ដូណា​ល់ ត្រាំ ​មាន​​គំរោ​ង​តម្លើ​ងព​ន្ធ​ប​ន្ថែម​ជាង​ ១០០​ពាន់​​លា​នដុ​ល្លារ ​លើផលិ​តផ​ល​រ​បស់​ចិន​

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានណែនាំ​ឱ្យតំណាងពាណិជ្ជកម្ម​អាមេរិក (USTR) ពិចារណាលើ គំរោងតម្លើងពន្ធ​បន្ថែមជាង ១០០ពាន់​លានដុល្លារ លើផលិតផល​របស់ចិន ខណៈទីក្រុងប៉េកាំង​កំពុងធ្វើការសងសឹក​ដោយអយុត្តិធម៌ ប្រឆាំងនឹង​សហរដ្ឋអាមេរិក។ នេះបើ​តាមការចេញផ្សាយ​ដោយ​ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។

យោងតាម​សេចក្ដីថ្លែងការណ៍​ចេញផ្សាយ​ កាលពីថ្ងៃព្រហស្បតិ៍ ដោយ​សេតវិមាន លោក ដូណាល់ ត្រាំ បានលើក​ឡើង​យ៉ាងដូច្នេះថា «ជាជាងការកែ​តម្រូវឡើងវិញ​ នូវកំហុសរបស់ខ្លួន ចិនបានជ្រើសរើស​បំផ្លាញកសិករ​ និងរោងចក្រ​របស់យើង។

ដូច្នេះ​ដោយសារតែ ការចាត់វិធានការ​ដោយអយុត្តិធម៌​របស់ទីក្រុង​ប៉េកាំង ខ្ញុំបានណែនាំ​ឱ្យតំណាងពាណិជ្ជកម្ម​អាមេរិក (USTR) ពិចារណា​លើគំរោង តម្លើងពន្ធបន្ថែម​ជាង ១០០ពាន់លានដុល្លារ លើផលិតផល​របស់ចិន ស្របតាម​មាត្រា​ ៣០១»។

គួរបញ្ជាក់ថា ការព្រមានបែបនេះ​របស់លោក ត្រាំ កើតឡើងមួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីលោក​ខ្លួនឯង​បានសរសេរ​នៅលើ Twitter ថាសហរដ្ឋអាមេរិក​ មិនមែនកំពុង​ធ្វើសង្រ្គាមពាណិជ្ជកម្ម ​ជាមួយចិន​នោះទេ។ «យើងមិនមែន​កំពុង​ធ្វើសង្រ្គាម​ពាណិជ្ជកម្ម​ ជាមួយចិន​ឡើយ ព្រោះវាជា​សង្រ្គាម​ដែល​បានបង្ក​ជាការខាត​បង់​អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ​ដោយមនុស្ស​ល្ងង់ ឬមនុស្សគ្មាន​​សមត្ថភាពមួយ​ចំនួនដែលតំណាង​​ឱ្យ​សហរដ្ឋអាមេរិក»។ នេះបើតាមសម្តីលោក​ប្រធានាធិបតី​អាមេរិក៕

អត្ថបទដែលជាប់ទាក់ទង