កប៉ាល់ពីរគ្រឿងបានបុកគ្នា បណ្តាលឲ្យមនុស្សចំនួន ៣២នាក់ ត្រូវបាត់ខ្លួន

ប៉េកាំង៖ មានមនុស្សចំនួន ៣២នាក់ បានបាត់ខ្លួន ក្នុងករណីក​ប៉ាល់​ពីរ​គ្រឿងបានបុកគ្នា នៅឯឆ្នេរសមុទ្រភាគខាងកើតប្រទេសចិន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៧​ ខែមករា ឆ្នាំ​២០១៨​នេះ​។

ក្រសួងដឹកជញ្ជូនចិន បានឲ្យដឹងថា កប៉ាល់ដឹកប្រេងមួយគ្រឿង​ឈ្មោះ SANCHI ​ចុះបញ្ជីនៅក្នុងប្រទេសប៉ា​​ណា​ម៉ា និងកប៉ាល់​ដឹក​ទំនិញហុងកុងមួយគ្រឿងទៀត បានបុកគ្នា នៅម៉ោងប្រមាណជា ៨ៈ០០នាទីយប់ ថ្ងៃសៅរ៍ ដោយបណ្ដាលឱ្យកប៉ាល់ដឹងប្រេងផ្ទុះឆេះ ហើយមនុស្សចំនួន ៣២នាក់ បានបាត់ខ្លួន ក្នុងចំណោមអ្នកបាត់ខ្លួនមានជនជាតិអ៊ីរ៉ង់ចំនួន ៣០នាក់ និងបង់ក្លាដែលចំនួន ២នាក់ ដោយសមាជិកនាវិកចំនួន ២១នាក់ នៅលើកប៉ាល់ដឹកទំនិញ ត្រូវបានជួយសង្រ្គោះ។

ក្នុងប្រតិបត្តិការនៃការសង្រ្គោះនេះ គឺបន្តនៅឡើយទេ ហើយមូលហេតុនៃគ្រោះថ្នាក់នេះក៏មិនទាន់ត្រូវបាន​គេ​បញ្ជាក់ថាមកពីអ្វីនោះដែរ៕