ឯកឧត្តម ស៊ុន ចាន់ថុល ​​ចូល​រួម​​កិច្ចប្រជុំ​​ពិភាក្សា​​ក្រោម​ប្រធានបទ “ទីតាំង​ភូមិសាស្ត្រ​អាស៊ាន​ នៅ​ឆ្នាំ​២០១៦ និង​ចក្ខុវិស័យ​សម្រាប់​ឆ្នាំ​២០២៥”

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ តំណាង​ប្រទេស​កម្ពុជា ​កាល​ពី​​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​​ពិភាក្សា​​ក្រោម​ប្រធានបទ “​ទីតាំង​ភូមិសាស្ត្រ​អាស៊ាន​ នៅ​ឆ្នាំ​២០១៦ និង ចក្ខុវិស័យ​សម្រាប់​ឆ្នាំ​២០២៥” នៅ​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក​។ កិច្ចប្រជុំ​ពិភាក្សា​នេះ ​ត្រូវបាន​សម្របសម្រួល​ដោយ​លោក​ឯកអគ្គរដ្ឋទូត Michael Froman តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក និង​មានការ​ចូលរួម​ដោយ​វិនិយោគិន​អាមេរិក​ជាច្រើនរូប​ទៀត​។​

ជំនួប​ពិភាក្សា​នេះ ​បាន​ផ្តាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋ​ជា​សមាជិក​អាស៊ាន ដែល​ត្រូវបំពេញ​ឲ្យ​បាន​នៅក្នុង​ឆ្នាំ​២០១៦​នេះ ​ក៏ដូចជា​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​ជា​អាទិភាព នៅក្នុង​របៀបវារៈ​ ក្រោយពេល​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ​ឆ្នាំ​២០១៥​។

loading...

ក្នុង​ជំនួប​ពិភាក្សា​នេះ​​ បាន​លើក​ឡើង​អំពី​របៀប​ដែល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ អាច​គាំទ្រ​ដល់​បណ្តា​ប្រជាជាតិ​នានា នៅក្នុង​អនុតំបន់​ទន្លេមេគង្គ​ក្រោម​របស់​អាស៊ាន​ ដូចជា​៖ កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា សម្រាប់​គោលដៅ​អភិវឌ្ឍន៍​របស់ខ្លួន​។ ការពង្រឹង​អាស៊ាន​ជាទី​តាំង​ពាណិជ្ជកម្ម ​និង​វិនិយោគ​ពិភពលោក​មួយ​ដ៏​រឹងមាំ​មួយ និង​បញ្ហាសំខាន់ៗ​ដែល​ពាណិជ្ជករ និង​សហគ្រិន​សហរដ្ឋអាមេរិក​គួរ​ពិ​ចារណា​ ​មុនពេល​ដាក់ទុន​វិនិយោគ​នៅក្នុង​តំប់ន់​អាស៊ាន ​។​​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​សង្ខេប​ជូន​អង្គប្រជុំ​អំពី ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​កំណែទម្រង់​សំខាន់ៗ​នានា ដែល​បាន​បំពេញ និង​កំពុង​អនុវត្ត​នៅ​ក្រសួងពាណិជ្ជកម្ម​។ ឯកឧត្តម​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ​ក្នុង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រ​ភព​ដើម​នៃ​ទំនិញ និង​ការចុះបញ្ជី​ពាណិជ្ជកម្ម ដែល​ដាក់​ដំណើរការ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ​ផងដែរ​។​

​ជាមួយគ្នានេះ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​កត់សម្គាល់​ផងដែរ​ អំពី​អត្ថប្រយោជន៍​នៃ​ការវិនិយោគ​នៅ​កម្ពុជា ដូចជា​គម្រោង​អ្វីៗ​គ្រប់យ៉ាង​​ លើកលែង​អាវុធ ​(EBA) (​ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប​) និង​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ​(GSP) ដែល​ផ្តល់​ដោយ​បណ្តា​ប្រទេស​ជាច្រើន​ដល់​កម្ពុជា និង​អំពី​សារសំខាន់​នៃ​គោលនយោបាយ​ស្តីពី​យុទ្ធសាស្ត្រ​ អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ដែល​ទើបត្រូវ​បានអនុម័ត​នាពេល​ថ្មីៗ​នេះ ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​ឈានឡើង​មួយកម្រិត​ទៀត​៕

12705750_1135311213148422_5846313465168848069_n12742025_1135311006481776_906969561310731830_n12742557_1135310996481777_1139867619449985132_n734750_1135311206481756_323285913827432416_n12716081_1135311089815101_4462969452291989784_o12728981_1135311009815109_4006708980876672594_n12715489_1135311169815093_7920172949119652769_n12745472_1135311123148431_5132791753870634266_n12744329_1135311076481769_8172922054382726059_n