រថយន្តបែនដឹកដីបុករថយន្ដឡិចស៊ីស Rx330 ពីចំហៀង​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ដឡិចស៊ីសRx330បើកបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដដឹកដីបុកពីរហៀងបណ្ដាលឲ្យរងការ​ខូច​ខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ៈ៣០ នាទីនៅចំណុចផ្លូវ២០១៨ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដឡិចស៊ីស RX330 មួយគ្រឿងពាក់ស្លាកលេខ2AF- 6292 បើកបរដោយស្រ្ដីម្នាក់ឈ្មោះ សៀក កញ្ញារី អាយុ៣០ ឆ្នាំមានទីលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ធ្វើដំណើរតែម្នាក់ឯងក្នុងទិសដៅពីជើងត្បូងបត់ឆ្វេងផ្លូវ ប៉ុន្ដែបត់មិនទាន់ផុតផង ស្រាប់តែមានរថយន្ដដឹកដីមួយគ្រឿងដែលពាក់ស្លាកលេខ3D-6118 បើកបរដោយឈ្មោះ សេង សីហា អាយុ​២៥ឆ្នាំ ធ្វើតាមបណ្ដោយផ្លូវ២១៧ ស្របទិសគ្នាក៏ជ្រុលមកបុកគូថរថយន្ដឡិចស៊ីស ​Rx330 ពីក្រោយ​ពេញ​មួយទំហឹងបណ្ដាលអោយបែកកញ្ចក់និងស្ដុបក្រោយផ្នែកខាងឆ្វេងយ៉ាង ដំណំតែម្ដង។

គួររំលឹកផងដែរថា នៅពាក់កណ្តាលខែដើមឆ្នាំ២០១៨នេះ មានមនុស្សជាច្រើននាក់បានស្លាប់និងរថយន្តម៉ូតូរងការខូចខាតដោយសារតែរថយន្តដឹកដីធន់ធំៗនេះ បើកឆ្លងកាត់នៅក្នុងទឹកដីខណ្ឌដង្កោបង្កជាញឹកញាប់។ ដូច្នេះប្រជាពលរដ្ឋបានសូមណូមពរទៅដល់អាជ្ញាធរខណ្ឌដង្កោមេត្តាចុះជួយត្រួតនិត្យទៅ​លើរថយន្តទាំងនោះផង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមក​សម្រប​សម្រួលដោយភាគីខាងរថយន្ដដឹកដីយករថយន្ដឡិចស៊ីស Rx330 ទៅជុសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕