អង្គការស្ទឹងត្រែងអភិវឌ្ឍន៍ស្ត្រី បារម្ភពីផលិផលអម្បាញសូត្រខ្មែរ ​បាត់បង់ទីផ្សារ

ស្ទឹងត្រែង៖ ផលិតផលសូត្រ​នៅខេត្តស្ទឹងត្រែងត្រូវបាន​ទីផ្សារអន្តរជាតិ​​កាត់​បន្ថយការបញ្ជាទិញ ធ្វើឱ្យបងប្អូន​ស្ត្រី​​មួយចំនួនបាត់បង់ការងារ និងប្រាក់ចំណូល​តែអង្គការ​ស្ទឹងត្រែងអភិវឌ្ឍន៍ស្តី្រនៅខេត្ត​នេះ​នៅតែនាំគ្នាអភិរក្សមុខរបរនេះ​ ព្រោះវាជាតម្បាញបែបបុរាណដែលខ្មែរយើងមាន​ពីដើមមក។​​​

​លោកស្រី លឺម លាងអ៊ីម ប្រធានក្រុមតម្បាញសូត្រនៃអង្គការ​ស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តី​ បានបញ្ជាក់ថា​ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨​នេះថា បងប្អូនស្រីបានខិត​ខំ​ត្បាញសូត្ររួមមាន សំពត់ហូល អាវ ក្រមារ និងសំលៀក​បំពាក់​ផ្សេងៗទៀត ​ដើម្បី​ចង់រួមគ្នា​អភិរក្សមុខរបរតម្បាញនេះ​ និងរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជី​វិតផង។

លោកស្រីបានអះអាងថា ជាអកុសលនៅឆ្នាំ២០១៨នេះ ផលិតផលសូត្រ​​ត្រូវ​ទីផ្សារបរទេសកាត់​បន្ថយ​ការ​​​បញ្ជាទិញ ចំណែកក្នុងស្រុកគ្មានទីផ្សារឡើយ ដូចនេះការផលិតយើង​ត្រូវកាត់បន្ថយ​មួយចំ​នួន​ តែមួយចំនួនទៀតដើម្បីលក់តិចៗ សំរាប់​ភ្ញៀវ​កម្ម៉ង់ពីប្រទេសជប៉ុន ហើយចំណែកភ្ញៀវដែលចូលមកទិញផ្ទាល់នៅទីនេះគឺធ្លាក់ចុះកាន់តែមែនទែន ។

អ្នកស្រី យិន សុខនីន នៅភូមិតាដុងតាដាំ សង្កាត់ស្រែឫស្សី ក្រុងស្ទឹងត្រែងជាអ្នកតម្បាញ​សូត្របានលើកឡើងថា ករណីនេះជាបញ្ហាប្រឈមធំបំផុតដែលអាច​ធ្វើឱ្យប៉ះពាល់​ដល់មុខរបរ​ដែល​បង​ប្អូន​ស្ត្រី​ខ្មែរ​​បាន​​ខិតខំ​រៀន​ចេះ​មុខជំនាញតម្បាញ ​តពីដូនតានេះ។

អ្នកស្រីបានអះអាងថា ពីមុន​ជីវភាពរស់នៅក្នុងគ្រួសារគាត់មានការលំបាកគ្រប់បែបយ៉ាង តែចាប់ពី​ពេល​បានមកធ្វើការងារតម្បាញ ជាមួយអង្គការស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តីមកឃើញថា មានជីវភាព​ប្រសើរ​ជាងមុន តែពេលនេះភាពគ្មានទីផ្សារ នឹង​ធ្វើឲ្យបាត់បង់មុខរបរពីបុរាណនេះ។

លោក គឹម ដារាចាន់ ប្រ​ធានគ្រប់គ្រងអង្គការស្ទឹងត្រែងអភិវឌ្ឍន៍ស្រ្តី បានទទួលស្គាល់ថា កត្តា​ជីវភាព​ពិតជានាំឱ្យទៅរកភាពបែបនេះមែន ហើយជាង១០ឆ្នាំមកនេះលោកក៏បានប្រឹងប្រែង​ជួយបណ្តុះ​​បណ្តាល​ជំនាញតម្បាញនេះ ដើម្បីឲ្យបងប្អូនស្ត្រីខ្មែរ​មានការងារធ្វើនៅក្នុងស្រុកហើយអាច​រក្សាបានមុខរបរពីបុរាណមួយនេះ សម្រាប់កូនចៅជំនាន់ក្រោយ​ៗ​ទៀត បានស្គាល់ និងចេះធ្វើ។

សូមបញ្ជាក់ថា បច្ចុប្បន្ន​ទីផ្សារបរទេសដូចជា អូស្ត្រាលី បារាំង អាមេរិក កាណាដា ស្វីស និង​អង់​​គ្លេស​​​ បាន​​​កាត់​បន្ថយការបញ្ជាទិញស្ទើរតែធ្វើឲ្យមុខរបរនេះរលាយបាត់បង់ តែអង្គការនេះ​នៅតែ​ព្យា​យាម​ធ្វើ​ទៅ​តាមលទ្ធភាព ហើយបន្តស្វែងរកទីផ្សារផ្សេងៗទៀត​៕ EK (PC2)

អត្ថបទដែលជាប់ទាក់ទង