ធ្លាប់ជាប់គុកពីរដងចេញឆក់ទៀតត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន រួចព្រួតវាយម្នាក់មួយដៃមួយជើងទ្រិមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង៨​ និង១៥នាទីយប់ ថ្ងៃទី១៩ មីនា ឆ្នាំ២០១៨ នៅចំណុចនៅក្បែផ្សារថ្មី តាមបណ្ដោយផ្លូវ៥៣ កែងនិងផ្លូវ១២៦ ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ក្រោយពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពឆក់កាបូបពីប្ដីប្រពន្ធជាជនជាតិបរទេសបានសម្រេច ។

ជនសង្ស័យខាងលើដែលប្រជាពលរដ្ឋចាប់បានព្រួតគ្នាវ៉ៃឡើងទ្រោមខ្លួននោះ មានឈ្មោះ ទូច ចាន់ថា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរដឹកប្រពន្ធលក់ត្រី ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។
‎ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក​ ស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB -4126​ តែម្នាក់ឯង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដើរជាមួយប្ដី ដែលជនរងគ្រោះជាជនជាតិបរទេស បានសម្រេចនៅផ្លូវព្រះនរោត្ដម ក្បែររោងកុនលុច ។

ភ្លាមនោះ ប្រជាពលរដ្ឋដែលឃើញសកម្មភាពជាក់ស្ដែង​បែបនេះ ក៏ស្រែកថា ចោរៗៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើននាំគ្នាជិះម៉ូតូដេញតាម ហើយជនសង្ស័យភ័យស្លោនស្លោ បានជិះម៉ូតូព្យាយាមគេចខ្លួនរហូតទៅដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានប្រពលរដ្ឋព័ទ្ធចាប់បាន និងព្រួតគ្នាវ៉ៃឡើងបែកមុខមាត់ ហូឈាមជោកខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ ដាក់ខ្នោះជនសង្ស័យ និងនាំយកម៉ូតូដែលធ្វើសកម្មភាព ព្រមទាំងវត្ថុតាងនិងជនរងគ្រោះ យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារថ្មី១ ។
‎ បន្ទាប់ក្រោយមក សមត្ថកិច្ចបានពិនិត្យមើលវត្ថុតាង​(កាបូបជនរងគ្រោះ)ពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វីក្នុងកាបូបនោះឡើយ ទើបសមត្ថកិច្ចធ្វើឯកសារប្រគល់វត្ថុតាងឲ្យទៅជនរងគ្រោះវិញ ។

ដោយឡែកជនសង្ស័យខាងលើ រួមនិងម៉ូតូដែលជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចធ្វើឯកសារ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។
‎ សូមបញ្ចាក់ផងដែរថា ជនសង្ស័យខាងលើ ត្រូវបានប្រជាពលរដ្ឋបង្ហើបប្រាប់ថា ជាមុខសញ្ញាយ៉ាងសកម្ម ខាងជិះម៉ូតូឆក់ លួចគាស់ផ្ទះប្រជាពលរដ្ឋ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋផ្សែងៗជាច្រើនទៀត ដោយជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធធានាគា២ដងមកហើយ​ ៕

អត្ថបទដែលជាប់ទាក់ទង