អាមេរិកចោទអឺរ៉ង់ តែអឺរ៉ង់បដិសេធភ្លាមៗ រឿងអឺរ៉ង់ផ្គត់ផ្គង់​សញ្វវុធឲ្យក្រុមឧទ្ទាមហួធី (Houthis)

តេហេរ៉ង់៖ លោក បាហ៍រ៉ាម ហ្គាស្សេមី (Bahram Ghassemi) អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រាន​ចោល​​រាល់​ការចោទប្រកាន់​ពី​សហរដ្ឋអាមេរិក និង​អា​រ៉ាប៊ី​សា​អូ​ឌីត​ដែលថា ទីក្រុងតេហរ៉ង់​ជាអ្នកផ្គត់ផ្គង់​អាវុធឲ្យក្រុមឧទ្ទាម​ហួធី (Houthis) នៅក្នុងប្រទេស​យ៉េមែន។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកស្រី នីកគី ហាឡេយ (Nikki Haley) អគ្គរដ្ឋទូត​អាមេរិកប្រចាំ​យូអិន បាននិយាយថា គ្រាប់មីស៊ីមួយគ្រាប់​​ដែល​ត្រូវបាន​គេបាញ់ ចេញពីទឹកដី​យ៉េមែន តម្រង់មកកាន់​រដ្ឋធានី​រីយ៉ាដ នៃប្រទេស​អារ៉ាប៊ីសាអូឌីតកាលពី​ថ្ងៃអង្គារ គឺផ្គត់ផ្គង់ដោយ​អ៊ីរ៉ង់។

លោក Ghassemi បានប្រាប់​សារព័ត៌មាននៅក្នុងស្រុក​ថា យើងមិនមាន​ទំនាក់ទំនង​អ្វីទាល់តែ​សោះ ផ្នែកអាវុធ​​ជា​មួយ​យ៉េមែន… យើងច្រានចោល​រាល់ការចោទ​ប្រកាន់​ទាំងឡាយ ដែលថា​យើងបានផ្ដល់​​អាវុធដល់​ក្រុមប្រដាប់​​អាវុធនានា នៅក្នុងតំបន់​មជ្ឈិមបូព៌ា ហើយយើង​សូមបដិសេធ​យ៉ាងដាច់​អហង្កា។

គួររំលឹកដែរថា កាលពី​ថ្ងៃអង្គារ ក្រុមឧទ្ទាមហួធី (Houthis) ​បានអះអាងថា ខ្លួនបានបាញ់មីស៊ីល​មួយគ្រាប់ឆ្ពោះ​​ទៅ​កាន់រាជវាំង ក្នុងទីក្រុងរីយ៉ាដ ប៉ុន្តែត្រូវបាន​កងកម្លាំង​អារ៉ាប៊ីសាអូឌីត បាញ់ទម្លាក់ទាន់ពេលវេលា ហើយក៏មិនមាន​សេចក្ដីរាយការណ៍​ពីអ្នករងរបួស ឬការបំផ្លិច​បំផ្លាញអ្វីនោះដែរ៕