ទេសរដ្ឋមន្រ្តី ច័ន្ទ សារុន ជំរុញពលរដ្ឋ ធ្វើបុណ្យអោយបានច្រើនៗ

តាកែវ៖ លោក ទេសរដ្ឋមន្រ្តី ច័ន្ទ សារុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកត្រាំកក់ ខេត្តតាកែវ បានជំរុញបែបនេះ នៅក្នុងពិធីស្រោចស្រង់ព្រះសុគន្ធវារីប្រគេនព្រះចៅអធិការវត្តទាំង៥ក្នុងឃុំត្រពាំងធំខាងជើង និងស្រោចស្រង់ទឹកជូនតាជីយាយជីចំនួន២០០នាក់ ដែលប្រារព្ធធ្វើឡើងនៅវត្តមង្គលមានលក្ខណ៍ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៦ ខែមេសា ។

លោកថា ការស្រង់ព្រះ និងស្រោចស្រង់សុគ្ធវារី ព្រមទាំងការស្រោចទឹកជូនចាស់ព្រឹទ្ធារចារ្យ មាតាបិតា គឺការសម្តែងឲ្យឃើញពីការលាងសម្អាតចិត្តឲ្យជ្រះស្រឡះពីអំពើបាបទាំងពួង និងជាការគោរពដឹងគុណ សងគុណចំពោះមានអ្នកគុណដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំយើងតាំងពីតូច ពិសេសគឺការគោរពប្រតិបិត្តតាមជំនឿព្រះពុទ្ធសាសនាចំពោះការស្រោចស្រង់ព្រះ។

ទេសរដ្ឋមន្រ្តី ច័ន្ទ សារុន បានឲ្យដឹងថា មិនថាតែរដូវខែបុណ្យទាន ពិសេសគឺរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរម្តងៗ បងប្អូនប្រជាពលរដ្ឋតែងតែប្រារព្ធពិធីស្រោចស្រង់ព្រះ និងស្រោចស្រងទឹកជូនមនុស្សចាស់ អ្នកមានគុណ ដើម្បីបង្ហាញពីការគោរពដឹងគុណចំពោះគុណ ហើយដោយឡែកចំពោះការស្រោចស្រង់សុគន្ធវារីជូនព្រះសង្ឃ ក៍ប្រជាពុទ្ធបរិស័ទតែងតែប្រារព្ធធ្វើឡើងដែរមិនថាតែថ្ងៃបុណ្យទាន ឬចូលឆ្នាំនោះទេ ។

ជាមួយគ្នានេះដែរ អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក៏បានធ្វើការផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមយុវជន សូមធ្វើដំណើរត្រឡប់ទៅកន្លែងធ្វើការវិញ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ បើកបរត្រូវចេះយោគយល់ និងអធ្យោស្រ័យឲ្យគ្នាទៅវិញទៅមក ពិសេសមិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងឡើយ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕

អត្ថបទដែលជាប់ទាក់ទង