ជនណានៅតែហ៊ាននាំចូលផលិតផលលាយសារធាតុគីមីចូលមកកម្ពុជាតទៀត នឹងប្រឈមផ្លូវច្បាប់

តាកែវ៖ អាជ្ញាធរខេត្តតាកែវអំពាវនាវទៅដល់ប្រជាពលរដ្ឋបញ្ឈប់នាំចូលសាច់ប្រហុកពីប្រទេសវៀតណាមដែលផ្ទុកសារធាតុគីមីformalin តទៅទៀត បើនៅតែបន្តនាំចូល នឹងចាត់វិធានការណ៍ផ្លូវច្បាប់ជាមិនខាន ។

លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បាននិយាយបែបនេះនៅគ្រាដែលលោកចូលរួមក្នុងពិធីដុតប្រហុកសាច់ត្រីផ្ទក់ជាង១តោន នៅទីតាំងសាលាឃុំអង្កាញ់ហើយ នារសៀលថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៨ ។

លោក ខាន់ សុខា និយាយថា ជាវិធានការណ៍បន្ត ក្នុងនាមអាជ្ញាធរខេត្ត នឹងចាត់វិធានការណ៍តឹងរឹង និងមិនអត់អោនឲ្យទៀតទេចំពោះជនណាដែលនៅតែលួចនាំចូលសាច់ត្រីប្រហុកនេះ ពីប្រទេសវៀតណាមយកមកលក់លើទីផ្សារកម្ពុជា ព្រោះករណីនេះ មិនមែនជាលើកទី០១នោះទេ ដែលពីមុនយើងបានយោគយល់ និងធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យារួចហើយដែរ ប៉ុន្តែបើមានលើកក្រោយនឹងកសាងសំណុះរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់តែម្តង ព្រោះវាប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ ។

លោក ផាន់ សុភ័ក្រ្ត ព្រះរាជអាជ្ញារង អមអយ្យការសាលាតំបូងខេត្តតាកែវ បាននិយាយដែរថា ក្នុងករណីនេះ យើងគ្រាន់តែធ្វើកិច្ចសន្យាជាមួយនឹងម្ចាស់សាច់ត្រីប្រហុក និងធ្វើការអប់រំណែនាំបន្ថែម ដោយមិនអនុវត្តតាមច្បាប់ជាធរមាននោះទេ ប៉ុន្តែបើពួកគាត់នៅតែបន្តលួចនាំចូលដដែល យើងនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់ ដោយពិន័យជាប្រាក់ នឹងអាចជាប់ពន្ធធានាគារតែម្តង តាមមាត្រ ៥២ និងមាត្រា៦២ នៃច្បាប់ស្តីពីការគ្រប់គ្រងគុណភាពទំនិញ និងសេវា ព្រោះនេះជាករណីលើកទី០៣ហើយ នឹងមិនឲ្យមានករណីទី០៤ កើតមានម្តងទៀតឡើយ ។

បើតាមការបញ្ជាក់ពីលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ទីតាំងដែលផលិតប្រហុក ហើយលួចនាំចូលសាច់ត្រីប្រហុកពីប្រទេសវៀតណាម ដែលស្ថិតនៅភូមិរលាស់ ឃុំអង្កាញ់ ស្រុកទ្រាំង វាជាករណីដដែលៗ ប៉ុន្តែគ្រាន់តែថា ខុសម្ចាស់ទីតាំង និងខុសភូមិគ្នាតែប៉ុណ្ណោះ ដោយកាលពីមុនៗ គឺមន្រ្តីជំនាញកាំកុងត្រូល បានរកឃើញសាច់ប្រហុកដែលមានផ្ទុកសារធាតុគីមីformalin នេះ ចំនួនប្រមាណជាង១០តោនមកហើយ ដែលត្រូវបានដុតបំផ្លាញចោល ហើយលើកនេះជាលើកទី០៣ ដែលមន្រ្តីជំនាញកាំកុងត្រូល រួមនឹងអាជ្ញាធរខេត្ត និងព្រះរាជអាជ្ញា បានធ្វើការដុតបំផ្លាញចោលនៅទីតាំងបរិវេណសាលាឃុំអង្កាញ់ ៕

អត្ថបទដែលជាប់ទាក់ទង