របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់នាំចេញអង្ករ

ភ្នំពេញ៖ របាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទ នាំចេញអង្ករបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០១៨ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្ដរជាតិបានធ្លាក់ចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។

អ្នកជំនាញបានអះអាងយ៉ាងជាក់លាក់ថា ឆ្នាំនេះការនាំចេញអង្ករ​ទៅកាន់​ទីផ្សារអន្ដរជាតិ នឹងមិនមានការថយចុះនោះឡើយ ទោះបីត្រឹមត្រីមាសទី១ ឆ្នាំ២០១៨ មានការថយចុះ នៃការនាំចេញយ៉ាងណាក៏ដោយ ព្រោះថាការនាំចេញអង្ករនឹងកើនឡើងវិញជាក់ជាពុំខាន នៅខែក្រោយៗ។

តាមរបាយការណ៍បានបញ្ជាក់ថា នៅរយៈពេលបី​ខែដំបូងឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបាន ១៦១,១១៥តោន ធ្លាក់ចុះ ៣.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានចំនួន ១៦៦,៦៧៨តោន។

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន នាំចេញអង្ករ Amru Rice បានបញ្ជាក់ថា មានហេតុផលមួយចំនួនដែលធ្វើឲ្យត្រីមាសទី១ ឆ្នាំ២០១៨ ការនាំចេញអង្ករមានការថយចុះគឺ

  • កត្តាទី១៖ បណ្ដាលមកពីស្ដុក​អង្ករបានសម្រុកចេញខ្លាំង នៅក្នុងខែវិច្ឆិកា-ធ្នូ ដែលធ្វើឲ្យខែមករា ដើមឆ្នាំ២០១៨ អង្ករដែលបានកិនមានច្រើនលើសលប់។
  • កត្តាទី២៖ បណ្ដាលមកពីតម្លៃអង្ករឡើងថ្លៃជាងមុន ពោលគឺ ឡើងថ្លៃជាងអង្ករវៀតណាម។ ការឡើងថ្លៃខ្លាំងនេះ ធ្វើឲ្យអតិថិជនពន្យារពេលក្នុងការទិញ។

អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានបន្ដទៀតថា «ក្នុងកំឡុងខែមេសា-ឧសភា ឆ្នាំ២០១៨នេះ ការនាំចេញអង្ករនឹងកើនឡើងវិញជា​ពុំខាន ​ដោយសារតែរដូវស្រូវថ្មីបាននឹងកំពុងមកដល់ តែទោះជាយ៉ាងណា​ការនាំចេញអង្ករនៅក្នុងឆ្នាំនេះ នឹងអាចមានភាព​ប្រហាក់ប្រហែល​នឹងការ​នាំចេញដូចរាល់ឆ្នាំ ឬលើសពីនេះ តែមិនអាចថយចុះនោះឡើយ មួយវិញទៀតដោយសារតែអង្ករ របស់កម្ពុជាមានគុណភាពល្អ»។

លោកបញ្ជាក់បន្ថែមទៀតថា ការធ្លាក់ចុះនេះមិនមែនជាបញ្ហាចោទនោះឡើយ ព្រោះការធ្លាក់ចុះនេះ មានភាពលម្អៀង​តិចតួចប៉ុណ្ណោះ៕

ស្រីយ៉ា

អត្ថបទដែលជាប់ទាក់ទង