សម្តេចតេជោហ៊ុន សែន លើកយកហេតុផលចំនួន៤ ដែលបង្កើតមូលនិធិស៉ីក្លូ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល ព្រមទាំងពិសារអាហារជាមួយបងប្អូនអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាង៣០០នាក់។ ពិធីសំណេះសំណាល និងពិសារអាហារជុំគ្នានេះ ធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី១៣ ខែមករា។

ក្នុងពិធីនោះ សម្តេចតេជោបានថ្លែងពីមូលហេតុចំនួន៤ ដែលបង្កើតមូលនិធិចក្រយាន(មូលនិធិស៉ីក្លូ)។

សម្តេច​តេជោ​ថ្លែងថា «ហេតុអ្វីបានជាខ្ញុំសម្រេចយកខែមករា ដើម្បីផ្ដើមសមាគមត្រីចក្រយាន ឬហៅថាសមាគមស៊ីក្លូ ទី១ ដោយសារថ្ងៃ៧មករា ជាថ្ងៃរំដោះកម្ពុជាចេញពីរបប​ប្រល័យពូជសាសន៍ប៉ុលពត ទី២ ជាខួបអាពាហ៍​ពិពាហ៍ លើកទី៤២ឆ្នាំ ទី៣ ជាខួប៣៩ឆ្នាំនៃការចូលកាន់កាប់អំណាចរដ្ឋតាមរយៈជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស និងទី៤ ជាខួបទី៣៣ ឆ្នាំ ដែលខ្ញុំបានកាន់តំណែង ជានាយករដ្ឋមន្រ្តី។ ដូច្នេះហើយ ខ្ញុំសម្រេចថា មិនត្រូវធ្វើសកម្មភាពអូសបន្លាយទៀតទេ ម្យ៉ាងការទន្ទឹងរងចាំរបស់បងប្អូនស៊ីក្លូហើយប៉ុន្មានសប្ដាហ៍នេះ យើងបានបំពេញលក្ខន្តិកៈក្រសួងមហាផ្ទៃ»។

សម្តេចតេជោបានថ្លែងទៀតថា «ខ្ញុំគួរតែត្រូវបកស្រាយ កុំឲ្យមានការយល់ច្រឡំ ពីអ្នកធ្វើអត្ថាធិប្បាយ ។ សមាជិកស្ថាបនិកគឺជាអ្នកផ្ដួចផ្ដើម បង្កើតមូលនិធិនេះឡើង សមាជិកកិត្តិយស ជាអ្នកផ្ដល់គំនិតយោបល់ធនធាន ដោយមិនគិតពីផលប្រយោជន៍ សមាជិកគាំទ្រ ជាអ្នកដែលមានចូលរួមសកម្មភាព សមាជិកសកម្ម គឺជាបងប្អូនអ្នកធាក់ស៊ីក្លូ។ មានតែសមាជិកសកម្ម ដែលជាអ្នកធាក់ស៊ីក្លូតែប៉ុណ្ណោះ ដែលទទួលបានអត្ថប្រយោជន៍ក្រៅពីនេះ ជាអ្នកឧបត្ថម្ភ។ ច្បាស់ជាមានការបកស្រាយថា លោក ហ៊ុន សែន ចាប់បង្ខំឲ្យគេចូលជាសមាជិកខ្លួន»។

សម្តេចបន្តទៀតថា «ឥឡូវនេះស្ថានភាពពិតប្រាកដសមាគមស៊ីក្លូយើង មាន២ ខ្ញុំមិនអាចផ្ដល់ថវិកា ទៅតាមសមាគមបាននោះទេ។ អ្នកខ្លះបានលើកសំណើរ ឲ្យខ្ញុំបង្កើតមូលនិធិជួយជនក្រីក្រ តែសំណើរដំបូងគេនោះ លើកឡើងមកត្រូវមានឡាន មានម៉ូតូ មានកន្លែងបើកសមាគម ខ្ញុំចារត្រឡប់ទៅវិញ បើគ្មានសមត្ថភាព ហើយគ្រាន់តែមកសុំលុយខ្ញុំនោះ មិនបាច់ទេ។ ខ្ញុំមិនចំណាយលុយឥតប្រយោជន៍នោះទេ»៕