សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានមោទនភាព​ សម្រេចជោគវាសនាដោយខ្លួនឯង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា កម្ពុជាមានមោទនភាព​ដែល​​បាន​​សម្រេចជោគវាសនាដោយខ្លួនឯង មិនធ្វើតាមការការណែនាំរបស់ស្ថាប័នអន្តរជាតិ និងអង្គការ សហប្រជាតិ រឿងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។

បើតាមការដកស្រង់ប្រសាសន៍លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បាន គូសបញ្ជាក់ថា ស្ថាប័នអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិ ធ្លាប់បានផ្តល់យោបល់ជូនសម្តេចតេជោ ឲ្យធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកាត់បន្ថយចំនួនបុគ្គលិកមន្រ្តីរាជការចំនួនពីរទៅប្រាំមួយពាន់នាក់ និងស្នើសុំសម្តេច ឲ្យដំឡើងពន្ធដារលើប្រេងឥន្ធនៈ។

តែសម្តេចមិនបានធ្វើតាមសំណើ និងការផ្តល់យោបល់នេះឡើយ។ ផ្ទុយទៅវិញសម្តេចតេជោ បានសម្រេចធ្វើអ្វីទៅ​តាមលទ្ធភាពរបស់រាជរដ្ឋាភិបាល និងភាពជាក់ស្តែង និងតម្រូវការពិតប្រាកដ ក្នុងការកាត់បន្ថយ​ចំនួន​មន្រ្តី គឺពិតប្រាកដណាស់ជាការបង្កើតបញ្ហាជាមួយ និងមន្រ្តីខ្លួនឯង បាត់បង់នូវភាពសាមគ្គី និងការប្រឹងប្រែង នៃចំណែករបស់គេ ក្នុងកិច្ចកសាង និងការពារជាតិ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា ការបង្កើនពន្ធបន្ថែមលើប្រេងឥន្ធនៈ គឺជាការសម្លាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យមានឱកាសនៃការបង្កើនតម្លៃទំនិញ និងសេវាដទៃទៀត ព្រមទាំងធ្វើឲ្យមានភាពចលាចលសេដ្ឋកិច្ចពិតប្រាកដ។

លោក ផៃ ស៊ីផាន បានចាត់ទុកការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន គឺជាមោទនភាពមួយរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ដែលស្គាល់ស្ថានភាព និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ ដែលមានការពិសោធន៍ ជាក់ស្តែងជាងបរទេសទាំងនោះ៕

ស្រីយ៉ា