ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ទៀ សីហា ប្រាប់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រជាពលរដ្ឋរំសាយការជួបជុំ

370
UI Promtion 2021

ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ បានចុះទៅជួបជាមួយ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងប្រជាពលរដ្ឋ ដែលមានការប្រមូលផ្តុំគ្នា នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានជំនឿ ទៅលើលោក ខឹម វាសនា ដែលបានតាំងខ្លួនជាតួអង្គព្រហ្ម(ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថានឹងមានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់ប្រញ៉ាល់រត់មកជ្រកកោននៅម្តុំដីចំការរបស់គាត់(ជើងភ្នំគូលែន)នៅខេត្តសៀមរាប ទើបអាចរួចគ្រោះបាន។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងជំនួបនោះ អាជ្ញាធរខេត្តសៀមរាបបានឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះ ហើយត្រូវរួមគ្នាថែទាំសុមាលភាពរបស់ប្រជាពលរដ្ឋ ការធ្វើអនាម័យ ការហូបចុក និងថែរក្សាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ពាក់ព័ន្ធការរំសាយការជួបជុំនេះ លោក ខឹម វាសនា សុំបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ហើយចំពោះការថែទាំសុខុមាលភាពរបស់ប្រជាពលរដ្ឋ លោកបានយល់ព្រមតាមការណែនាំរបស់អាជ្ញាធរខេត្ត។ ឯកឧត្តមបន្តថា ចំពោះការសុំបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមិនទាន់ឯកភាពយ៉ាងណានោះទេ តែជាចំបង គឺយើងសុំឱ្យមានកម្លាំងការពារផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងវិធានសុខាភិបាល ជូនប្រជាពលរដ្ឋ។

បន្ថែមពីលើនេះ អាជ្ញាធរខេត្តបានប្រាប់ឲ្យលោក ខឹម វាសនា ផ្អាក និងឈប់ធ្វើសកម្មភាពបំផុសបំផុលពាក្យទំនាយថា «បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សម្បូរសប្បាយនគរវត្ត» នេះទៀត ព្រោះវាធ្វើឱ្យប្រជាពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ហើយឯកឧត្តមអភិបាលខេត្ត ក៏បញ្ជាក់ និងសូមឱ្យប្រជាពលរដ្ឋ កុំច្រលំថាមកចូលរួមអាចបានដីនៅរុនតាឯក។ ដោយឡែកប្រជាពលរដ្ឋដែលមកដល់ទីនេះ ភាគមកពីបណ្តាខេត្តផ្សេងៗជាលក្ខណៈគ្រួសារដោយមានទាំងក្មេងតូចៗផង រួមទាំងមានចានឆ្នាំង មុង ភួយ កន្ទេល ក្នើយ និងរបស់របរប្រើប្រាស់ផ្សេងៗផង សរុបជាង ១៥ ០០០នាក់។