ក្រុមអ្នកជំនាញយោធាមកពីប្រទេសចំនួន២២ បានធ្វើកិច្ចប្រជុំក្នុងទីក្រុងអាម៉ាន់

ប្រទេសហ្ស៊កដានី៖ ក្រុមមេបញ្ជាការជាន់ខ្ពស់ និងអ្នកជំនាញយោធាមកពីប្រទេសចំនួន២២បានប្រជុំគ្នានៅក្នុងសិក្ខាសាលាមួយក្នុងទីក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី កាលពីថ្ងៃអង្គារ ដែលនេះគឺជាផ្នែកមួយនៃសមយុទ្ធ អ៊ីហ្គឺរ ឡាយអិន (Eager Lion) ប្រចាំឆ្នាំ។

អ្នកចូលរួមទាំងអស់បានពិភាក្សាអំពីការវិលត្រឡប់របស់ក្រុមយុទ្ធជនបរទេសពីតំបន់មានជម្លោះទៅកាន់ប្រទេសកំណើតរបស់ពួកគេ, ការគ្រប់គ្រងតំបន់អនាធិបតេយ្យមួយចំនួន និងការគំរាមកំហែងនាពេលបច្ចុប្បន្ននេះដែលបង្កឡើងដោយយន្តហោះគ្មានមនុស្សបើក។

នៅក្នុងការថ្លែងសុន្ទរកថាបើកសិក្ខាសាលានោះ, ឧត្តមសេនីយ៍ឯកនៃកងកម្លាំងប្រដាប់អាវុធហ្ស៊កដានីក៏បានគូសបញ្ជាក់ផងដែរអំពីតួនាទីរបស់ក្រុមចំរុះនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

គួរបញ្ជាក់ថា សមយុទ្ធ អ៊ីហ្គឺរ ឡាយអិន (Eager Lion) គឺជាសមយុទ្ធប្រចាំឆ្នាំដែលមានការចូលរួមពីបណ្តាប្រទេសជាច្រើន និងត្រូវបានរៀបចំធ្វើឡើងនៅក្នុងប្រទេសហ្ស៊កដានីចាប់តាំងពីឆ្នាំ២០១១មក។

សមយុទ្ធនៅក្នុងឆ្នាំនេះបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមេសាដោយមានការចូលរួមពីទាហានអាមេរិក និងទាហានហ្ស៊កដានីជាង៧ពាន់នាក់ ដែលរួមទាំងកងកម្លាំងផ្លូវគោក, ផ្លូវទឹក និងផ្លូវអាកាស៕

អត្ថបទដែលជាប់ទាក់ទង