ប្រជាជន​អាមេរិក «ប្រមូលផ្តុំគ្នា​តវ៉ាមុខសេតវិមាន ដូណាល់ ត្រាំ» ដើម្បីប្រឆាំងការ​វាយប្រហារ​ប្រទេស​ស៊ីរី!

វ៉ាស៊ីនតោន ៖ នៅថ្ងៃសៅរ៍​សប្តាហ៍នេះ (ពេលវេលា​នៅវ៉ាស៊ីនតោន) ​ប្រជាជន​អាមេរិកជាច្រើន​នាក់ បានប្រមូលផ្តុំគ្នាតវ៉ា នៅពីមុខសេតវិមាន​​លោក ដូណាល់ ត្រាំ ដើម្បីសម្តែងការ​ប្រឆាំងជំទាស់ ទៅនឹងអ្វីដែល​ប្រធានាធិបតីអាមេរិក​កំពុងតែធ្វើ នោះគឺការដឹក​នាំចក្រភពអង់គ្លេស និងបារាំង វាយប្រហារទៅ​លើរបបដឹកនាំ​​រដ្ឋាភិបាល​ស៊ីរី។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨។

ក្រុមអ្នកស្រឡាញ់​សន្តិភាពខាង​លើនេះ បាននាំគ្នាស្រែក​ជាពាក្យស្លោកទាមទារ​ឲ្យ លោក ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តអា​មេរិកទាំងឡាយនោះថា «បញ្ឈប់ការ​ទម្លាក់គ្រាប់​បែកលើ​ស៊ីរី ព្រោះវាមិនមែន​ដើម្បីការពារប្រជាជន​ស៊ីរីនោះទេ ប៉ុន្តែវាជាការ​សម្លាប់​ពួកគេទៅវិញ។ តើសង្គ្រា​មនៅអ៊ីរ៉ាក់ លីប៊ី និងស៊ីរី គឺជាសង្គ្រាម​ដែល​មិនព្រម​បញ្ឈប់ដោយ​ចក្រពត្តិឬ?»

គួរបញ្ជាក់ថា ទាំងបារាំង អាមេរិក និងអង់គ្លេស បាន​អះអាងថា កាលពី​ពេលទៀបភ្លឺ​ថ្ងៃសៅរ៍ យន្តហោះ​ចម្បាំងបានបើក​ការវាយប្រហារ ទៅលើមូលដ្ឋាន​ផលិតអាវុធ​គីមី​នៅជាយ​ទីក្រុងដាម៉ាស់​​ប្រទេសស៊ីរី ដើម្បីសងសឹកទៅនឹងការ​ប្រើប្រាស់អាវុធ​​គីមី ដោយរបបដឹកនាំ​ស៊ីរី នៅតំបន់​ហ្គួតា ដែលអាមេរិក​អះអាងថា បានសម្លាប់​មនុស្សក្មេងចាស់​ប្រុសស្រី​ យ៉ាងហោចណាស់ ៤០នាក់៕

អត្ថបទដែលជាប់ទាក់ទង