ជប៉ុនគាំទ្រ​អ៊ីរ៉ង់ ទោះអាមេរិកមិន​ទុក​ចិត្ត​អ៊ឺរ៉ង លើ​កិច្ច​​ព្រម​ព្រៀង​​នុយ​ក្លេ​អ៊ែរ(JCPOA) ក៏ដោយ

វ៉ាស៊ីនតោន៖ ក្រោយពី លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក មិនទទួលស្គាល់​ថា ​អ៊ីរ៉ង់បានគោរព​ប្រតិ​បត្តិ​តាមកិច្ច​ព្រមព្រៀង​របស់ខ្លួន​ ចំពោះកិច្ច​ព្រមព្រៀង​​នុយ​ក្លេអ៊ែរ​(JCPOA) ក៏មានប្រមុខ​ការទូតជប៉ុនចេញមុខអះអាងថា ទី​ក្រុង​តូក្យូ​គាំទ្រយ៉ាង​​ពេញទំហឹងចំពោះ​​​កិច្ច​ព្រមព្រៀងនេះ ដោយគ្មាន​ការបំពានណា​មួយពីទីក្រុងតេហេរ៉ង់ ទៅលើកិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ(JCPOA) នេះផងដែរ។ នេះបើតាម​ការផ្សាយនៃសារព័ត៌មាន​​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃ​សៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក Taro Kono រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន បានថ្លែងក្នុងសន្និសីទ​មួយ នៅឯទីស្នាក់ការ​អង្គការ​សហប្រជា​ជាតិ  បាន​​និយាយថា ប្រទេស​ជប៉ុន​ពិតជាគាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហៅកាត់ថា JCPOA ហើយមកដល់ពេលនេះ ទីក្រុង​តូក្យូ​អាចបញ្ជាក់​បានថា ពុំមានការំលោភបំពាន​ណាមួយ ត្រូវបានធ្វើឡើង​ដោយភាគីអ៊ីរ៉ង់​នោះឡើយ។

គួររំលឹកដែរថា កិច្ចព្រម​ព្រៀងនុយក្លេអ៊ែរ(JCPOA) នេះ បានធ្វើឡើងកាលពី​ខែកក្កដា ឆ្នាំ២០១៥ ដោយ​មាន​ការ​ចុះហត្ថលេខា​ រវាងភាគីអ៊ីរ៉ង់ និងភាគីម្ខាង​ទៀតរួមមានៈ ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ និងបង្គាប់ឲ្យមានការ​ដកទណ្ឌកម្ម​បន្តិចម្តងៗ លើផ្នែកសេដ្ឋកិច្ច និងការទូត ដែលត្រូវបាន​ដាក់​ទៅ​លើ​ប្រទេសអ៊ីរ៉ង់​​ ដោយលោក​ខាងលិច​ ជាថ្នូរនឹង​ការធានាបាននូវកម្មវិធីនុយក្លេអ៊ែរ​អ៊ីរ៉ង់ នឹងនៅតែបន្តស្ងប់ស្ងាត់​ដោយសន្តិភាព​ជានិច្ច ដែលកិច្ចព្រម​ព្រៀងបានចូល​ជាធរមាន​កាលពី​ខែមករា ឆ្នាំ២០១៦៕