រថយន្តបុកម៉ូតូអូសរទេះ បណ្តាលឲ្យស្លាប់ម្នាក់

ព្រះសីហនុ៖ បុរស​ម្នាក់​បានជិះ​ម៉ូតូ​អូស​រទេះ​ដឹក​ទឹក​​ឆ្លង​ផ្លូវ​ ត្រូវ​រថយន្ត​មួយគ្រឿងបុកបណ្តាលឲ្យ​ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​ ១៧:៥នាទី ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មករា​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ១៨៩-១៨០

​ ស្ថិត​នៅ​ក្នុង​ភូមិ​វាលមាស​ ឃុំ​វាលរេញ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

ជនរគ្រោះមានឈ្មោះ ព្រំ​ ណាត​ ភេទ​ ប្រុស​ អាយុ​៤៥ឆ្នាំ​ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ ឯអ្នកបើកបររថយន្តមានឈ្មោះ​ ផាន់​ ណា​ហ្វី​ ភេទ​ ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​អ្នកបើកបរ​រថយន្ត​ មានទីលំនៅ​ភូមិ​ចុង​ខ្សាច់​ ឃុំ​ទួលទទឹង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ស្លែ​ គ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ មានទិសដៅពី​ភ្នំពេញ​ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ ខណៈមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក​ HONDA​ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ភ្នំពេញ​1G-8833 ដែលអូសរទេះទឹកបានបត់ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​​ផ្ទុយ​គ្នា ស្រាប់តែត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការវាស់វែង និងប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារធ្វើមុនតាមប្រពៃណី ឯអ្នកបើកបររថយន្ត​ ត្រូវនគរបាលបាន​ឃាត់​ខ្លួន នាំ​មក​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់​ ដើម្បី​ធ្វើការ​ដោះស្រាយតាម​នីតិវិធី​៕