អាមេរិកមិនជឿថា៖ មីស៊ីលផ្លោងអន្តរទ្វីប(ICBM) កូរ៉េ​ខាង​ជើង បាញ់​ដល់​ទឹក​ដី​អាមេ​រិក​នោះ​ទេ

វ៉ាស៊ីនតោន៖ លោក James Mattis រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងថា គ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលទើប​ត្រូវបានអភិវឌ្ឍន៍ថ្មី​ដោយប្រទេសកូរ៉េខាងជើង គឺលោកគ្មានថ្ងៃ​ជឿ​ជាក់ឡើយថាអាចមានលទ្ធភាពបាញ់មកដល់ទឹកដីសហ​រដ្ឋ​អាមេ​រិកឡើយ។ នេះបើតាមការ​ផ្សាយរបស់ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ។

នៅក្នុងបទសង្ខេប​ព័ត៌មានមួយ លោក James Mattis បានថ្លែងថា វាគ្មានការ​បង្ហាញណាមួយ​នៅឡើយទេ​ថា គ្រាប់មីស៊ីលនោះមានលទ្ធភាពអាចគម្រាមកំហែងដល់យើង​នាពេល​ឥឡូវ​នេះ។ សហរដ្ឋអាមេរិក នៅត្រូវការពេលវេលាបន្ថែមទៀត ដើម្បីតាមដានលើរឿងនេះ ការថ្លៃងនេះដែរធ្វើឡើងនៅឯ​មន្ទីរបញ្ចកោណ នៃក្រសួង​ការពារ​ជាតិអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ស្របពេលដែលរដ្ឋមន្ត្រី​ការបរទេស លោក រ៉ិច ធីល្លឺសុន នៅក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហប្រជាជាតិ (UNSC) ស្តីពីការវិវឌ្ឍស្ថានការណ៍ នៅឧបទ្វីបកូរ៉េ​បានលើកឡើងថា សហរដ្ឋអាមេរិក នឹងបន្ត​យុទ្ធនាការដាក់សម្ពាធរបស់ខ្លួន ដែលផ្តោតសំខាន់​ទៅលើ​ទណ្ឌកម្ម​​សេដ្ឋកិច្ច ដើម្បីជម្រុញ​ឲ្យអាវុធ​នុយក្លេអ៊ែរ ត្រូវបានលុបបំបាត់​ទាំងស្រុង​ពី​ឧបទ្វីបកូរ៉េ៕