ខ្មែរឥស្លាមស្រុកក្រូចឆ្មា រៀបចំប្រកួតបាល់ទាត់ ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចូលរួមឧបត្ថម្ភ និង ប្រគល់ពានរង្វាន់បាល់ទាត់

ខេត្តត្បូងឃ្មុំ ៖បងប្អូនខ្មែរឥស្លាមជាង៣ពាន់នាក់ បានសំដែងនូវមោទនភាព ព្រោះបានឃើញមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានចូលរួមលើកទឹកចិត្តដល់វិស័យកីឡាប្រចាំស្រុកក្រូចឆ្មា ខណៈអ្នកភូមិបានរៀបចំកម្មវិធីទាត់បាល់នេះឡើងជាលើកទី៤ ដោយមានពានរង្វាន់ « Ramadon Champion » ខណៈការប្រកួតនេះ សុទ្ធតែជាជំរើសជើងខ្លាំងប្រចាំភូមិមកប្រកួតមិត្តភាពយ៉ាងជក់ចិត្ត ។

អ្នកឈ្នះបានពានរង្វាន់លេខ១បានទៅលើក្រុមកីឡាបាល់ទាត់វិទ្យាល័យហាជ្ជីហ្វិកក្រី ជំនីក ។

ការប្រកួតនេះ ប្រព្រឹត្តិទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ខែ មេសា ដល់ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៨ នេះ ហើយការប្រកួតដណ្ដើមយកពានរង្វាន់ បានធ្វើឡើងនាល្ងាចថ្ងៃអង្គារ៍ ៤កើត ខែពិសាខ សំរិទ្ឋស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៨ នៅទីលានបាល់ទាត់ភូមិខ្ពប ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

វត្តមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដែលចូលរួមប្រគល់ពានរង្វាន់នេះ គឺមានឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព សយសស និង ឯកឧត្តម សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេចមហាពញាចក្រី ហេង សំរិន និងជាប្រធានកិត្តិយសសម្ពនយុវជនស្រលាញ់សន្តិភាពសាខាខ្មែរឥស្លាមស្រលាញ់សន្តិភាព ព្រមទាំងអស់លោកមន្ត្រីជាច្រើននាក់ផ្សេងទៀតផងដែរ ។

លោកស្រី យូសុះ ហ្វាតៀរនី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងជា ប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ពិតណាស់ ដោយសារកម្ពុជាយើងមានសន្តិភាព ទើបប្រទេសយើងសំបូរសប្បាយ ហើយបងប្អូនខ្មែរឥស្លាមយើង មានឱកាសបង្កើតកម្មវិធីសប្បាយៗយ៉ាងច្រើន តួយ៉ាងដូចជា ការបើកប្រកួតកីឡាបាល់ទាត់មិត្តភាពនេះជាដើម ។

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងយែយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនខ្មែរឥស្លាម ហើយក៍បានផ្ដល់សិទ្ធិសេរីភាពយ៉ាងពេញលេញផងដែរ ។

ឯកឧត្តមថា បច្ចុប្បន្ននេះ កម្ពុជាយើងមានសន្តិភាពហើយ ហើយថែមទាំងមានការអភិវឌ្ឍន៍ទៅមុខជាលំដាប់ ក្រោមការដឹកនាំដ៍ឈ្លៀសវៃរបស់សម្ដេចតេជោប្រមុខរដ្ឋាភិបាល ហើយថាកត្តាសន្តិភាពនេះ ពិតជាមានសារសំខាន់បំផុត ដែលអាចផ្ដល់ឱកាសដល់ពលរដ្ឋ និង វិនិយោគិនបរទេសមកបណ្ដាក់ទុករស៊ីយ៉ាងស្រួលចិត្ត ។

ឯកឧត្តមថា នៅបរទេសសព្វថ្ងៃនេះ ដូចជាប្រទេសស៊ីរីជាដើម កំពុងញាំញីទៅដោយភាពវ៊ឹកវរ បញ្ហាផ្សេងៗ រីឯបងប្អូនខ្មែរឥស្លាមនៅកម្ពុជាយើងវិញ កំពុងមានសុខសន្តិភាព រស់នៅប្រកបមុខរបររកស៊ីផ្សេងៗបានយ៉ាងកាក់កប និង ងាយស្រួលថែមទៀតផង ។

គួរជំរាបថា ក្នុងកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់ « Ramadon Champion » នេះ អ្នកឈ្នះរង្វាន់ទទួលបានថវិការ ១០០០ $ ខណៈឯកឧត្តមទេសរដ្ឋមន្ត្រីជា សុផារ៉ា បានឧបត្ថម្ភ ៣ លាន និង ឯកឧត្តម សុះ មូហាំម៉ាត់ ឧបត្ថម្ភក្រុមកីឡាជាប់លេខ ២ ចំនួន ៥០០ $ ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង