ឯកឧត្ដម ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយអតីតប្រមុខ UNTAC លោក យ៉ាស៊ូស៊ី អាកាស៊ី

ប្រទេសជប៉ុន៖ នៅរសៀល ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្ដម ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសមជាមួយលោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) អតីតតំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅកម្ពុជា ។

ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្ដម ហ៊ុន ម៉ាណែត បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោក អាកាស៊ី ព្រមទាំងជម្រាបជូនអំពីបច្ចុប្បន្នភាពនៅកម្ពុជាជាពិសេសទាក់ទងនឹងស្ថិរភាព និងការអភិវឌ្ឍន៍។

ជាការឆ្លើយតបលោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) បានសម្តែងនូវក្តីរំភើបរីករាយដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយឯកឧត្ដម ហ៊ុន ម៉ាណែត នៅលើទឹកដីជប៉ុននេះ ក្រោយពីបញ្ចប់បេសកកម្ម UNTAC ឆ្នាំ១៩៩៣មក ហើយតាមរយៈការជួបផ្ទាល់នេះ លោកក៏បានផ្តាំផ្ញើរក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ផងដែរ ។

ទន្ទឹមនេះលោកអតីតប្រមុខUNTAC បានកោតសរសើរការអភិវឌ្ឍន៍របស់កម្ពុជាមកដល់ពេលនេះមានភាពជឿនលឿន និងឆាប់រហ័ស បំពេញបាននូវតម្រូវការរបស់ប្រជាពរដ្ឋកម្ពុជាប្រាថ្នាចង់បាន គឺសន្តិភាព និងស្ថិរភាព។ មុនបញ្ចប់ការសំណេះសំណាលលោក យ៉ាស៊ូស៊ី អាកាស៊ី ក៏ផ្តល់នូវសៀវភៅកម្រងអនុស្សាវរីយ៏ស្តីពីការបំពេញបេសកម្មស្វែងរកសន្តិភាពនៅកម្ពុជានាពេលកន្លងមក ជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង