ក្មេងទំនើង២ក្រុម បើកឆាកប្រយុទ្ធគ្នា អ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ

កណ្តាល៖ ហិង្សាមួយបានកើតឡើងបង្ករអោយមានការភ្ញាក់ផ្អើល រវាងក្មេងទំនើងពីក្រុម មានទំនាស់តិច​តួច​សោះ ប្រយុទ្ធគ្នា អ្នកឈ្នះដេកគុក អ្នកចាញ់ដេកពេទ្យ។ ហេតុការណ៍ហិង្សានេះបានកើតឡើងនៅថ្ងៃ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៧ៈ២០នាទី នៅចំណុចភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលជំនាញព្រហ្មទណ្ឌបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចាន់តារា (ហៅទីន) ភេទប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអណ្តូូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្ត​កណ្ដាល។ ចំណែកឯជនសង្ស័យឈ្មោះ យន យុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុការ មានទីលំនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលបញ្ជាក់ថា៖នៅ ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ ឈ្មោះ នៅ ចាន់តារា(ហៅទីន) បានជិះម៉ូតូឌុបឈ្មោះ ប៊ិប ទិសដៅពីលិចទៅកើត ក៏បានជួបជាមួយឈ្មោះ វី សំណាង ជិះម៉ូតូឌុប ឈ្មោះ យន យុទ្ធ ធ្វើដំណើរស្រប​ទិស​គ្នា ស្រាប់​តែ​ឈ្មោះ នៅ ចាន់​ដារា បានចោទប្រកាន់ឈ្មោះ យន យុទ្ធ ថា ៖ លើកដៃមួយអម្បាញ់មិញនេះចង់វៃគ្នាមួយស្មើឬ? ពេលជាមួយគ្នានោះបានជិះម៉ូតូមកដល់ចំណុចលូ អូកែវ ស្រាប់តែឈ្មោះ នៅ ចាន់ដារា និងឈ្មោះ វី សំណាង បានបន្ថយល្បឿនម៉ូតូដោយសារផ្លូវមានជង្ហុក ភ្លាមនោះឈ្មោះ នៅ ចាន់ដារា បានឈប់ម៉ូតូស្ទុះដាល់ឈ្មោះ យន យុទ្ធ ចំនួនពីរដៃចំក រំពេចនោះឈ្មោះ យន យុទ្ធ ស្ទុះដាល់ឈ្មោះ នៅ ចាន់ដារា មួយដៃស្ដាំចំមុខបណ្ដាលឲ្យមានស្នាមមុតភ្នែកខាងស្ដាំ។

ក្រោយពេលកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវទទួលបានព័ត៌មានខាងលើបានអន្តរាគមន៍ដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនឈ្មោះ យន យុទ្ធ ចំណែកឈ្មោះ នៅ ចាន់ដារា ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តនិតិវិធីតាមច្បាប់៕

កញ្ចក់ ទិព្វ