អគ្គិភ័យឆេះរោងចក្រផលិតគ្រឿងសង្ហារឹម ប្រាយវ៉េរ យ៉ាងសន្ធោរសន្ធៅ​ សង្ស័យមានគេលួចដុត សំណាងបានឡានទឹក៦គ្រឿង ពន្លត់ទាន់ពេល!

ខេត្តកណ្ដាល​ ៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ​ កម្ពុជាទាន់ហេតុការណ៍​ CHN បានឲ្យដឹងថា​មានអគ្គិភ័យមួយបានឆាបឆេះក្នុងរោងចក្រផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ យីហោ​ “ប្រាយវ៉េ ហ្វើនីឈ័រ” យ៉ាងសន្ធោរសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវេលា។

ករណីអគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១​០:​០០នាទី​ព្រឹក ថ្ងៃច័ន្ទ​ ០២កើត ខែពិសាខ​ ឆ្នាំ​ច​ សំរិទ្ធស័ក​ ពស​ ២៥៦២ ​ត្រូវនឹងថៃ្ង ទី​១៦​ ខែមេសា​ ​ឆ្នាំ​២០១៨​ ឆេះរោងចក្រ​ ប្រាយវ៉េ ហ្វើនីឈ័រ” (BRIGHTWAY FURNITURE) ផលិតគ្រឿងសង្ហារឹម និងក្ដារកុងផ្លាកេ នៅតាមផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ​លេខ២៧ ស្ថិតក្នុងភូមិទឹកជា​ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

លោក​ឧត្ដមសេនីយ៍ទោ​ អ៊ាវ​ ចំរើន​ ស្នងការរងនគរបាលខេត្តកណ្តាល​ បានដឹកនាំកម្លាំងចុះផ្ទាល់ ក្នុងការអន្តរាគមន៍បាញ់ពន្លត់ទីតាំងខាងលើ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាល ចំនួន ២គ្រឿង និងរថយន្តជំនួយរបស់ទ័ពឆ័ត្រយោង​៩១១​ ចំនួន ២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់កងពលតូចលេខ៧០(៧១១) ចំនួន​២គ្រឿង ដោយប្រើប្រាស់ទឹក អស់ចំនួន០៦ឡាន បានរលត់ជាស្ថាពរ ដែលបណ្ដាលអោយខូចខាត ឈើកៅស៊ូ ចំនួន​ ២០គីប។

បើតាមយោងតាមរបាយការណ៍របស់ នាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា មូលហេតុនោះ សាក្សីបំភ្លឺ​ឈ្មោះ ឃឿន​ ធឿន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ ជាកម្មករ​បានឃើញរថយន្តមួយគ្រឿង​ មានគ្នា​០៤ទៅ០៥នាក់​ បានចូលទៅដុតឈើ​ ហើយបានគំរាមមិនអោយអ្នកណាចូលទៅពន្លត់ភ្លើងកំពុងឆេះនោះទេ​ ដោយប្រពន្ធម្ចាស់ក្រុមហ៊ុន​ឈ្មោះ​ កែវ​ រតនះ​ ហៅចែ​ហ្គិច​ ភេទស្រី​ បើកបររថយន្ត LEXUS 570 ស៊េរី២០​១៧​ ពាក់ផ្លាកលេខ​ ខម​-៦៧៦២ គឺជាអ្នកដុត​ រួចបើករថយន្តចេញទៅតែម្ដង មួយសន្ទុះក្រោយមកក៏មានផ្សែងហ៊ុយចេញមក និងមានអណ្ដាតភ្លើងឆាបឆេះឡើងតែម្ដង។

យ៉ាងណាមិញ​ភ្នាក់ងារ កម្ពុជាទាន់ហេតុការណ៍​ CHN​ ​យើងមិនទាន់ទទួលបាន ការអះអាងពីឯកឧត្តមស្នងការខេត្តកណ្ដាលនៅឡើយទេ ពាក់ព័ន្ធនឹងអះអាងពីសាក្សីថាមាន ការចូលលួចដុតឈើ ក្នុងរោចក្រផលិតឈើកៅស៊ូ ប្រាយវ៉េរ នោះនៅឡើយទេ ខណៈនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវនិងសាកសួរ៕ អត្ថបទ​ AhBoYz៚

អត្ថបទដែលជាប់ទាក់ទង