៣នាក់ត្រូវបានឃាត់ខ្លួន នៅកំពង់ធំក្នុងកណី លក់ក្បាលអ្នកតា និងវត្ថុបុរាណ

ពេលថ្មីៗនេះកម្លាំងនគរបាលជំនាញ ធ្វើការឃាត់ខ្លួនមនុស្សបីនាក់ ក្នុងបទល្មើសជាក់ស្តែង លក់ក្បាលអ្នកតា និងវត្ថុបុរាណ ចំនួន៧អង្គ នៅក្នុងភូមិរការជួរ ព្រំប្រទល់ឃុំគោល និងឃុំក្លែង ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ។ នេះបើយោងតាមគេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

យោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងទៀតថា ជនសង្ស័យទំាងបីនាក់ ត្រូវបានឃាត់ខ្លួននៅម៉ោង១១៖៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិរការជួរ ក្រោមការដឹកនាំរបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ដែលបានបញ្ជាឲ្យកម្លាំងឌឺបេជើងគោគ ខេត្តកំពង់ធំ និងកម្លាំងនគរបាលស្រុកសណ្តាន់ ស្ទាក់ចាប់ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ឋនឹងលក់ក្បាលអ្នកតា និងវត្ថុបុរាណ។

បើតាមមន្រ្តីជំនាញ បានបញ្ជាក់ថា ជនសង្ស័យទំាងបីនាក់នេះ គឺជាមុខសញ្ញា ដើរឆបោកលក់ក្បាលអ្នកតាមកយូរហើយ ទើបលោកព្រះរាជអាជ្ញា ធ្វើជាអន្ទាក់យកលុយកូបពីចំនួន ១ម៉ឺនដុល្លារ ជាធ្នាក់សម្រាប់ការណាត់ទិញ ពីជនខិលខូចទាំងនេះ ហើយទីបំផុត ក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យ រួមនិងវត្ថុតាងមានរូបបដិមាករ ចំនួន៧អង្គ យកមករក្សាទុក ចំណែកមនុស្សទាំង៣នាក់ ត្រូវបានបញ្ជូនមកកាន់ស្នងការ ដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបញ្ជូនតុលាការ។

ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា បានឲ្យដឹងថា មុខសញ្ញាជនសង្ស័យនេះ ត្រូវបានតាមដានមកយូរហើយ គឺជាមុខសញ្ញាសំខាន់ ដែលតែងតែធ្វើសកម្មភាពលក់ក្បាលអ្នកតា ទើបតែពេលនេះ ទើបសមត្ថកិច្ចអាចឃាត់ខ្លួនបាន។
លោកបញ្ជាក់ទៀតថា រូបបដិមាករទាំង៧អង្គនេះ បើតាមអ្នកជំនាញបានសន្និដ្ឋានថា គឺជារបស់សុទ្ធ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនោះ ទី១.ឈ្មោះ ហៀត, ទី២,ឈ្មោះ ញៀន ញ៉ិល និងទី៣ ពុំស្គាល់អត្តសញ្ញាណ៕

that-0381
010

ប្រភពពី: ដើមអម្ពិល