មួយថ្ងៃមានប្រជាជនកម្ពុជាជិត២០០នាក់ ឆ្លងជំងឺរបេង
Uncategorized, ព័ត៌មានជាតិ — By admin on Monday, November 26th, 2012 06:08 pm GMT +7 ភ្នំពេញ៖ មិនមែនជារឿងធម្មតាទេ ដែលប្រជាជនកម្ពុជាជិត២០០នាក់ឆ្លងជំងឺរបេងក្នុងមួយថ្ងៃ ហើយប្រហែល៣០នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោង។
លោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជានាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងបានមានប្រសាសន៍ទៅកាន់
ក្រុមសិស្សានុសិស្ស និងមន្ត្រីផ្ដល់ជំនួយក្នុងការប្រារព្ធទិវាជាតិកម្ចាត់រោគរបេង កាលពីថ្ងៃអង្គារ ទី៣១ ខែមីនានេះថា «ជំងឺរបេងនៅតែជាបញ្ហាសុខភាពសាធារណៈដ៏ចម្បង ពិសេសនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ហើយកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន២២ក្នុងលោក ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ»។
សំដៅដល់ស្ថានភាពនៃការរីករាលដាលជំងឺរបេងនៅកម្ពុជា លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា បច្ចុប្បន្នអត្រាមានជំងឺ(ប្រេវ៉ាឡង់) និងអត្រាកើតជំងឺថ្មី(អាំងស៊ីដង់) នៃជំងឺរបេងនៅកម្ពុជាមានការថយចុះជាបន្តបន្ទាប់។ អាំងស៊ីដង់ជំងឺរបេងសួតវិជ្ជមាន BK បានថយពីកម្រិតប្រមាណ២៦០ក្នុងចំណោមប្រជាជន១០០.០០០នាក់នៅឆ្នាំ ២០០០ មកនៅត្រឹម២៩៩ក្នុងចំណោមប្រជាជន១០ម៉ឺននាក់។ អាំងស៊ីដង់ជំងឺរបេងគ្រប់សណ្ឋានមាន៥៨០នាក់ ក្នុងចំណោមប្រជាជន១០០.០០០នាក់ ថយចុះមកត្រឹម៤៩៥នាក់ក្នុងចំណោមប្រជាជន១០ម៉ឺននាក់។
លោកបន្តថា កម្មវិធីកម្ចាត់រោគរបេងកំពុងបំពេញការងារផ្អែកតាមផែនការ យុទ្ធសាស្ត្រសុខាភិបាលឆ្នាំ ២០០៦-២០១០ ដែលគោលដៅចម្បងគឺកាត់បន្ថយឱ្យបានពាក់កណ្ដាលនូវអត្រាមានជំងឺ និងស្លាប់ដោយសារជំងឺរបេងនៅឆ្នាំ២០១០ ដោយគិតពីតួលេខយោងឆ្នាំ១៩៩៧ ដើម្បីតម្រង់ទិសក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សឆ្នាំ២០១៥។ លោកបន្តថាទិសដៅសំខាន់គឺស្រាវជ្រាវឲ្យឃើញករណីរបេងសួតវិជ្ជមាន បេកាលើស៧០ភាគរយ និងព្យាបាលឲ្យសះស្បើយលើសពី៨៥ភាគរយ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថាមួយថ្ងៃៗ មានប្រជាជនប្រមាណ២៥.០០០នាក់ កើតជំងឺរបេង និងស្លាប់ដោយសារជំងឺនេះជិត៥.០០០នាក់ក្នុងនោះនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកខាងលិច មានមនុស្ស៥.០០០នាក់បានកើតជំងឺរបេង និងស្លាប់ប្រមាណ៨០០នាក់ក្នុងមួយថ្ងៃៗ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា «ការប្រយុទ្ធនឹងជំងឺរបេងដែលជាជំងឺមួយប៉ះពាល់ភាគច្រើនលើអ្នក ក្រីក្រ គឺចូលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ»។ លោកបន្តថា «ការប្រយុទ្ធនឹងជំងឺរបេង គឺស្មើនឹងការដាក់បញ្ចូលទុនរាប់លានដុល្លារទៅក្នុងសេដ្ឋកិច្ច ជាតិរបស់ប្រទេសក្រីក្រ»។
ប្រធានបទក្នុងទិវាជាតិប្រយុទ្ធជំងឺរបេងឆ្នាំនេះគឺ «ខ្ញុំកំពុងប្រយុទ្ធ"នឹង"ជំងឺរបេងដោយយុទ្ធសាស្ត្រដូតស៍គឺពង្រឹង ប្រព័ន្ធសុខាភិបាល»។
លោករដ្ឋលេខាធិការក្រសួងសុខាភិបាលបានបន្តថា ទោះបីមានការរីកចម្រើនថ្មីៗក៏ដោយ ក៏ជំងឺរបេងនៅតែជាបញ្ហាសុខភាពសាធារណៈរបស់ពិភពលោកនៅឡើយ ដោយក្នុងមួយឆ្នាំៗមានករណីជំងឺរបេងថ្មីកើតឡើងជាង៩លាននាក់ និងជិត២លាននាក់ស្លាប់ដោយជំងឺរបេង។ លោកបន្តថាបច្ចុប្បន្ននេះមានភស្តុតាងបញ្ជាក់ថាបណ្ដាប្រទេសដែល ប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺរបេងអាចទទួលចំណូលមកវិញជាមធ្យម១០ដង ដោយសារតែការវិនិយោគលើការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេងក្នុងលក្ខខណ្ឌដែលពួកគេអនុវត្តតាមផែនការ ប្រយុទ្ធនឹងជំងឺរបេងពិភពលោក។
លោកបន្តដោយសំដៅផែនការរយៈពេលវែង ២០០៨-២០១៥ថា «ការឈឺចាប់របស់មនុស្សជាតិគឺជាហេតុផលគ្រប់គ្រាន់ក្នុងការប្រយុទ្ធ ជំងឺរបេងហើយបច្ចុប្បន្នយើងអាចដឹងថា ការប្រយុទ្ធជំងឺរបេងអាចជួយកាត់បន្ថយភាពក្រីក្រ»។ លោកវេជ្ជបណ្ឌិត ចូណាថាន់ រ៉ូស (Jonathan Ross) អនុប្រធានការិយាល័យសុខភាពសាធារណៈនៃអង្គការ USAID បានមានប្រសាសន៍ថា រយៈពេលមួយម៉ោងមានប្រជាជនកម្ពុជាម្នាក់ស្លាប់ ដោយមើលឃើញបញ្ហានេះ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) បានធ្វើការងារយ៉ាងច្រើន ដើម្បីគាំទ្រដល់ការឆ្លើយតបជំងឺរបេងក្នុងប្រទេសកម្ពុជា។
លោកបន្តថា «ភាពជោគជ័យក្នុងការប្រយុទ្ធជំងឺរបេងនៅកម្ពុជាគឺតាមរយៈការចូលរួម ពីភាពជាដៃគូ និងរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ អាជ្ញាធរមូលដ្ឋាន និងសហគមន៍គ្រប់លំដាប់ថ្នាក់ពីថ្នាក់ជាតិដល់សហគមន៍»៕




Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed