អារ៉ាប៊ីសាអូឌីត៖ មីស៊ីលដែលប្រទេសយេម៉ែនបាញ់​មក​លើ​រាជ​ធានីរីយ៉ាដ ជាមីស៊ីលផលិតនៅអ៊ីរ៉ង់

រីយ៉ាដ៖ អារ៉ាប៊ីសាអូឌីត បានចោទប្រកាន់ទៅលើអ៊ីរ៉ង់ ចំពោះការជួញដូរគ្រាប់មីស៊ីល ទៅឲ្យប្រទេសយេម៉ែន ហ់ើយ​គ្រាប់មីស៊ីលនេះ ត្រូវបានអារ៉ាប៊ីសាអូឌីតស្ទាក់ចាប់ នៅចម្ងាយ ២៥​គីឡូ​ម៉ែត្រ ពីរាជធានីរីយ៉ាដ ដែលជាមីស៊ីលផលិតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Al Ekhbariyal ចុះផ្សាយនៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

​លោក Brigadier Turki Al Maliki បាននិយាយថា គ្រាប់មីស៊ីល ដែលបានបាញ់សំដៅគោលដៅ លើតំបន់ប្រជា​ពលរដ្ឋរស់នៅ នាភាគខាងត្បូង រាជធានីរីយ៉ាដ ហើយវាត្រូវបានបាញ់ស្ទាក់កម្ទេចចោល មុនពេលវាផ្ទុះនឹង​បង្កឲ្យមានអ្នករងរបួស ឬមានការខូចខាតកើតឡើង ដោយការជួញដូរគ្រាប់មីស៊ីលនេះ ទៅឲ្យប្រទេសយេម៉ែន គឺជាការបំពានយ៉ាងខ្លាំងលើសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។​

គូររំលឹកដែរថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ប្រព័ន្ធការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត បាន​បាញ់​ទម្លាក់ គ្រាប់​មីស៊ីល​មួយគ្រាប់ ដែលបានបាញ់ដោយក្រុមឧទ្ទាម Houthis នៅយេម៉ែន បានបាញ់រំលងអាកាស​យាន្ត​ដ្ឋាន King Khaled International Airport ស្ថិតនៅភាគខាងជើង រាជធានីរីយ៉ាដ។ ក្រុមឧទ្ទាម Houthi បានបាញ់មីស៊ីល លើគោលដៅជាច្រើន នៃទីក្រុងរបស់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីចាប់ផ្តើមសង្គ្រាម ​ដឹកនាំ​ក្រុម​ចម្រុះ​​ដោយ​អារ៉ាប៊ីសាអូឌីត ប្រឆាំងនឹង ក្រុមឧទ្ទាម Houthis ក្នុងប្រទេសយេម៉ែន ក្នុងឆ្នាំ២០១៥៕