ឯកឧត្តម លឹម គានហោ អនុញ្ញាតឱ្យគណៈប្រតិភូធនាគារ (ADB) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zheng ប្រធាននាយកដ្ឋាន Southeast Asia និងលោក Jan Hansen នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ADB ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជា​ណាចក្រកម្ពុជា និងបានជួបពិភាក្សាការងារជាមួយឯកឧត្តមនាពេលនេះ ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគី ADB ដែលក្នុងពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និយាយជារួម និងដោយឡែកជាមួយក្រសួងធនធានទឹក និងឧតុនិយម ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ADB បានជួយដល់ក្រសួងយ៉ាងច្រើន ទាំងលើការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដើម្បីដោះស្រាយទឹកបម្រើដល់ការងារបង្កបង្កើនផលរបស់ប្រជាកសិករ ។

លោក Jiangfeng បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ADB ពិតជាមានការពេញចិត្ត ដោយបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ។ យុទ្ធសាស្ត្ររបស់ADB គឺតែងតែត្រូវបានរៀបចំឡើង ដោយផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ពិសេសផ្តោតទៅលើវិស័យជាអាទិភាពទាំង ៤ ដោយក្នុងនោះការដោះស្រាយទឹកសម្រាប់បម្រើឱ្យវិស័យកសិកម្ម គឺជាយុទ្ធសាស្ត្រអាទិភាពមួយរបស់ADB ក្នុងការជម្រុញដល់ការអភិវឌ្ឍប្រទេសកម្ពុជា ។

លោក Jiang បន្តថា ភាគី ADB ពិតជាមានមោទនភាព ដោយបានពិនិត្យឃើញថា កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ត្រូវបានលើកកំពស់ តាមរយៈការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពី ADB ។ ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ក៏បានឆ្លើយតបផងដែរ ទៅលើតម្រូវការផ្លូវគមនាគមន៍នៅតំបន់ជនបទ ។ ក្នុងន័យនេះ ADB នឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនៅកម្ពុជា ដោយលើកទឹកចិត្តឱ្យមានការធ្វើទំនើបកម្មលើវិស័យធារាសាស្ត្រ ដើម្បីឈានទៅគ្រប់គ្រង និងបែងចែកទឹកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

លោកបន្តទៀតថា គម្រោងប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង បានក្លាយជាគម្រោងដែលមានជោគជ័យបំផុត ក្នុងចំណោមគម្រោងជាច្រើនរបស់ ADB នៅតំបន់អាស៊ី ។ ភាពជោគជ័យនេះ ត្រូវបាន ADB កំណត់យកធ្វើជាគំរូសម្រាប់អនុវត្តគម្រោងក្រោយៗទៀត ទាំងលើទិដ្ឋភាពបច្ចេកទេស ការអនុវត្តនិតិវិធី និងគុណភាពគម្រោង ។

នៅចុងបញ្ចប់ លោក Jiang បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា នៅក្នុងជំហានទី ១ នៃការអនុវត្តផែនការ ២០១៨-២០២១ ភាគី ADB បានសម្រេចបង្កើនហិរញ្ញប្បទានដល់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យកើនដល់ ៩២ លានដុល្លារអាមេរិក (ពីមុនគ្រោងត្រឹម ៧៥ លានដុល្លារអាមេរិក តែប៉ុណ្ណោះ) ។

ទន្ទឹមនេះ ភាគី ADB ក៏បាន និងកំពុងពិចារណា លើការផ្តល់ហិរញ្ញប្បទានដល់ក្រសួងធនធានទឹក និងឧតុនិយម តាមរបៀប MFF (Multiple Financing Factory) ។ ការផ្តល់ហិរញ្ញប្បទានតាមរបៀបនេះ គឺអាចអនុញ្ញាតឱ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពកាន់តែច្រើនជាងមុន ក្នុងការធ្វើទំនើបកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រធំៗបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង