កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនវិនិយោគកម្ពុជា និង​ចិន​លើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប

ភ្នំពេញ៖ គម្រោងបាញ់បង្ហោះផ្កាយរណប ដំបូងគេបំផុតរបស់កម្ពុជា ត្រូវបានចុះហត្ថលេខារួចរាល់ហើយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព ក្រោមអធីបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា និងចិន។

គម្រោងនេះគឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់កម្ពុជា និងក្រុមហ៊ុនចិន ដែលមានទឹកប្រាក់វិនិយោគប្រមាណ១៥០លានដុល្លារ។

ការចុះកិច្ចព្រមព្រៀងលើគម្រោងថ្មីនេះ ធ្វើឡើងរវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយាល់គ្រុប និងលោក យីន លីម៉េង ប្រធានសាជីវកម្មឧស្សាហកម្មមហាកំពែងចិន។

លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់កម្ពុជា ក្នុងការធ្វើទំនើបកម្មវិស័យគមនាគមន៍ និងមានសារសំខាន់យ៉ាងខ្លាំង ចំពោះវិស័យនេះ។

លោករដ្ឋមន្ត្រីបន្ថែមថា បន្ទាប់ពីចុះហត្ថលេខានេះ ក្រុមការងារមួយក្រុម ដែលបង្កើតឡើងរួចរាល់ហើយ នឹងធ្វើការសិក្សាវាយតម្លៃ អំពីកិច្ចដំណើការ នៃការបាញ់បង្ហោះផ្កាយរណប ទៅអវកាស។

លោកថា ក្រុមការងារនេះ នឹងត្រូវប្រើប្រាស់ពេលវេលា២ឆ្នាំកន្លះ ដើម្បីកំណត់ទីតាំង និងរៀបចំឧបករណ៍ ឈានដល់ការបាញ់បង្ហោះផ្កាយរណបទៅលើអាកាស ហើយផ្កាយរណបនោះមានអាយុកាលប្រើប្រាស់រយៈពេល១៥ឆ្នាំ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការថ្មី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីខែធ្នូ ឆ្នាំ២០១៦ បានជំរុញឲ្យអ្នកឧកញ៉ា គិត ម៉េង សហការចាប់ដៃគូជាមួយក្រុមហ៊ុនផ្សេងទៀត ក្នុងការបាញ់បង្ហោះ​ផ្កាយរណបផ្ទាល់ខ្លួន ដើម្បីបម្រើដល់វិស័យទូរគមនាគមន៍ និងវិស័យពាក់ព័ន្ធដទៃទៀតនៅកម្ពុជា៕