អាជ្ញាធររុស្ស៊ី​ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ទ្ធការធ្វើចារកម្ម រឿងក្បត់ជាតិ និងលួច​ស៊ើបការណ៍​សម្ងាត់យោធា

ម៉ូស្គូ៖ អាជ្ញាធររុស្ស៊ី​បានឃុំខ្លួនបុរសជនជាតិ​ណ័រវ៉េ​ម្នាក់ឈ្មោះ Frode Berg ពីបទសង្ស័យថាមានជាប់ពាក់ព័ទ្ធ​នឹង​​ការធ្វើចារកម្ម ខណៈតុលាការ​ទីក្រុងម៉ូស្គូ បានសម្រេច​ចិត្តឃុំខ្លួនបុរស​រូបនេះ រហូតដល់​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើតាម​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។

ជុំវិញរឿងនេះដែរ លោក Frode Berg ជាអតីតមន្ត្រី​ព្រំដែន​ម្នាក់​ ក៏ត្រូវបានចោទ​កាន់ថា បានកាន់កាប់ឯក​សារ​​សម្ងាត់ស្ដីពីកង​នាវារុស្ស៊ី ដោយអាជ្ញាធរ​រុស្ស៊ី បានអះអាងថា លោក Berg មានទំនាក់​ទំនងជាមួយ​ជន​​ជាតិរុស្ស៊ីម្នាក់ ដែលត្រូវបានចាប់ខ្លួន​កាលពីខែមុន​ពីទោស​ក្បត់ជាតិ។ ប៉ុន្តែមកទល់នឹង​ពេលនេះ លោក Berg មិនទាន់ធ្វើអត្ថាធិប្បាយ​ជាសាធារណៈ​អ្វី​នៅឡើយ​នោះទេ ចំពោះករណីនេះ។ ឯក្រុម​គ្រួសាររបស់ លោក Berg វិញ ពួកគេបាន​ទទួលដំណឹង​ពីលោកកាលពី​ជាង ២សប្ដាហ៍មុន នៅពេលដែល​ផ្ញើរូបថត​របស់លោកថត​ទីលានក្រហម ក្នុងទីក្រុងម៉ូស្គូ។

ស្របគ្នានេះដែរ រដ្ឋមន្ត្រីការ​បរទេសណ័រវ៉េ ក៏បានឱ្យដឹង​ដែរថា ខ្លួនបានទាក់ទង​ជាមួយជនជាតិ​ណ័រវ៉េ​ម្នាក់ ដែល​ជាប់ឃុំនៅរុស្ស៊ី​ តែមិនបានបញ្ជាក់អ្វី​លម្អិតនោះទេ ស្របពេល​ទំនាក់ទំនងនៅ​តាមតំបន់ព្រំដែន​រវាង​ណ័រវ៉េ និងរុស្សី កំពុងមានភាពតាន​តឹង​ ក្រោយរុស្ស៊ីបង្កើត​ឧបសម្ព័ន្ធគ្រីមមៀ​កាលពី​ឆ្នាំ២០១៤៕