ករណីពុលស្រាសនៅកំពង់ឆ្នាំង អ្នកស្លាប់កើនឡើង១៥នាក់ និងអ្នកមកព្យាបាលកើនដល់៧៩នាក់

កំពង់ឆ្នាំង៖ ករណីពុលស្រាស នៅខេត្តកំពង់ឆ្នាំង ចំនួនអ្នកស្លាប់បានកើនរហូតដល់១៥នាក់ ចំណែកឯអ្នកដែលកំពុងមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងមានចំនួន៧៩នាក់ ដែលជាតួរលេខរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញនៅ វេលាម៉ោង១២ថ្ងៃត្រង់ ទី ០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ។

បើតាមការអះអាងរបស់មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រាន់តែរយៈពេញមួយថ្ងៃម្សិលមិញថ្ងៃទី៨ ធ្នូ រហូតមកដល់ព្រឹកនេះអ្នកជំងឺដែលពុលស្រាស បានស្លាប់កើនដល់៤នាក់ ចំណែកឯអ្នកចូលមកសម្រាកកើនដល់៤២នាក់ហើយ ។ ករណីនេះចំពោះអ្នកជំងឺដែលធ្ងន់ធ្ងរបានបញ្ជូនទៅពេទ្យភ្នំពេញ ហើយអ្នកខ្លះបានស្លាប់តាមផ្លូវ និងអ្នកជំងឺខ្លះបានស្លាប់ពេលទៅដល់ពេទ្យភ្នំពេញ ។

បើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង ដែលប្រាប់ក្នុងពេលដែលលោកដឹកនាំក្រុមគ្រូពេទ្យឯកទេសមកពិនិត្យព្យាបាល អ្នកជំងឺពុលស្រាស កំពុងសម្រាកនៅមន្ទីរពេទ្យខេត្តបានឲ្យដឹងថា ការស្លាប់និងអ្នកដែលមានអាការៈពុល កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តនោះ គឺបណ្តាលមកពីជាតិមេតាណុលខ្លាំង ដែលបណ្តាលឲ្យអ្នកដែលហូបទៅរងនូវផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចគ្រោះថ្នាក់ដល់ជីវិតផងដែរ ។ ព្រោះថា ក្រោយពេលដែលហូបស្រាសនេះទៅ វាធ្វើឲ្យមានការថប់ដង្ហើម ឈឺសាច់ដុំ ស្រាវ៉ាំងភ្នែក និងក្អួតចង្អោ ជាដើម ។

នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការសិក្សាស្រាវជ្រាវបន្តទៀតដើម្បីរកប្រភពច្បាស់លាស់ ដើម្បីឈានទៅអនុវត្តច្បាប់ចំពោះអ្នកផលិតនិងចែកបន្ត ដែលធ្វើឲ្យអ្នកប្រើប្រាស់បានស្លាប់ និងរងគ្រោះជាបន្តបន្ទាប់។

ក្រោយពីមានអ្នកស្លាប់និងអ្នករងគ្រោះជាបន្តបន្ទាប់នោះ សមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង បានចុះទៅទីតាំងផលិតចែកចាយស្រាស នៅក្នុងក្រុងកំពង់ឆ្នាំង ក្នុងពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះថាន់ វី អាយុ៤៩ឆ្នាំ រស់នៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលដាក់ការសង្ស័យបានផលិតស្រាសធ្វើឲ្យពុលមនុស្ស ៕

About Author:

Leave A Comment

Your email address will not be published. Required fields are marked *