ដើម្បីអបអរខួបទី៣៩ នៃជយ័ជំនះថ្ងៃ៧មករា សហព័ន្ធកីឡាជាតិ អុកចត្រង្គកម្ពុជា ក៏បានធ្វើការប្រកួតជ្រើស​​រើស​ជើងឯកផងដែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨នេះ មានការប្រឡងជ្រើសរើសជើងឯកអុកចត្រង្គ ក្រោម​កិច្ច​រៀប​ចំពី​គណៈ​​កម្មការ​​​សហព័ន្ធកីឡាជាតិអុកចត្រង្គកម្ពុជា ហើយក៏មានការចូលរួមឧបត្ថម្ភពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ ដែលធ្វើឡើងនៅក្នុងអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក គុជ គឹមឡុង ប្រធានសហពន្ធ័កីឡាជាតិ អុកចត្រង្គកម្ពុជា បាននិយាយថា អុកចត្រង្គកម្ពុជា គឺជាផ្នែកមួយនៃវប្បធម៌សិល្បៈ។ កីឡាអុកចត្រង្គនេះមានកំណើតមកជាប្រវត្តិសាស្ត្រខ្នែរ ហើយយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាកេរ្តិ៍ដំណែលនេះ។

លោកបន្តថា ជាមោទនភាពកីឡាអុកចត្រង្គនេះ ត្រូវបានជ្រើសយកទៅប្រកួតជាអន្តរជាតិ នៅក្នុងអាស៊ានហ្គេម ឆ្នាំ២០២៣​​ខាង​មុខនេះផងដែរ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត។

លោក គុជ គឹមឡុង ក៏បានបញ្ជាក់ដែរថា បេក្ខភាពដែលចូលរួមប្រកួតជ្រើសជើងឯកមានចំនួន ១៨នាក់ ដើម្បីឈានដល់ជ្រើសបានជើងឯកលេខ១ លេខ២ និងលេខ៣ មុនការប្រកួតអាស៊ានហ្គេមមកដល់៕