មីស៊ីលផ្លោងអន្តរទ្វីប(ICBM) របស់កូរ៉េខាងជើង ធ្វើឲ្យជប៉ុនទិញប្រព័ន្ធ​ខែល​ការពារមីស៊ីលពីអាមេរិកបន្ថែម

តូក្យូ៖ ដោយមានការគំរាមគំហែងពីមីស៊ីលផ្លោងអន្តរទ្វីប​(ICBM) របស់កូរ៉េខាងជើង ជប៉ុនបានពង្រីក​បន្ថែមនូវប្រព័ន្ធ​​ខែល​​ការ​ពារ​មីស៊ីល​របស់​ខ្លួន តាមរយៈការ​បំពាក់​ស្ថានីយ​រ៉ាដា​ និង​ប្រព័ន្ធស្ទាក់ចាប់​មីស៊ីលរបស់​អាមេរិក Aegis ដែល​ប្រើប្រាស់​នៅលើដីគោក។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅ​ព្រឹក​​ថ្ងៃ​អង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះ ក្រសួងការពារជាតិជប៉ុន បានចេញ​សេចក្តីថ្លែងការណ៍​មួយថា ការ​គម្រាម​កំហែង ដែលបង្កឡើង​ដោយការអភិវឌ្ឍ​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង​របស់កូរ៉េខាងជើង​ចំពោះ​ប្រទេសយើង បាន​ឈាន​​ដល់​ដំណាក់​កាលថ្មីមួយ​ទៀតហើយ ដែលយើងមិនអាចមើល​រំលងបានឡើយ។

ការ​សាងសង់ស្ថានីយខែល​ការពារមីស៊ីល Aegis Ashore នេះ ត្រូវធ្វើឡើងចំនួន ២កន្លែង ដែលអនុម័តដោយ​គណៈរដ្ឋមន្រ្តី​របស់​នាយករដ្ឋមន្រ្តី​ លោក ស៊ីនហ្សូ អាបេ គ្រាន់តែមូលដ្ឋាន​ខាងលើ​ដោយមិនគិត​ពី​​ថ្លៃគ្រាប់មីស៊ីល​ផងនោះ ទំនងជានឹងត្រូវចំណាយ​យ៉ាងតិច ២ពាន់លានដុល្លារឯនោះ។

ការសម្រេចចិត្ត​ទិញយកប្រព័ន្ធ​ការពារមីស៊ីល​ Aegis ប្រភេទបាញ់​ចេញពីលើ​ផ្ទៃដីនេះ ត្រូវបានគេរំពឹង​ជាយូរមក​ហើយថា នឹងកើត​មានឡើង​ជាក់ជាពុំខាន ខណៈប្រព័ន្ធ​ដែលអភិវឌ្ឍន៍​ដោយសហរដ្ឋអាមេរិក​មួយនេះ ត្រូវបានបំពាក់រួចជាស្រេចទៅ​ហើយនៅលើ​នាវាចម្បាំង​ជប៉ុន៕