ឆ្នាំរោងនិទានពីរឿងនាគទាក់ទងជាមួយសង្គមខ្មែរ
feature, សុខភាព — By admin on Tuesday, November 27th, 2012 09:55 am GMT +7 
ឆ្នាំរោង គឺជាឆ្នាំតំណាងអោយសត្វនាគ ដែលខ្មែរមានជំនឿថា ជានិមិត្តរូបនៃកំលាំងអាទិទេព វត្ថុស័ក្ដិសិទ្ធិ ឬវត្ថុទិព្វរបស់ជនជាតិខ្មែរ។
ជំនឿចំពោះសត្វនាគនេះ កើតមានតាំងពីយូរយារណាស់មកហើយ ហើយជាពិសេសមានរឿងរ៉ាវនាងនាគ ដែលទាក់ទងទៅនឹងការចាប់ផ្ដើម
ប្រវត្តិសាស្ត្រ នៃមហានគរខ្មែរថែមទៀតផង។
នៅក្នុងសម័យអាណាចក្រភ្នំ ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមដងទន្លេមេគង្គភាគខាងក្រោម និងនៅក្នុងដែនដីសណ្ដនៃទន្លេនេះ មានជំនឿទៅលើសត្វនាគ។ គេជឿថាបុព្វបុរសដូនតារបស់ខ្លួន មានអំបូរមកពីពូជនាគ រស់នៅតាំងពីយូរលង់ណាស់មកហើយ។
ជនជាតិចិនម្នាក់ ឈ្មោះ កាំង ថៃ ដែលបានមកទស្សនានគរភ្នំ នៅពាក់កណ្ដាលសតវត្សទីបី បានកត់ត្រាទុកថា ប្រហែលជាក្នុងឆ្នាំ ៥០ នៃគ្រិស្តសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា មកកាន់អាណាចក្រភ្នំ។ មកដល់នគរភ្នំ ព្រះបាទ ហ៊ុន ទៀន ពើបប្រយុទ្ធជាមួយនឹងព្រះរាជិនីនៃរដ្ឋនេះ គឺព្រះនាង លីវ យី ដែលបាននាំកម្លាំងទ័ពទៅវាយលុកលើសំពៅព្រះអង្គ។
ដោយឫទ្ធានុភាពធ្នូទិព្វ ព្រះអង្គក៏ទទួលជ័យជំនះលើព្រះនាង លីវ យី ដែលជាម្ចាស់ស្រុក ដោយព្រះអង្គបានបាញ់សំពៅព្រះនាង អោយធ្លាយពីម្ខាងទៅម្ខាង។
នៅពលេនោះ ដោយឃើញព្រះបាទ ហ៊ុន ទៀន មានឫទ្ធិខ្លាំងពូកែដូច្នោះ ព្រះនាង លីវ យី ក៏ព្រមចាញ់ព្រះអង្គ ហើយព្រះអង្គក៏បានរៀបអភិសេកព្រះនាង ជាព្រះរាជអគ្គមហេសី តាំងពីពេលនោះមក។
ព្រះរាជពង្សាវតារ នៃព្រះរាជាណាចក្រកម្ពុជាវិញ ក៏ទទួលស្គាល់ថា មានការចងសម្ព័ន្ធមេត្រីរវាងព្រាហ្មណ៍ឥណ្ឌា និងម្ចាស់ស្រុក ដែលជាបុត្រីស្ដេចភុជង្គនាគដែរ។ ប៉ុន្តែ ព្រះរាជពង្សាវតារ នៃព្រះរាជាណាចក្រកម្ពុជា បានហៅ ព្រះនាមស្ដេច ទាំងពីរនោះថា ព្រះថោង និងនាងនាគ ដែលបានបន្សល់ទុកនូវកេរ្ត៍ដំណែល ទំនៀមទំលាប់ប្រពៃណីជាច្រើន អោយជីវភាពសង្គមខ្មែររហូតមកដល់សព្វថ្ងៃនេះថែមទៀតផង។
រួមសេចក្ដីមក គឺព្រះបាទ ហ៊ុន ទៀន ឬព្រះថោង និងព្រះនាង លីវ យី ឬនាងនាគនេះហើយ ដែលត្រូវគេជឿថា ជាអ្នកបានកសាងឡើងនូវសន្តតិវង្ស ឬរាជវង្សខ្មែរ ជាដំបូងគេបង្អស់នោះ។
ថ្វីត្បិតតែខ្មែរជឿថា ខ្លួនមានអំបូរមកពីសត្វនាគ ពាក់កណ្ដាលក្ដី លោកសាស្ត្រាចារ្យផ្នែកបុរាណវិទ្យា អាំង ជូលាន សង្កេតឃើញថា ក្រោយមក ខ្មែរបានឆ្នៃរំដោះខ្លួនបន្តិចម្តងៗ ចេញសត្វនាគ ហើយអោយក្លាយមកជាមនុស្សវិញ។ លោកសង្កេតឃើញថា ចលនារំដោះខ្លួនពីនាគនេះ ស្តែងចេញតាមរឿងព្រះ ថោង និងនាង នាគ នេះដដែល។ ប៉ុន្តែ គេអូសបន្លាយសាច់រឿងអោយមកដល់សម័យសាងប្រាសាទអង្គរធំ ឯខេត្តសៀមរាបឯណេះ។
បើតាមលោកសាស្ត្រាចារ្យ អាំង ជូលាន រឿងនេះមានសេចក្ដីថា ស្ដេចនាគ ដែលជាបិតារបស់នាងនាគ ខ្លាចមុខព្រហ្ម ហើយហាមព្រះ ថោង មិនអោយសង់ប្រាសាទ ដែលមានមុខព្រហ្មទេ តែព្រះ ថោង រឹងទទឹង។ លោក អាំង ជូលាន៖ «ព្រះ ថោង ហ្នឹងបានចុះទៅឋាននាគ ដើម្បីទៅសុំដណ្ដឹងនាង នាគនោះណា៎… រួចទៅបានឪពុកក្មេក ដែលជាស្ដេចនាគហ្នឹង ក៏លោកក៏សុខចិត្តអោយអញ្ចឹងទៅ… ហើយមកជួយសង់អង្គរនេះ។ គឺថា អង្គរធំនេះ ដែលមានប្រាសាទបាយ័ននៅកណ្ដាលនេះ។ រួចទៅ…ផ្ដាំថា កូនឯងបើសង់អីសង់ទៅ កុំអោយតែមានមុខព្រហ្មអី។ ឪខ្លាចព្រហ្មណាស់។ ព្រហ្មមុខបួននោះ។ ដល់ព្រះ ថោង ដូចថា… ធ្វើរបៀបជំទាស់ប្រទូសរ៉ាយនឹងឪពុក ក្មេកហ្នឹង ក៏សង់ប្រាសាទបាយ័ន សង់ក្លោងទ្វាអង្គរធំអី សុទ្ធតែ ឬមុខព្រហ្មហ្នឹងទៅ។ ដល់តែឪពុកហ្នឹងឡើងពីទឹកមកលេងនឹងកូន… យើងដឹងហើយប្រាសាទបាយ័ន មិនមានកន្លែងមួយ គេហៅថា អណ្ដូងប្រេងអញ្ចឹងណា៎។ គេជឿថា អណ្ដូងហ្នឹង ចុះទៅបាតសមុទ្រ។ ដល់ពេលឪពុកហ្នឹង ងើបឡើងមកលេងនឹងកូនទៅ ឃើញព្រហ្មទៅខឹងក៏ច្បាំងគ្នាអីអញ្ចឹងទៅ។ ទីបំផុត ព្រះ ថោង ហ្នឹងសម្លាប់ឪពុកហ្នឹងទៅ។ ឪពុកក្មេកនោះ»។
លោកសាស្ត្រាចារ្យបន្តថា គឺការសំលាប់ស្ដេចនាគ ដែលជាឪពុកក្មេករបស់ព្រះ ថោង នេះហើយ ដែលជាការផ្ដាច់ចំណងទាក់ទងពីសត្វនាគ រស់នៅក្នុងទឹក មកជាមនុស្សនៅលើគោកវិញ។
លោក អាំង ជូលាន៖ «ដល់អញ្ចឹងទៅ នាង នាគ ហ្នឹង លែងបានត្រលប់ទៅស្រុកវិញហើយ។ នាងនាគហ្នឹងក្លាយមកនៅឋានមនុស្សវិញ។ មានន័យថាម៉េច? មានន័យថា ក្នុងការវិភាគរឿងអញ្ចឹងៗ មានន័យថា យើងពីដើម… ខ្មែរយើងពីដើមនេះ ជាសត្វនាគ សត្វពស់អី ពាក់កណ្ដាលណា៎ម្ដាយណា៎។ ប៉ុន្តែ ទីបំផុតទៅ យើងទាត់ចោល លែងទទួលស្គាល់អាដេញ ហ្នែ…ម៉ាភាគនៃកំណើតយើង ដែលជានាគហ្នឹងទៅ។ ដូចជានាង នាគ ក្នុងរឿង ព្រះ ថោង នាង នាគ។ ក្រោយមកមានចុះទៅលេងឋានរបស់ខ្លួនឪពុកអី ស្លាប់អស់ហើយ… ក្លាយទៅជាមួយមនុស្សរហូតទៅកើតកូន កើតចៅអីមកជាខ្មែរ…»។
ទោះជាយ៉ាងណាក៏ដោយ ក៏ខ្មែរនៅតែមានជំនឿថា នាគ គឺជាម្ចាស់ទឹកម្ចាស់ដី។ មុននឹងចាប់ផ្ដើមសាងសង់អ្វីមួយ ប្រជាពលរដ្ឋខ្មែរ និយមធ្វើពិធីសែនព្រេនសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី គឺពិធីសែនក្រុងពាលី ដែលជាស្ដេចនាគនោះឯង។
សត្វនាគ នេះក៏ត្រូវគេនិយមថា ជានិមិត្តរូបនៃកម្លាំងអាទិទេព ឬក៏ជាសត្វ ដែលតំណាងអោយសភាវៈល្អ ទាំងក្នុងហិណ្ឌូសាសនា និងក្នុងព្រះពុទ្ធសាសនា។ នៅក្នុងរឿងកូរសមុទ្រទឹកដោះ នៃលិទ្ធពហុទេវសាសនាហិណ្ឌូ នាគ មួយឈ្មោះ វ៉ា សុគី បានស្ម័គ្រចិត្តប្រគល់ខ្លួនអោយពួកសុរា និងពួកអសុរៈ ធ្វើជាខ្សែព្រ័ត្រក្នុងបេសកកម្មកូរសមុទ្រទឹកដោះស្វែងរកទឹក អម្រឹត ដើម្បីព្យាបាលដល់ទេវតា និងមនុស្សលោកនៅគ្រប់ទីស្ថាន។
ចំណែកនៅក្នុងព្រះពុទ្ធសាសនាវិញ គេសង្កេតឃើញស្ដេចនាគឈ្មោះ មុជ្ជលិន្ទ ដែលមានក្បាល ៧ ចេញទៅធ្វើក្បាំងការពារប្រក់ពីលើព្រះពុទ្ធ ដែលកំពុងគង់ធ្វើសមាធិផងដែរ។
ម្យ៉ាងទៀតបុព្វបុរសខ្មែរ បានឆ្លាក់រូប នាគ តាមក្បូរក្បាច់រចនាផ្សេងៗ ជាច្រើន នៅតាមប្រាសាទខ្មែរបុរាណ ជាពិសេស ជាបង្កាន់ដៃស្ពាន ឬផ្លូវចូលប្រាសាទ។ លោកសាស្ត្រាចារ្យ អាំង ជូលាន មានប្រសាសន៍ថា ការយក នាគ សង់ជាបង្កាន់ដៃស្ពាន ឬផ្លូវចូលប្រាសាទដូចនេះ ក៏ព្រោះតែសត្វនាគ តំណាងអោយទឹក ឬក៏ឥន្ទធនូផង និងជាស្ពានចំលងមនុស្សរំលងពីឋានមួយទៅឋានមួយទៀតផង។
លោក អាំង ជូលាន៖ «នាគ គឺដូចឥន្ទធនូអញ្ចឹង គឺជាមធ្យោបាយសំរាប់ចំលងឋានយើង ទៅឋានទេពនោះ។ ព្រោះថា ប្រាសាទ…ឧបមាថា អង្គរវត្ត… ប្រាសាទជាលំនៅណា៎ ជាឋាននៃទេពហៅថា លោកធាតុនេះ ណា៎។ យើងទៅពីឋានយើងនេះ ទៅដល់ឋានទេពហ្នឹង វាមាន នាគ ដើម្បីថាចំលងមនុស្សដើម្បីដល់ទេពអីអញ្ចឹងទៅ…»។
បរិវេណជុំវិញប្រាសាទ និងតួប្រាសាទអង្គរវត្ត តំណាងអោយឋានរបស់អាទិទេពគង់នៅ។ ដើម្បីចូលទៅដល់តួប្រាសាទអង្គរវត្ត ដែលតំណាងអោយភ្នំព្រះសុមេរុ គេត្រូវដើរឆ្លងទឹកសមុទ្រ ដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុនោះ។ ដូច្នេះ សំណង់ផ្លូវចូលប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរ បានសាងជារូប នាគ ក្បាល ៧ នោះ គឺតំណាងអោយទឹកសមុទ្រផង និងតំណាងអោយវត្ថុស័ក្ដិសិទ្ធិ ឬក៏ជាស្ពានចំលងមនុស្ស អោយទៅជួបនឹងព្រះអាទិទេពផង។
ចំពោះអ្នកកើតឆ្នាំ រោង ដែលជាឆ្នាំសត្វ នាគ បើតាមការទស្សន៍ទាយរបស់ក្រុមស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ នៃក្រសួងធម្មការ និងសាសនាថា រមែងជាមនុស្សមាននិស្ស័យ និងជោគសំណាងល្អ នឹងមានសេចក្ដីសុខកាយសប្បាយចិត្ត ចៅហ្វាយនាយចិញ្ចឹមបីបាច់ថែរក្សា នឹងបានទៅជាអ្នកមានបុណ្យស័ក្ដិ រហូតមានកិត្តិយសកិត្តិនាមល្បីល្បាញ។
ជាមនុស្សមានចិត្តបុណ្យសុន្ទរទានចូលចិត្តជួយអ្នកដទៃ។ អាចតាំងខ្លួនអោយធំដុំបានដោយខ្លួនឯង។ យូរៗ ទើបមានលាភធំម្ដង។ ជាមនុស្សមានព្រះកេតុថែរក្សាអរិសត្រូវ មិនអាចប៉ុនប៉ងពាធាបានឡើយ។
ជាមនុស្សមានវាចារមោះមុត សតិបញ្ញាឈ្លាសវៃ ចិត្តស្រាលឆាប់ខឹង តែឆាប់បាត់វិញ។ អ្នកកើតឆ្នាំ រោង ជាមនុស្សពេញចិត្ត នឹងរស់កាមារម្មណ៍ មិនចេះនឿយណាយ។
មនុស្សឆ្នាំ រោង ច្រើនតែទទួលជោគលាភ ពីមនុស្សភេទផ្ទុយ បើធ្វើការជាមួយមនុស្សភេទផ្ទុយហើយ តែងតែបានទទួលផលល្អជាវិសេស៕




Tweet This
Share on Facebook
Digg This
Bookmark
Stumble
RSS Feed