ចិនស្វែងរកដំណោះស្រាយនៅអង្គការWTO ជុំវិញវិវាទពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

អន្តរជាតិ៖ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថាខ្លួនបានផ្ដួចផ្ដើមរកនិតិវិធីពីអង្គការពាណិជ្ជកម្មពិ​ភព​លោក WTO ដើម្បីដោះស្រាយវិវេទពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក។នេះបើយោងតាមទីភ្ងាក់ងារព័ត៌មានNHK។

ក្រសួងពាណិជ្ជកម្មចិនបានចេញសេចក្ដីប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហ​រដ្ឋអាមេរិកបានកំណត់ពន្ធគយលើការនាំចូលដែកថែបពីប្រទេសចិន ២៥%និង អាលុយ​មីញ៉ូម​១០%ដែលបានចូលជាធរមានកាលពីថ្ងៃទី២៣ខែមីនាកន្លងទៅ។

ក្រសួងនេះបាននិយាយថាសហរដ្ឋអាមេរិកកំពុងតែអនុវត្តន៍ពាណិជ្ជកម្មតាមបែបការពារនិយាយ ក្រោមវិធានការគំរាមកំហែងសន្តិសុខជាតិ។ សកម្មភាពរបស់សហរដ្ឋអាមេរិកគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍មិនរើសអើងនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ វាបន្ថែមថាសកម្មភាពរបស់សហរដ្ឋអាមេរិកធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនក្នុងនាមជាសមាជិកអង្គការWTO ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកទទូចថាការយកតំឡើងពន្ធនេះគឺមានសារៈសំខាន់ណាស់ចំ​ពោះមូលដ្ឋានសន្តិសុខជាតិ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថាសហរដ្ឋអាមេរិកកំពុងនាំចូលដែកថែបនិងអាលុយមីញ៉ូមក្នុងតម្លៃពន្ធទាបដោយអយុត្តិធម៌នៅពេលដែលការផ្គត់ផ្គង់លើសតម្រូវការទីផ្សាររបស់ចិនកំពុងកាត់បន្ថយតម្លៃទីផ្សារសកល។

ជុំវិញវិវាទពាណិជ្ជក​ម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ប្រទេសចិនបានដាក់សំ​ណើ​មួយកាលពីថ្ងៃពុធ ស្នើរ​សុំ​រកដំណោះស្រាយទៅកាន់អង្គការពាណិជ្ជកម្មពិភពលោ​ក​បន្ទាប់ពីសហរដ្ឋអាមេរិកបានចេញបញ្ចីកំណត់ពន្ធគយនាំចូលទំនិញរបស់ចិនកាល​ពី​ថ្ងៃ​អង្គារ៍ដោយយោងតាមមាត្រា៣០១នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង