រឿងខ្លីក្រៅឆាក នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង

ភ្នំពេញ៖ រយៈពេលពីរថ្ងៃក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង នៅកម្ពុជា ត្រូវបានអ្នកតាមដាននយោបាយ និងសេដ្ឋកិច្ចរង់ចាំមើលថា មានអ្វីខ្លះប្លែក ជាពិសេសជំនួយពីចិន និងផលប្រយោជន៍ដទៃទៀត ដែលកម្ពុជាសមទទួលបាន។

ខាងក្រោមនេះជារឿងរ៉ាវខ្លីក្រៅឆាកខ្លះៗដែលពលរដ្ឋខ្មែរគួរដឹង៖

១- ចិនទម្លាក់លុយចូលស្រុកខ្មែរ
បន្ទាប់ពីចិនសម្រេចបោះទុនធ្វើអាកាសយានដ្ឋានថ្មីនៅភ្នំពេញ មានអ្នកជំនួញជាច្រើនឆ្លេឆ្លាចង់ដឹងថាធ្វើនៅទីណា? នេះជាសំណួររបស់អ្នកចាប់អារម្មណ៍រកស៊ីផ្នែកអចលនទ្រព្យ។ វត្តមាន២ថ្ងៃរបស់នាយករដ្ឋមន្រ្តីចិន លី ខឺឈាង បាននាំទឹកប្រាក់មកកម្ពុជាមិនតិចជាង២ពាន់លានដុល្លារទេ បើសិនជាចិនថាហើយ ធ្វើមែន។

២- មេដឹកនាំកម្ពុជា-ចិន សាសងសម្តីបែបអក្សរសាស្ត្រ នៅឯកិច្ចប្រជុំកំពូល
ដោយផ្តើមថា កិច្ចប្រជុំកំពូលលើកទី១ នៅឆ្នាំ២០១៦ នាទីក្រុង «សានយ៉ា» របស់ប្រទេសចិន ប្រែជាភាសាខ្មែរថា «សន្យា» ចិនឮបែបនោះក៏តបភ្លាមវិញថា ទីក្រុង «ភ្នំពេញ» របស់កម្ពុជា ប្រែជាភាសាចិនថា «ទីក្រុងមាស» រួចក៏បន្តសេចក្តីថា «ផ្តើមដោយសន្យា កើតចេញជាមាស» នៅ២ឆ្នាំក្រោយ។

៣- អំពីមេដឹនាំ
– លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា នាយករដ្ឋមន្រ្តីថៃ ហាក់ដូចជាបង្ហាញថា ជាបុរសលេងខ្លួនជាងគេ ដោយគាត់ស្លៀកខោជើងកំប៉ុង ពាក់ចិញ្ចៀនដល់ទៅ២ នេះមិនទាន់រាប់ទៅដល់ខាងក្នុងអាវ ដែលគាត់ពាក់ខ្សែកជាមួយបន្តោងសុទ្ធតែព្រះផង។
– លោក ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ហាក់ដូចជាសប្បាយចិត្តនិងលេងសើចច្រើនបន្តិច ជាពិសេសពេលដែលគាត់ទទួលចង្វារ (អុំទូក) ដែលជានិមិត្តរូបនៃការផ្ទេរតំណែងធ្វើជាសហប្រធានកិច្ចប្រជុំជាមួយចិនបន្ទាប់ពីកម្ពុជា។
– អនុប្រធានាធិបតីភូមា លោក មិន ស្វេ មិនសូវត្រូវបានគេចាប់អារម្មណ៍ទេ ព្រោះជាតួអង្គថ្មី ដែលគេដាក់មកជំនួស។
– លោក ស៊ួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម ហាក់ដូចជាព្យាយាមអបៗ ឬយកចិត្តចិន មិនហ៊ានតតាំង ឬរិះគន់ចិនជុំវិញភាពទោមនស្ស ឬជម្លោះតពូជអំពីទឹកទន្លេមេគង្គ និងនៅសមុទ្រចិនខាងត្បូង។
– លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មើលទៅដូចជាហត់នឿយខ្លាំងណាស់ តែញញឹមពព្រាយ។
– លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ជាមេដឹកនាំដែលនិយាយច្រើនជាងគេ ជាមួយកាយវិការរស់រវើក បានប្រើភាសាដ៏ផ្អែមល្ហែម ហាក់ដូចជាលួងលោមប្រលោមស្នេហ៍ដល់មេដឹកនាំទាំង៥ប្រទេស ឱ្យមានជំនឿទុកចិត្តលើចិន កុំបារម្ភ កុំព្រួយ ចិនចង់បានអ្នកជិតខាងល្អ សាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក ។ ភាសារបស់គាត់ល្មមអ្នកស្តាប់ ឬបើដៃគូរស្នេហាវិញស្ទើរតែទុកចិត្តទាំងស្រុង និងព្រមប្រគល់វាសនាបាត់ទៅហើយ។
– ដោយឡែកលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ដែលអមដំណើរមកជាមួយ ត្រូវបានគេឱ្យរហ្សសនាមថា ជាបុរសស្អាតតែកំណាញ់រូប ព្រោះគាត់មិនងាយនឹងថតរូបជាមួយ អ្នកណាផ្សេង ក្រៅពីសមភាគី ឬក្នុងអង្គប្រជុំឡើយ។

៤- អ្នកកាសែតចិនដាក់សំណាញ់យកព័ត៌មាន អ្នកកាសែតចិនប្រមាណជា៥០នាក់ បានមកកម្ពុជា ដើម្បីច្បាមយកព័ត៌មានស្ទើរគ្រប់មុំ ដែលគិតថា ជាព័ត៌មានវិជ្ជមាន និងមានផលចំណេញដល់ចិន។

៥- ឧកញ៉ារូបណាដែលបាននែបនិតជាមួយចិននៅពេលនេះ?
បើសិនជាយើងរាប់ឈ្មោះឧកញ៉ានៅកម្ពុជាវិញ ប្រហែលជាត្រូវចំណាយពេលច្រើនគួរសម តែឧកញ៉ាដែលមានវាសនា​នៅពេលនេះមានតែបីរូបប៉ុណ្ណោះគឺ លោកតា ពុង ឃាវសែ ក្រុមហ៊ុន OCIC លោក គិត ម៉េង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកស្រី លីម ឈីវហួរ ក្រុមហ៊ុនអ៊ែតវូត តាមរយៈប្រាក់កម្ចីសប្បទានវិនិយោគ។ និយាយបែបនេះ មិនមានន័យជ្រៅរហូតដល់ «លុយពេញលើតុ ម៉ុកចាយតែឯងនោះឡើយ»។

ទោះជាយ៉ាងណាក៏ដោយ អ្នកដែលចំណេញច្រើនជាងគេគឺរដ្ឋាភិបាល និងប្រទេសកម្ពុជា បើសិនជាលុយចិនធ្លាក់​មកកម្ពុជាដូចការសន្យា ព្រោះជំនួយបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជារួម៕

ស្រីយ៉ា