ISIS៖ ការទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល ជាការទទួលស្គាល់​ការវាយប្រហារបំផ្ទុះ​គ្រាប់បែកនៅក្នងអាមេរិក

វ៉ាស៊ីនតោន៖ ការទទួលស្គាល់​ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជាបញ្ហាបង្កឲ្យមានកំហឹងយ៉ាង​ខ្លាំង ក្នុងចំណោមប្រទេស​ដែលកាន់សាសនា​អ៊ីស្លាម ខណៈក្រុមអ្នកជំនាញយល់ថាក្រុម ISIS នឹងប្រើឱកាសនេះ​ដើម្បីពង្រីកមនោគមវិជ្ជា​របស់ខ្លួនឡើងវិញ តាម​រយៈ​ការអំពាវនាវ​ឱ្យអ្នកកាន់សាសនាអ៊ីស្លាម​ទំាងអស់ចូលរួមជាមួយខ្លួនប្រយុទ្ធប្រឆាំង​ជាមួយ​សហ​រដ្ឋអា​មេ​រិក និង​អ៊ីស្រាអែល។ នេះបើ​តាមការ ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ​២០១៧នេះ។

បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់មួយរយៈ ពេលនេះក្រុមពួក ISIS បានចេញមុខព្រមានថា ពួកគេនឹងធ្វើ​ការឆ្លើយតបទៅលើការសម្រេចចិត្ត របស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ទីក្រុង ហ្សេ​រុយ​សា​ឡឹម​ ជារដ្ឋធានីរបស់​អ៊ីស្រាអែល ជាមួយការបង្កើន​ការវាយប្រហារ​នៅលើទឹកដី​អាមេរិក ដោយនិយាយថា យើងនឹងធ្វើបង្កើនសកម្មភាព​វាយប្រហារកាន់តែច្រើន រហូតដល់ទីបញ្ចប់ ហើយយើងដុតកម្ទេចអ្នកជាមួយភ្លើងសង្រ្គាមដូចដែលអ្នកបានធ្វើនៅ អ៊ីរ៉ាក់ យ៉េមែន លីប៊ី ស៊ីរី និងអាហ្វហ្គានីស្ថាន… អ្នករង់ចាំមើលចុះ។ ការទទួលស្គាល់​ទីក្រុងហ្សេ​រុយ​សា​ឡឹម របស់ (អាឆ្កែ) ដូណាល់ ត្រាំ ជារដ្ឋធានី​អ៊ីស្រាអែល មានន័យថា សហរដ្ឋអាមេរិក​នឹងទទួលស្គាល់​ការវាយប្រហារបំផ្ទុះ​គ្រាប់បែក ជារដ្ឋធានី​នៃប្រទេស​របស់ខ្លួន៕