អាជ្ញាធរខណ្ឌ ច្បារអំពៅបន្ត ប្រតិបត្តិការ ចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ ចូលរួមរក្សា សន្តិសុខក្នុងមូលដ្ឋាន

ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ណុប ផា អភិបាលរង ខណ្ឌ និងមានការចូលរួមពី សំណាក់លោក ញាណ ចាន់សោភា នាយករងរដ្ឋបាល និងកងកម្លាំងអាវុធហត្ថ ប្រជាការពារខណ្ឌ និងមន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ ផ្សេងទៀត នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានបន្តប្រតិបត្តិការ ចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ ព្រមទាំងត្រួតពិនិត្យអ្នកបើក ម៉ូតូអត់កញ្ចក់ អត់មួកសុវត្ថិភាព ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ១ មុខក្លោងទ្វារវត្តវាលស្បូវ ដើម្បីចូលរួម រក្សាសន្តិសុខ និងសវុត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

អភិបាលរងខណ្ឌច្បារអំពៅ លោក ណុប ផា បានថ្លែងឲ្យដឹងថា ដោយមានការណែនាំពី អភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងការណែនាំពីលោក អ៊ាង សុីផាន អភិបាលខណ្ឌ បានអោយលោកដឹកនាំកម្លាំងសមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ និងមន្រ្តីអាជ្ញាធរ មូលដ្ឋាន ប្រជាការពារ ចុះត្រួតពិនិត្យ តាមដងផ្លូវ ដើម្បីឆែកអាវុធជាតិផ្ទុះ ក្នុងគោលបំណងរក្សាសន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនក្នុងមូលដ្ឋាន ។ លោកអភិបាលរងបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងបានដាក់ចំណុចឆែកឆេរនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចមុខវត្តវាលស្បូវ ដោយមានកម្លាំងសរុប ប្រមាណជាង១០០នាក់ ។

អភិបាលរង ខណ្ឌច្បារអំពៅ បានបន្តទៀត ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក៏ដើម្បីចូលរួម ទប់ស្កាត់បទល្មើស ខណៈសកម្មភាពឆក់ ប្លន់ បានកើតឡើង ក្នុងរយ:ពេល កន្លងទៅនេះ ។ លោកអភិបាលរងខណ្ឌ ណុប ផា បញ្ជាក់ថា អាជ្ញាធរខណ្ឌ និងកម្លាំងសមត្ថកិច្ច តាមបណ្តាសង្កាត់ តែងតែចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅតាមដងផ្លូវ ក្នុងគោលបំណង ជួយទប់ស្កាត់ ការធ្វើសកម្មភាព ផ្សេងៗ របស់ក្រុមជនល្មើស នៅក្នុង រាជធានីភ្នំពេញ ក៏ដូចជាការពង្រឹង ច្បាប់ចរាចរណ៍ ផ្លូវគោក និងដើម្បី កាត់បន្ថយ អត្រាគ្រោះថ្នាក់ ចរាចរណ៍ តាមដងផ្លូវផងដែរ ។

លោក ណុប ផា បានបញ្ជាក់ថា ក្នុងប្រតិបត្តិការជាង២ម៉ោងនេះ អាជ្ញាធរធ្វើការត្រួតលើមធ្យោបាយអ្នកដំណើរគ្រប់ប្រភេទ ក្នុងនោះម៉ូតូចំនួន ២២៥គ្រឿង អ្នកអត៉ពាក់មួកសុវត្ថិភាព ចំនួន ២៣បាក់ រថយន្តចំនួន ៥៦គ្រឿង និងម៉ូតូកែច្នៃខុសបច្ចេកទស ចំនួន ២គ្រឿង ។ ដោយឡែកអាវុធឆ្លងកាត់ គ្មាន ។

ជាមួយគ្នានេះ ការចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងត្រួតពិនិត្យ ខាងលើនេះ ក៏ដើម្បី ពិនិត្យមើល ការបើកបរ របស់ប្រជាពលរដ្ឋ ឲ្យគោរពច្បាប់ ចរាចរណ៍ និងធ្វើការអប់រំ ដល់អ្នកដំណើរឆ្លងកាត់ ដែលមិន ទាន់មាន គ្រប់លក្ខណៈ សម្បត្តិគ្រប់គ្រាន់ សម្រាប់ ទោចក្រយាន្ត របស់ពួកគេ ៕

014
012
010
011

ប្រពភពី : ដើមអម្ពិល