កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាច្រើនគ្រួសារក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាឥតទីពឹង ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា និងអ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួនទាំអស់ ៥៩៧គ្រួសារ មកពី៨ភូមិ ៣ឃុំ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មានចំនួន ២៨៥គ្រួសារ និងមកពី ៦ភូមិ ២សង្កាត់ ក្រុងស្ទឹងត្រែង មានចំនួន ៣១២គ្រួសារ។

ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ចំពោះប្រជាពលរដ្ឋទាំងអស់ និងសូមផ្តាំផ្ញើឱ្យថែទាំសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ និងខិតខំបន្តប្រកបរបរចិញ្ចឹមជីវិតដោយសេចក្តីថ្លៃថ្នូរក្នុងប្រទេសដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនេះ។

គ្រួសារទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដល់ប្រជាពលរដ្ឋមានទុក្ខលំបាកដោយគ្មានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ សារុង១ ក្រមា១ និងភួយ១។

ឆ្លៀតក្នុងឱកាសក្នុងថ្ងៃដែរ លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក៏បានចុះសួរសុខទុក្ខដល់ចាស់ជរាតាមខ្នងផ្ទះ ចំនួន ៥គ្រួសារ នៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក និង ៥គ្រួសារទៀត នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕ ដោយ សុខា (SLH)

អត្ថបទដែលជាប់ទាក់ទង