ពលរដ្ឋខ្មែរឥស្លាម សប្បាយរីករាយ ព្រោះមន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ ចូលរួមពិធីបាល់ទាត់ក្នុងភូមិ

កំពង់ឆ្នាំង ៖ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ « ឯកឧត្តម សុះ មូហាំម៉ាត់ រដូវកាលទី ២ ឆ្នាំ ២០១៨ » នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ នៅតារាងបាល់ទាត់ ភូមិអូរលយ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់សាសនិកឥស្លាមក្នុងជួររាជរដ្ឋាភិបាល មន្ត្រីរាជការ និង អជ្ញាធរមូលដ្ឋាន ព្រមទាំង សម្ពន្ធយុវជនស្រលាញ់សន្តិភាព ( សយសស ) ។

លោក រ៉េស កើ ប្រធានសាខាខ្មែរឥស្លាមស្រលាញ់សន្តិភាព នៃ សយសស បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមានការចូលរួមប្រកួតពីក្រុមកីឡាបាល់ទាត់ចំនួន ១៦ ក្រុម ក្នុងស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងនោះមានបងប្អូនពុទ្ឋសាសនិកចំនួន ២ក្រុម, សាសនិកឥស្លាមចំនួន ១៣ក្រុម និងគ្រឹសសាសនិកចំនួន១ក្រុម ។ លោកបានបន្តទៀតថាមូលហេតុនៃការរៀបចំព្រឹត្តិការណ៍នេះគឺ៖
១. មានការសំណូមពរពីក្រុមកីឡាបាល់ទាត់ក្នុងស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។

២. ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ ក្នុងស្រទាប់យុវជន និងធ្វើអោយយុវជន មានសុខភាពល្អ សាមគ្គីភាព ភាពសប្បាយរីករាយ ជាពិសេសដើម្បីជៀសឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយកមុខផ្សេងៗ ។

៣. ដើម្បីតបស្នងសងគុណដល់រាជរដ្ឋាភិបាលកម្ពុជា គណបកក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេសមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ជឿនលឿនលើគ្រប់វិស័យ ដែលក្នុងនោះក៏មានការលើកកម្ពស់ដល់សហគមន៍ខ្មែរឥស្លាមផងដែរ ។

ឯកឧត្តម សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាប្រធានកិត្តិយស សាខាខ្មែរឥស្លាមស្រលាញ់សន្តិភាព ថ្លែងនូវការកោតសរសើរ ដល់ក្រុមកីឡាបាល់ទាត់ និងអជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ ធ្វើអោយព្រឹត្តិការណ៍រលូន ពីដើមរហូតដល់ចប់ ហើយឯកឧត្តមបានសន្យាថា នឹងឧបត្ថម្ភគាំទ្រ ដល់ព្រឹតិតការណ៍នេះនាឆ្នាំបន្តបន្ទាប់ទៀត និងបានស្នើសុំអោយបងប្អូនទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងធ្វើការកោតសរសើរដល់ កីឡាករ និងអ្នករៀបចំកម្មវិធី ព្រមទាំងអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលមានជួយសម្រួលដល់ព្រឹត្តិការណ៍នេះដំណើរបានជោគជ័យគួរជាទីមោទនៈ លោកជំទាវក៏បានជម្រុញអោយមានការរៀបចំព្រឹត្តិការណ៍នេះអោយបានច្រើនជាបន្តទៀត ។

សប្បុរសជនដែលបានឧបត្ថម្ភព្រឹត្តិការណ៍នេះរួមមាន ៖
១. ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ថវិកា ១០០ ដុល្លារ

២. ឯកឧត្តម សុះមូហាំម៉ាត់ ថវិកា ១០០០ដុល្លារ

៣. ឯកឧត្តម ហូសេន មហាម៉ាត់ហ្វារីត ថវិកា ១៥០ ដុល្លារ

៤. លោកឧកញ៉ា លី ម៉ាន ថវិកា ១២០ ដុល្លារ

៥. ម៉ាកាស់លែន ថវិកា ១០០ ដុល្លារ

៦. លោក តាំ សារឿន ថវិកា ២៥ ដុល្លារ

ជ័យជម្នះបានទៅលើ ៖

ពានលេខ ១ ក្រុមយុវជនឈូកក្រញាស់ ទទួលបានថវិកា ១លានរៀល

លេខ ២ ក្រុមយុវជនត្រពាំងខ្ទុំ ថវិកា ៦០ម៊ឺនរៀល

លេខ ៣ ក្រុមយុវជនសួនអេម៉ាញូអែល ថវិកា ៤៨ម៊ឺនរៀល

លេខ ៤ ក្រុមយុវជនព្រាបសស្រឡាញ់សន្តិភាព ៤០ម៊ឺនរៀល

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅដោយរលូនក្នុងបរិយាកាសសប្បាយរីករាយ និងមានការអបអរសាទរ ពីកីឡាករ និងអ្នកទស្សនាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង