗ ចេញ​សត្វ​នាគ ហើយ​អោយក្លាយ​មកជា​មនុស្ស​វិញ​។ លោក​សង្កេតឃើញថា ចលនា​រំដោះខ្លួន​ពី​នាគ​នេះ ស្តែងចេញ​តាម​រឿង​ព្រះ ថោង និង​នាង នាគ នេះ​ដដែល​។ ប៉ុន្តែ គេ​អូសបន្លាយ​សាច់រឿង​អោយមក​ដល់​សម័យ​សាង​ប្រាសាទអង្គរធំ ឯ​ខេត្តសៀមរាប​ឯណេះ​។​

    ​បើតាម​លោក​សាស្ត្រាចារ្យ អាំង ជូ​លាន រឿងនេះ​មាន​សេចក្ដី​ថា ស្ដេច​នាគ ដែលជា​បិតា​របស់​នាងនាគ ខ្លាច​មុខព្រហ្ម ហើយ​ហាម​ព្រះ ថោង មិនអោយ​សង់​ប្រាសាទ ដែលមាន​មុខព្រហ្ម​ទេ តែ​ព្រះ ថោង រឹងទទឹង​។ លោក អាំង ជូ​លាន​៖ «​ព្រះ ថោង ហ្នឹង​បាន​ចុះទៅ​ឋាន​នាគ ដើម្បី​ទៅសុំ​ដណ្ដឹង​នាង នាគ​នោះ​ណា៎​… រួច​ទៅបាន​ឪពុកក្មេក ដែលជា​ស្ដេច​នាគ​ហ្នឹង ក៏​លោក​ក៏​សុខចិត្ត​អោយ​អញ្ចឹង​ទៅ​… ហើយ​មកជួយ​សង់​អង្គរ​នេះ​។ គឺថា អង្គរធំ​នេះ ដែលមាន​ប្រាសាទបាយ័ន​នៅ​កណ្ដាល​នេះ​។ រួច​ទៅ​…​ផ្ដាំ​ថា កូន​ឯង​បើ​សង់​អី​សង់​ទៅ កុំអោយ​តែមាន​មុខព្រហ្ម​អី​។ ឪ​ខ្លាច​ព្រហ្ម​ណាស់​។ ព្រហ្ម​មុខ​បួន​នោះ​។ ដល់​ព្រះ ថោង ដូច​ថា​… ធ្វើ​របៀប​ជំទាស់​ប្រទូសរ៉ាយ​នឹង​ឪពុក ក្មេក​ហ្នឹង ក៏​សង់​ប្រាសាទបាយ័ន សង់​ក្លោងទ្វា​អង្គរធំ​អី សុទ្ធតែ ឬ​មុខព្រហ្ម​ហ្នឹង​ទៅ​។ ដល់​តែ​ឪពុក​ហ្នឹង​ឡើង​ពី​ទឹក​មកលេង​នឹង​កូន​… យើង​ដឹង​ហើយ​ប្រាសាទបាយ័ន មិនមាន​កន្លែង​មួយ គេ​ហៅថា អណ្ដូងប្រេង​អញ្ចឹង​ណា៎​។ គេ​ជឿថា អណ្ដូង​ហ្នឹង ចុះទៅ​បាតសមុទ្រ​។ ដល់ពេល​ឪពុក​ហ្នឹង ងើបឡើង​មកលេង​នឹង​កូន​ទៅ ឃើញ​ព្រហ្ម​ទៅ​ខឹង​ក៏​ច្បាំង​គ្នា​អី​អញ្ចឹង​ទៅ​។ ទីបំផុត ព្រះ ថោង ហ្នឹង​សម្លាប់​ឪពុក​ហ្នឹង​ទៅ​។ ឪពុកក្មេក​នោះ​»​។​

​លោក​សាស្ត្រាចារ្យ​បន្តថា គឺ​ការសំលាប់​ស្ដេច​នាគ ដែលជា​ឪពុកក្មេក​របស់​ព្រះ ថោង នេះហើយ ដែល​ជាការ​ផ្ដាច់ចំណង​ទាក់ទង​ពីស​ត្វ​នាគ រស់នៅក្នុង​ទឹក មកជា​មនុស្ស​នៅលើ​គោក​វិញ​។​

​លោក អាំង ជូ​លាន​៖ «​ដល់​អញ្ចឹង​ទៅ នាង នាគ ហ្នឹង លែង​បាន​ត្រលប់​ទៅ​ស្រុក​វិញ​ហើយ​។ នាងនាគ​ហ្នឹង​ក្លា​យមក​នៅ​ឋានមនុស្ស​វិញ​។ មានន័យថា​ម៉េច​? មានន័យថា ក្នុងការ​វិភាគ​រឿង​អញ្ចឹងៗ មានន័យថា យើង​ពី​ដើម​… ខ្មែរ​យើង​ពី​ដើម​នេះ ជា​សត្វ​នាគ សត្វ​ពស់​អី ពាក់កណ្ដាល​ណា៎​ម្ដាយ​ណា៎​។ ប៉ុន្តែ ទីបំផុត​ទៅ យើង​ទាត់ចោល លែង​ទទួលស្គាល់​អា​ដេញ ហ្នែ​…​ម៉ា​ភាគ​នៃ​កំណើត​យើង ដែលជា​នាគ​ហ្នឹង​ទៅ​។ ដូចជា​នាង នាគ ក្នុង​រឿង ព្រះ ថោង នាង នាគ​។ ក្រោយមក​មាន​ចុះ​ទៅលេង​ឋាន​របស់ខ្លួន​ឪពុក​អី ស្លាប់​អស់ហើយ​… ក្លាយទៅជា​មួយ​មនុស្សរ​ហូ​តទៅ​កើតកូន កើត​ចៅ​អី​មកជា​ខ្មែរ​…»​។​

​ទោះជា​យ៉ាងណាក៏ដោយ ក៏​ខ្មែរ​នៅតែ​មានជំនឿថា នាគ គឺជា​ម្ចាស់​ទឹក​ម្ចាស់​ដី​។ មុននឹង​ចាប់ផ្ដើម​សាងសង់​អ្វីមួយ ប្រជាពលរដ្ឋ​ខ្មែរ និយម​ធ្វើ​ពិធីសែនព្រេន​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​ទឹក​ម្ចាស់​ដី គឺ​ពិធីសែនក្រុងពាលី ដែលជា​ស្ដេច​នាគ​នោះឯង​។​

​សត្វ​នាគ នេះ​ក៏​ត្រូវគេ​និយម​ថា ជា​និមិត្តរូប​នៃ​កម្លាំង​អាទិទេព ឬក៏​ជាស​ត្វ ដែល​តំណាងអោយ​សភាវៈ​ល្អ ទាំង​ក្នុង​ហិណ្ឌូ​សាសនា និង​ក្នុង​ព្រះពុទ្ធសាសនា​។ នៅក្នុង​រឿង​កូរ​សមុទ្រ​ទឹកដោះ នៃ​លិទ្ធ​ពហុ​ទេវ​សាសនា​ហិណ្ឌូ នាគ មួយ​ឈ្មោះ វ៉ា សុ​គី បាន​ស្ម័គ្រចិត្ត​ប្រគល់​ខ្លួន​អោយ​ពួក​សុរា និង​ពួក​អសុ​រៈ ធ្វើជា​ខ្សែព្រ័ត្រ​ក្នុង​បេសកកម្ម​កូរ​សមុទ្រ​ទឹកដោះ​ស្វែងរក​ទឹក អម្រឹត ដើម្បី​ព្យាបាល​ដល់​ទេវតា និង​មនុស្សលោក​នៅ​គ្រប់​ទី​ស្ថាន​។​

​ចំណែក​នៅក្នុង​ព្រះពុទ្ធសាសនា​វិញ គេ​សង្កេតឃើញ​ស្ដេច​នាគ​ឈ្មោះ មុជ្ជ​លិ​ន្ទ ដែលមាន​ក្បាល ៧ ចេញទៅ​ធ្វើ​ក្បាំង​ការពារ​ប្រក់​ពីលើ​ព្រះពុទ្ធ ដែល​កំពុង​គង់​ធ្វើ​សមាធិ​ផងដែរ​។​

​ម្យ៉ាងទៀត​បុព្វបុរស​ខ្មែរ បាន​ឆ្លាក់​រូប នាគ តាម​ក្បូរ​ក្បាច់រចនា​ផ្សេងៗ ជាច្រើន នៅតាម​ប្រាសាទខ្មែរ​បុរាណ ជាពិសេស ជា​បង្កាន់ដៃស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ​។ លោក​សាស្ត្រាចារ្យ អាំង ជូ​លាន មានប្រសាសន៍ថា ការយក នាគ សង់​ជា​បង្កាន់ដៃស្ពាន ឬ​ផ្លូវ​ចូល​ប្រាសាទ​ដូចនេះ ក៏​ព្រោះតែ​សត្វ​នាគ តំណាងអោយ​ទឹក ឬក៏​ឥន្ទធនូ​ផង និង​ជា​ស្ពាន​ចំលង​មនុស្ស​រំលង​ពី​ឋាន​មួយ​ទៅ​ឋាន​មួយ​ទៀតផង​។​

​លោក អាំង ជូ​លាន​៖ «​នាគ គឺ​ដូច​ឥន្ទធនូ​អញ្ចឹង គឺជា​មធ្យោបាយ​សំរាប់​ចំលង​ឋាន​យើង ទៅ​ឋាន​ទេព​នោះ​។ ព្រោះថា ប្រាសាទ​…​ឧបមា​ថា អង្គរវត្ត​… ប្រាសាទ​ជា​លំនៅ​ណា៎ ជា​ឋាន​នៃ​ទេព​ហៅថា លោកធាតុ​នេះ ណា៎​។ យើង​ទៅ​ពី​ឋាន​យើង​នេះ ទៅដល់​ឋាន​ទេព​ហ្នឹង វា​មាន នាគ ដើម្បី​ថា​ចំលង​មនុស្ស​ដើម្បី​ដល់​ទេព​អី​អញ្ចឹង​ទៅ​…»​។​

​បរិវេណ​ជុំវិញ​ប្រាសាទ និង​តួ​ប្រាសាទអង្គរវត្ត តំណាងអោយ​ឋាន​របស់​អាទិទេព​គង់នៅ​។ ដើម្បី​ចូលទៅ​ដល់​តួ​ប្រាសាទអង្គរវត្ត ដែល​តំណាងអោយ​ភ្នំ​ព្រះ​សុមេរុ គេ​ត្រូវ​ដើរ​ឆ្លង​ទឹកសមុទ្រ ដែល​ព័ទ្ធជុំវិញ​ភ្នំ​ព្រះ​សុមេរុ​នោះ​។ ដូច្នេះ សំណង់​ផ្លូវ​ចូល​ប្រាសាទអង្គរវត្ត ដែល​បុព្វបុរស​ខ្មែរ បាន​សាង​ជា​រូប នាគ ក្បាល ៧ នោះ គឺ​តំណាងអោយ​ទឹកសមុទ្រ​ផង និង​តំណាងអោយ​វត្ថុ​ស័ក្ដិសិទ្ធិ ឬក៏​ជា​ស្ពាន​ចំលង​មនុស្ស អោយទៅ​ជួបនឹង​ព្រះអាទិទេព​ផង​។​

​ចំពោះ​អ្នក​កើត​ឆ្នាំ រោង ដែលជា​ឆ្នាំ​សត្វ នាគ បើតាម​ការ​ទស្សន៍ទាយ​របស់​ក្រុម​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ នៃ​ក្រសួង​ធម្មការ និង​សាសនា​ថា រមែង​ជា​មនុ​ស្សមាន​និស្ស័យ និង​ជោគ​សំណាងល្អ នឹងមាន​សេចក្ដី​សុខកាយ​សប្បាយចិត្ត ចៅហ្វាយនាយ​ចិញ្ចឹម​បីបាច់​ថែរក្សា នឹង​បាន​ទៅជា​អ្នកមាន​បុណ្យស័ក្ដិ រហូត​មាន​កិត្តិយស​កិត្តិនាម​ល្បីល្បាញ​។​

​ជា​មនុស្ស​មានចិត្ត​បុណ្យ​សុន្ទរទាន​ចូលចិត្ត​ជួយ​អ្នកដទៃ​។ អាច​តាំងខ្លួន​អោយ​ធំដុំ​បាន​ដោយ​ខ្លួនឯង​។ យូរៗ ទើប​មាន​លាភ​ធំ​ម្ដង​។ ជា​មនុស្ស​មាន​ព្រះ​កេតុ​ថែរក្សា​អរិ​សត្រូវ មិនអាច​ប៉ុនប៉ង​ពាធា​បានឡើយ​។​

​ជា​មនុស្ស​មាន​វាចារ​មោះមុត សតិបញ្ញា​ឈ្លាសវៃ ចិត្ត​ស្រាល​ឆាប់​ខឹង តែ​ឆាប់​បាត់​វិញ​។ អ្នក​កើត​ឆ្នាំ រោង ជា​មនុស្ស​ពេញចិត្ត នឹង​រស់​កាមារម្មណ៍ មិនចេះ​នឿយណាយ​។​

 មនុស្ស​ឆ្នាំ រោង ច្រើនតែ​ទទួល​ជោគ​លាភ ពី​មនុស្ស​ភេទ​ផ្ទុយ បើ​ធ្វើការ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​ហើយ តែងតែបាន​ទទួលផល​ល្អជា​វិសេស​៕

Comments

comments