​​សាស្ត្រា​ស្លឹករឹត ដែលកើតចេញពីស្លឹកទ្រាំង ប្រវត្តិដើម​ទ្រាំង​ មាន​ដើម​កំណើត​នៅ​ភាគ​ខាង​កើត​ និង​ខាង​ជើង​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ស្រីលង្កា…

ដើមទ្រាំង គេ​យក​ស្លឹក​ចារសាស្ត្រា​ហៅថា ស្លឹករឹត​
ស្លឹករឹត គឺជា​ប្រភេទ​ស្លឹក​រុក្ខជាតិ​ម្យ៉ាង​ ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​ការ​ចង​ក្រង​ឯកសារ​ទាក់ទង​នឹង​វប្បធម៌ អត្តសញ្ញាណ សាសនា និង​ប្រវត្តិសាស្ត្រ​ប្រទេសកម្ពុជា។ ប្រវត្តិ​វិទូនិង​អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្ត្រ​ខែ្មរ​ បញ្ជាក់​ថា​ ការ​យល់​ដឹង​ពី​ប្រភព​ដើម​កំណើត​ និង​ខ្លឹម​សារ​វប្បធម៌​ប្រវត្តិសាស្ត្រ​របស់​ស្លឹករឹត​ នៅ​មាន​កម្រិត​នៅ​ឡើយ​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​យុវជន​កម្ពុជា។ ដូច្នេះ​ដើម្បី​ចូល​រួម​លើក​កម្ពស់​ការ​យល់​ដឹង​ពី​កេរ​មរតក​វប្បធម៌​ អត្តសញ្ញាណ​ជាតិ​ សាសនា​ និង​ប្រវត្តិសាស្ត្រ​កម្ពុជា​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​យក​ ស្លឹករឹត​ ដាក់​ឈ្មោះ​វិទ្យាស្ថាន​ស្រាវជ្រាវ​អចិន្ត្រៃយ៍​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ «វិទ្យាស្ថាន​ស្លឹករឹត»។

គំរូប្លង់​នៃ​វិទ្យាស្ថាន​ស្លឹក​រឹត (រូបថត​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)នេះជាគំរូប្លង់​នៃ​វិទ្យាស្ថាន​ស្លឹក​រឹត (រូបថត​ផ្តល់​ឱ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ប្រភព​ស្លឹករឹត​

ស្លឹករឹត​ គឺជា​ស្លឹក​របស់​ដើម​ទ្រាំង។ ដើម​ទ្រាំង​ មាន​ដើម​កំណើត​នៅ​ភាគ​ខាង​កើត​ និង​ខាង​ជើង​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ស្រីលង្កា។ នៅ​ទ្វីប​អាស៊ី​អាគ្នេយ៍​វិញ​ ដើម​ទ្រាំង​នេះ​មាន​នៅ​ប្រទេស​កម្ពុជា​ ភូមា​ និង​ប្រទេស​ថៃ។ នៅ​ប្រទេស​កម្ពុជា​ ដើម​ទ្រាំង​ភាគ​ច្រើន​មាន​នៅ​ខេត្ត​ក្រចេះ​ និង​ខេត្ត​កំពង់ធំ។

ដើម​ទ្រាំង​ គឺជា​ដើម​ឈើ​ប្រភេទ​តចសារ​ព្រឹក្ស​មួយ​ដែល​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក។ ដើម​ទ្រាំង​នេះ​មាន​កម្ពស់​ខ្ពស់រហូត​ដល់​២៥ម៉ែត្រ​ ហើយ​មាន​អាយុ​កាល​យូរ​អង្វែង​ ជាង​អាយុ​មនុស្ស​ទៅ​ទៀត។ ប៉ុន្តែ​ ដល់​កាល​កំណត់​របស់​វា​ ដើម​ទ្រាំង​នឹង​ងាប់​ដោយ​ឯក​ឯង​ ក្រោយ​ពេល​ដែល​វា​ចេញ​ផ្កា​ចំ​ត្រង់​កំពូល​ ចេញ​ផ្លែ​ជា​ធ្លាយ​ ហើយ​ផ្លែ​នោះ​ទុំ​ជ្រុះ។ លោក​ សឹង​ ផុស​ សាស្ត្រា​ចារ្យ​ចូល​និវត្តន៍​ខាង​អក្សរ​សាស្ត្រ​ខ្មែរ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​ពន្យល់​បន្ថែម​ថា៖«ដើម​ទ្រាំង​ លោក​ពន្យល់​ថា​ ជា​ប្រភេទ​តច​សារ​ព្រឹក្ស។ គឺ​ជា​ដើម​ឈើ​មួយ​ប្រភេទ​ ដែល​ខ្លឹម​របស់​វា​នៅ​ខាង​ក្រៅ​ ហើយ​កណ្តាល​គឺ​ឥត​ខ្លឹម​ទេ​។ ដើម​ទ្រាំង​ជា​ប្រភេទ​ដើម​ស្លា​ ដើម​ដូង​ ដើម​ត្នោត​។ តច​ ប្រែ​ថា​សំបក ឬ​ស្បែក ហើយ​សារ​ព្រឹក្ស​គឺ​ខ្លឹម»។

  ដើមទ្រាំងជាប្រភេទរុក្ខជាតិមួយបែបដែលមានដុះនៅព្រះរាជាណាចក្រកម្ពុជា ដែលបុព្វបុរសខ្មែរនៃយើងយកកំពូលរបស់វាទុកចារឹកដែលហៅថាសាស្រ្តាស្លឹករឹត។ បានចារឹកទុកនៅ សម្បត្តិមរតក អត្តសញ្ញាណរបស់ខ្មែរ ។ដើមរបស់វាមានផ្កា ផ្លែម្តងពេលវាមានអាយុ៣០ទៅ៤០ឆ្នាំ។យើងជាកុលបុត្រខេមរាគួរអភិរក្សថែឱ្យបានល្អ…។ កំណត់ត្រារបស់ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង អគ្គលេខាសមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association . May 2 at 7:07pm 

សាស្ត្រា​ស្លឹករឹត​

តាម​ការ​ពន្យល់​ពាក្យ​របស់​សម្តេច​សង្ឃ​ ជួន​ ណាត​ សាស្ត្រា​ក្នុង​ភាសា​បាលី​ និង​សំស្រ្កឹត​ គឺ​សំដៅ​លើ​ក្បួន​ច្បាប់​ ដែល​ស្តី​អំពី​ចំណេះ​ដឹង​ វិទ្យាសាស្ត្រ​ សាសនា​ ច្បាប់​ ទ្រឹស្តី​អប់រំ​ផ្សេងៗ​អំពី​ជីវិត។

(គម្ពីរ​សាស្ត្រា​ស្លឹក​រឹត​ជា​ភាសា​បាលី)

ទាក់​ទង​នឹង​កាល​ប្រវត្តិ​របស់​សាស្ត្រា​ស្លឹករឹត​ លោក​បណ្ឌិត​ លី​ សុរវី​ សាស្ត្រាចារ្យ​កត្តិយស​ខាង​អក្សរ​សាស្ត្រ​ខ្មែរ​វ័យ​ដ៏​ចំណាស់​ម្នាក់​ រៀប​រាប់​ថា៖«ស្លឹករឹត​កើត​តាំង​ពី​ក្រោយ​សម័យ​អង្គរ។ មាន​ឯកសារ​តាំង​ពី​ពេល​នោះ​មក​ យូរ​ហើយ​ មិន​មែន​ឥឡូវ​ទេ។ ប៉ុន្តែ​ តាម​ខ្ញុំ​សន្និដ្ឋាន​ វា​មាន​តាំង​ពី​មុន​សម័យ​អង្គរ​ផង»។
បន្ថែម​លើ​នេះ​ លោក​បណ្ឌិត​ សួន​ ឱសថ​ បណ្ឌិត​សាស្ត្រា​ចារ្យ​អក្សរ​សាស្ត្រ​ខ្មែរ​ និង​អតីត​ទី​ប្រឹក្សា​ពុទ្ធ​សាសន​បណ្ឌិត​អម​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិតក​ ថា​ កាល​ប្រវត្តិ​នៃ​សាស្ត្រា​ស្លឹករឹត​ចាប់ផ្តើម​មាន​តាំង​ពី​សតវត្សរ៍​ទី៩​មក​ នៅ​ពេល​ដែល​ខ្មែរ​មន​ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ភូមា។ លោក​ថា៖«​ប្រទេស​ភូមា​បាន​ទៅ​ចម្លង​ព្រះ​ត្រៃ​បិតក​ជា​សាស្ត្រា​ស្លឹករឹត​ពីរ​ច្បាប់។ មួយ​ច្បាប់​ជា​ភាសា​សំស្ក្រឹត​ និង​មួយ​ច្បាប់​ទៀត​ជា​ភាសា​បាលី។ ហើយ​ភាសា​បាលី​ចូល​មក​ស្រុក​ខ្មែរ​យើង​ ជាមួយ​នឹង​ព្រះ​កែវ​មរកត​មួយ​ព្រះ​អង្គ​ផង​ ដែល​ភូមា​បាន​សុំ​ពី​ប្រទេស​ស្រីលង្កា​មក។ ជា​សំណាង​របស់​ខ្មែរ​យើង​ មាន​សំពៅ​ផ្ទុក​ទៅ​ដោយ​ព្រះ​ត្រៃ​បិតក​ និង​ព្រះពុទ្ធ​រូប​ព្រះ​កែវ​មរកត​ចូល​មក​ស្រុក​ខ្មែរ​យើង។ ហើយ​យើង​ក៏​បាន​តម្កល់​ទុក​រហូត​មក។ ហើយ​ពេល​នោះ​ ខ្មែរ​យើង​បាន​ចម្លង​សាស្ត្រា​ស្លឹករឹត​ជា​ភាសា​បាលី​ទុក​ដាក់​នៅ​តាម​វត្ត​អារាម​គ្រប់​ទី​កន្លែង​ដើម្បី​សិក្សា»។

(សាស្ត្រា​ស្លឹក​រឹត​ដ៏យូរ​អង្វែង​មួយ​ពី​សតវត្សរ៍​ទី១៤​បន្សល់​ទុក​ក្រោយ​ពី​របប​ខ្មែរ​ក្រហម ឯកសារក្នុង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ចំណែក​ឯ​ លោក​បណ្ឌិត​ ចាន់​ សំណព្វ​ សាស្ត្រា​ចារ្យ​អក្សរ​សាស្ត្រ​ខ្មែរ​មួយ​រូប​ទៀត​ រៀបរាប់​ថា៖«ពី​ដើម​ឡើយ​ យើង​មាន​ប្រវត្តិ​កត់​ត្រា​ចារ​ទុក​នៅ​លើ​ផ្ទាំង​ថ្ម​ ដែល​គេ​ហៅ​ថា​ សិលា​ចារឹក។ ហើយ​ក្រោយ​មក​នៅ​ក្នុង​សម័យ​ខ្មែរ​កណ្តាល​ យើង​បាន​ប្តូរ​ទំនៀម​ទម្លាប់​នៃ​ការ​ចារ​នៅ​លើ​ផ្ទាំង​ថ្ម​ គឺ​ចារ​នៅ​លើ​ស្លឹករឹត»។
ការ​ចារ​សាស្ត្រា​ស្លឹករឹត​មាន​លក្ខណៈ​ពិសេស​ ហើយ​ទាម​ទារ​រយៈពេល​យូរ។ ស្លឹករឹត​ដែល​ស្ងួត​ ត្រូវ​បាន​គេ​យក​ដែក​ចារ​មក​ចារ​ រំលេច​ចេញ​ជា​តួ​អក្សរ។ ក្រោយ​ពី​ចារ​រួច​ គេ​យក​ទឹក​ខ្មៅ​ ឬ​ជាតិ​ល័ក្ត​ផ្សេង​ៗ​មក​លាប​ ឬ​វាយ​បំបោស​ពី​លើ​ ដើម្បី​ឱ្យ​ចេញ​ជា​គំនូស​ស្នាម​អក្សរ​ ដែល​បាន​ចារ​នៅ​លើ​ស្លឹករឹត​នោះ។ លោក​សាស្ត្រា​ចារ្យ​ លី​ សុរវី​ ថា៖«​ក្រោយ​ពី​ចារ​រួច​ គេ​យក​ទឹក​ខ្មៅ​លាប​ ហើយ​គេ​យក​វា​ជូត​ដោយ​កន្ទក់​ឲ្យ​ស្អាត​ បាន​វា​លេច​អក្សរ​តែ​ម្តង»។ហើយ​លោក​បណ្ឌិត​សាស្ត្រា​ចារ្យ​ ចាន់​ សំណព្វ​ ក៏​បាន​រៀប​រាប់​ថា៖«ពី​ដើម​ឡើយ​ យើង​មាន​ប្រវត្តិ​កត់​ត្រា​ចារ​ទុក​នៅ​លើ​ផ្ទាំង​ថ្ម​ ដែល​គេ​ហៅ​ថា​ សិលា​ចារឹក។ ហើយ​ក្រោយ​មក​នៅ​ក្នុង​សម័យ​ខ្មែរ​កណ្តាល​ យើង​បាន​ប្តូរ​ទំនៀម​ទម្លាប់​នៃ​ការ​ចារ​នៅ​លើ​ផ្ទាំង​ថ្ម​ គឺ​ចារ​នៅ​លើ​ស្លឹករឹត»។

ការ​ចារ​សាស្ត្រា​ស្លឹករឹត​មាន​លក្ខណៈ​ពិសេស​ ហើយ​ទាម​ទារ​រយៈពេល​យូរ។ ស្លឹករឹត​ដែល​ស្ងួត​ ត្រូវ​បាន​គេ​យក​ដែក​ចារ​មក​ចារ​ រំលេច​ចេញ​ជា​តួ​អក្សរ។ ក្រោយ​ពី​ចារ​រួច​ គេ​យក​ទឹក​ខ្មៅ​ ឬ​ជាតិ​ល័ក្ត​ផ្សេង​ៗ​មក​លាប​ ឬ​វាយ​បំបោស​ពី​លើ​ ដើម្បី​ឱយ​ចេញ​ជា​គំនូស​ស្នាម​អក្សរ​ ដែល​បាន​ចារ​នៅ​លើ​ស្លឹករឹត​នោះ។ លោក​សាស្ត្រា​ចារ្យ​ លី​ សុរវី​ ថា៖«​ក្រោយ​ពី​ចារ​រួច​ គេ​យក​ទឹក​ខ្មៅ​លាប​ ហើយ​គេ​យក​វា​ជូត​ដោយ​កន្ទក់​ឲ្យ​ស្អាត​ បាន​វា​លេច​អក្សរ​តែ​ម្តង»។ហើយ​លោក​បណ្ឌិត​សាស្ត្រា​ចារ្យ​ ចាន់​ សំណព្វ​ ក៏​បាន​រៀប​រាប់​ថា៖«គេ​យក​ស្លឹក​ទ្រាំង​មក​ ចារ​ចេញ​ជា​កូត​ រំលេច​ចេញ​ជា​តួ​អក្សរ​ដើម្បី​កត់​ត្រា​ជា​រឿង​រ៉ាវ​ ហើយ​គេ​យក​ម្រះ​ ឬ​ក៏​យក​ជាតិ​ល័ក្ត​ផ្សេងៗ​មក​បោស​វាយ​ពី​លើ​ទៅ​ ដើម្បី​ឲ្យ​មាន​ពណ៌​ខ្មៅ​ រំលេច​ជា​ពណ៌​ផ្សេងៗ​នៅ​លើ​គំនូស​ស្នាម​ ដែល​គេ​បាន​ចារ​នៅ​លើ​ស្លឹករឹត​នោះ»។

កាល​ពី​ដើម​ សំណេរ​នៅ​លើ​សាស្ត្រា​ស្លឹករឹត​ គឺជា​អក្សរ​ក្នុង​សម័យ​ខ្មែរ​កណ្តាល​ ដែល​មាន​តួ​អក្សរ​ប្រហាក់​ប្រហែល​នឹង​តួ​អក្សរ​ខ្មែរ​យើង​សព្វ​ថ្ងៃ​នេះ​ ប៉ុន្តែ​ មាន​រាង​មូល​ជា​អក្សរ​ខ្មែរ​សព្វ​នេះ​បន្តិច។ ហើយ​ភាគ​ច្រើន​ ព្រះសង្ឃ គឺជា​អ្នក​ចារ​សាស្ត្រា​ស្លឹករឹត​នេះ។ យោង​តាម​ការ​បកស្រាយ​របស់​លោក​សាស្ត្រា​ចារ្យ​ សួន​ ឱសថ​ ភាគ​ច្រើន​ការ​ចារ​នេះ​ គឺ​ប្រើ​អក្សរ​ខ្មែរ​ តែ​ក្នុង​សូរ្យ​ជា​ភាសា​បាលី។

សម្បត្តិ​វប្បធម៌​ សាសនា​ និង​ប្រវត្តិ​សាស្ត្រ​របស់​សាស្ត្រា​ស្លឹករឹត​

សាស្ត្រា​ស្លឹករឹត​ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​វប្បធម៌​ និង​សាសនា​របស់​កម្ពុជា។ សាស្ត្រា​ស្លឹករឹត​នេះ​ មានចារ​ជា​ព្រះ​ត្រៃ​បិតក​ ទេវកថា​ ប្រវត្តិ​សាស្ត្រ​នៃ​របប​គ្រប់គ្រង​របស់​សេ្តច​ព្រះ​រាជា​ក្នុង​សម័យ​កាល​នីមួយៗ​របស់​កម្ពុជា​ អរិយ្យធម៌​ខ្មែរ​ ដូចជា​ វប្បធម៌​ ទំនៀម​ទម្លាប់​ប្រពៃណី​ ស្ថាបត្យកម្ម​ ក្បួន​ច្បាប់​ ហោរា​សាស្ត្រ​ និង​រឿង​ព្រេង​ជា​ដើម។ លោក​ ឆាំង​ យុ​ បាន​រៀប​រាប់​ពី​សារសំខាន់​ខាង​ប្រវត្តិ​សាស្ត្រ​មួយ​របស់​ស្លឹករឹត។ លោក​និយាយ​ថា៖«ហើយ​នៅ​ក្នុង​ការ​តស៊ូ​នៅ​ជំនាន់​បារាំង​ បារាំង​បាន​បង្ខំ​ឲ្យ​ខ្មែរ​យើង​ប្តូរ​អក្សរ។ អ្នក​ដឹក​នាំ​ជាតិ​យើង​ ដូច​ជា​ អាចារ្យ​ ពោធិ៍​ កំបោរ​ ក្តី​ បាន​ពួន​នៅ​លើ​ដើម​ទ្រាំង​ ហើយ​បាន​យក​ស្លឹក​ទ្រាំង​សរសេរ​ជា​សារ​ ទម្លាក់​ចុះ​ ឲ្យ​អ្នក​ស្រុក​រួប​រួម​គ្នា​ បះបោរ​ប្រឆាំង​នឹង​បារាំង​ កុំ​ឲ្យ​លុប​អក្សរ​សាស្ត្រ​របស់​យើង។ អញ្ចឹង ស្លឹករឹត​នេះ​ មាន​តួនាទី​ច្រើន​ណាស់​ក្នុង​ការ​ការពារ​ឯករាជ្យ​ភាព​ អក្សរ​សាស្ត្រ​ ការ​ប្រៀន​ប្រដៅ​ដល់​ប្រជាជន​ខ្មែរ​តាំង​ពី​បុរាណ​កាល​មក»។

(កញ្ញាភឿន ផាវី កំពុងចារសាស្រ្តាស្លឹករឹត)

ប៉ុន្តែ​ កេរ្តិ៍មរតក​នៃ​សាស្ត្រា​ស្លឹករឹត​ ត្រូវបាន​ថយ​ចុះ​តាម​រយៈ​កាល។ ជា​ពិសេស​ ក្នុង​របប​ខ្មែរ​ក្រហម​ សាស្ត្រា​ស្លឹករឹត​ជា​ច្រើន​ត្រូវ​បាន​ដុត​បំផ្លាញ​ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​បាន​បំផ្លាញ​វត្ត​អារាម​ និង​សម្លាប់​ព្រះ​សង្ឃ។ ហើយ​ ក្នុង​សម័យ​សាកល​ភាវរូប​នីយ​កម្ម​ ការ​ចារ​សាស្ត្រា​ស្លឹករឹត​ទៀត​សោត​ ស្ទើរ​តែ​ត្រូវ​បាន​បាត់​បង់​ ហើយ​ការ​ថែ​រក្សា​ទុក​ក៏​នៅ​មាន​ចន្លោះ​ប្រហោង​ដែរ។ លោក​បណ្ឌិត​សាស្ត្រា​ចារ្យ​ សួន​ ឱសថ​ អស់​សង្ឃឹម​នឹង​ការ​បន្ត​ចារ​សាស្ត្រា​ស្លឹករឹត​នេះ។ «តាម​ខ្ញុំ​វិភាគ​មើល​ ប្រហែល​ជា​អត់​មាន​ទេ​ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​មិន​ទាន់​ដល់​កម្រិត​ដែរ​ កុំ​ថា​ឡើយ​ការ​បន្ថែម​ថ្មី​ សូម្បី​តែ​ការ​ថែ​រក្សា​ទុក​ដាក់​ក៏​មិន​ទាន់​បាន​ត្រឹម​ត្រូវ​សម​រម្យ​ដែរ»។យ៉ាង​ណា​មិញ​ លោក​ក៏​ទទួល​ស្គាល់​ថា​ ការ​កត់​ត្រា​ និង​រក្សា​ទុក​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ក៏​អាច​មាន​អាយុ​កាល​យូរ​ដែរ។ បន្ថែម​លើ​នេះ​ លោក​បណ្ឌិត​សាស្ត្រា​ចារ្យ​ លី​ សុរវី​ ចង់​ឱ្យ​មាន​ការ​ជួយ​ថែ​រក្សា​វប្បធម៌​នៃ​ចារ​សាស្ត្រា​ស្លឹករឹត។ «ទេ​ ខ្ញុំ​គួរ​តែ​ធ្វើ​ឲ្យ​មាន​ត​ទៀត​ ពី​ព្រោះ​ជីវិត​របស់​វា​មិន​ដូច​ក្រដាស​ទេ។ លើក​លែង​តែ​ភ្លើង​ឆេះ​ វា​មិន​ងាយ​ខូច​ទេ»។ប៉ុន្តែ​ លោក​បណ្ឌិត​សាស្ត្រា​ចារ្យ​ ចាន់​ សំណព្វ​ យល់​ឃើញ​ថា​ ការ​ចារ​សាស្ត្រា​ស្លឹករឹត​នៅ​បន្ត​មាន​នៅ​ឡើយ​នា​ពេល​សព្វ​ថ្ងៃ​នេះ។«ហើយ​សព្វ​ថ្ងៃ​នេះ​ទៀត​សោត​ ទោះ​បី​ជា​ប្រជា​ជន​យើង​ ដែល​ទាំង​អស់​គ្នា​ប្រើ​កត់​ត្រា​ ប៊ិច​លើ​ផ្ទៃ​ក្រដាស​ផ្សេងៗ​ ឈាន​រហូត​ដល់​យើង​មាន​កុំព្យូទ័រ​ប្រើ​ថែម​ទៀត​ ក៏​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​យើង​ទាក់​ទង​នឹង​ការ​កត់​ត្រា​ចារ​ទុក​តាម​បែប​ប្រពៃណី​ខ្មែរ​តាម​ទី​វត្ត​អារាម​ក៏​មិន​មាន​ការ​ផ្លាស់​ប្តូរ​ដែរ»។ទាក់​ទង​នឹង​ការ​ដាក់​ឈ្មោះ​វិទ្យាស្ថាន​ស្លឹករឹត​ លោក​ ឆាំង​ យុ​ បក​ស្រាយ​ថា​ មេ​គំនិត​នៃ​ការ​បង្កើត​វិទ្យាស្ថាន​នេះ​ គឺ​ឈរ​ទៅ​លើ​បញ្ហា​ស្ត្រី​ បរិស្ថាន​ និង​វប្បធម៌។ ហើយ​ការ​ដាក់​ឈ្មោះ​ដោយ​ផ្អែក​តាម​មេ​គំនិត​ទាំង​បី​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​ចង់​បង្ហាញ​ពី​អត្ត​សញ្ញាណ​ជាតិ។ តាម​បរិបថ​បរិដ្ឋាន​ធម្មជាតិ​របស់​កម្ពុជា​ ក្រៅ​ពី​ដើម​ត្នោត​ ស្លឹករឹត​នេះ​ គឺ​បញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិ​ និង​វប្បធម៌​ ប្រពៃណី​ខ្មែរ​ច្រើន។ លោក​ និយាយ​ថា៖«អញ្ចឹង​ ខ្ញុំ​គិត​ថា​ ដាក់​ឈ្មោះ​ស្លឹករឹត​ វា​សាមញ្ញ​ ហើយ​មាន​ន័យ​ទូលំ​ទូលាយ​ ហើយ​វា​មិន​គ្រោត​គ្រាត​ ទោះ​បី​ជា​វិទ្យាស្ថាន​នេះ​ ឈរ​នៅ​លើ​មូលដ្ឋាន​នៃ​ការ​ស្វែងរក​យុត្តិធម៌​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ ប៉ុន្តែ​ យើង​ត្រូវ​ងាក​ចេញ​ពី​ភាព​ជា​ជន​រងគ្រោះ។ យើង​ចង់​ឲ្យ​វិទ្យាស្ថាន​នេះ​ដើរ​ទៅ​មុខ​ សម្លឹង​ទៅ​មុខ​ ព្រោះ​យើង​ដឹង​ថា​ យើង​មិន​អាច​គេច​វេស​ពី​ប្រវត្តិសាស្ត្រ​ ប៉ុន្តែ​ យើង​ក៏​មិន​គួរ​ជា​ទាសករ​របស់​ប្រវត្តិសាស្ត្រ​ដែរ»។

ដោយ​សារ​តែការ​ខ្វះ​ការ​យល់​ដឹង​ខាង​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​នៃ​សាស្ត្រា​ស្លឹករឹត​នេះ​ ប្រវត្តិ​វិទូ​ និង​អ្នក​ប្រាជ្ញ​ខាង​អក្សរ​សាស្ត្រ​ខ្មែរ​ ចង់​ឲ្យ​មាន​ការ​បន្ត​ចារ​សាស្ត្រា​ស្លឹករឹត​ និង​ការ​ថែរក្សា​សាស្ត្រា​ស្លឹករឹត​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ ដើម្បី​ការ​ពារ​មរតកវប្បធម៌​ សាសនា​ និង​ប្រវត្តិសាស្ត្រ​កម្ពុជា៕

ឯកសារយោង៖ VOA l សម្រួល៖ មនោ វិជ្ជា http://monovichea.com . https://khmer.voanews.com

 

អត្ថបទដែលជាប់ទាក់ទង