ប៉ះគ្នាបន្តិចបន្តួចចុះពីលើរថយន្តដកកាំភ្លើងសួរថា​“ស្គាល់ថាប្តីខ្ញុំជានរណាអត់?”ធ្វើឲ្យភ្ញាក់ផ្អើលទាំងយប់

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត និងម៉ូតូប៉ះគ្នាបន្តិចបន្តួចបង្ករជាជម្លោះ ស្ត្រីម្នាក់ជាអ្នកបើកបររថយន្តចុះពីលើរថយន្តដោយមានកាំភ្លើងនៅនឹងដៃហើយបានសួរទៅភាគីខាងម៉ូតូថា ” ស្គាល់ថាប្តីខ្ញុំជានរណាអត់? ” បង្ករអោយមានការភ្ញាក់ផ្អើលកាលបីវេលាម៉ោង៩និង៤នាទីយប់ នៅតាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

loading...

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BW-9252 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវ២៧១ មកដល់ចំណុចកើតហេតុបានប៉ះជាមួយរថយន្តមួយគ្រឿងម៉ាក Lexus GS300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AG-5545 បើកបរដោយស្ត្រីម្នាក់ធ្វើដំណរក្នុងទិសដៅស្របគ្នា បណ្តាលអោយរថយន្តធ្លាក់កាងខាងមុខ ចំណែកភាគីខាងម៉ូតូរងរបួសបន្តិចបន្តួច ស្រាប់តែស្ត្រីជាអ្នកបើកបររថយន្តចុះពីលើរថយន្តមកដោយមានកាន់កាំភ្លើងមួយដើម ហើយបានសួរទៅភាគីខាងម៉ូតូថា ” ស្គាល់ថាប្តីខ្ញុំជានរណាអត់? ” ទើបធ្វើអោយជាបុរសភាគីខាងម៉ូតូមានការខឹងសម្បារបានចោទទៅភាគីខាងរថយន្តវិញថា យកកាំភ្លើងមកគម្រាមកំហែងទើបបង្ករអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះតែម្តង ចំណែកភាគីខាងរថយន្តក៏បានទទួលស្គាល់ថាបានកាន់កាំភ្លើងចុះពីលើរថយន្តពិតមែន តែមិនបានភ្ជង់គម្រាមអ្វីនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅសម្របសម្រួលភាគីទាំងសងខាងនោកន្លែងកើតហេតុ ដោយភាគីខាងម៉ូតូបានអោយភាគីខាងរថយន្តសូមទោស និងសងថ្លៃខូចខាត៥០ដុល្លារ តែភាគីខាងរថយន្តមិនព្រមទើបសម្រេចអោយសមត្ថកិច្ចធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយជាបន្ត៕