សុភាសិតមួយឃ្លា«ស្មោះត្រង់ ចំណេះដឹង ឆន្ទៈ»ដែលបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅប្រាប់ដល់បុគ្គលិកការងារឱ្យមានភាពស្មោះត្រង់ចំពោះកិច្ចការងារទាំងឡាយណាដែលកំពុងតែធ្វើ….

តើសុភាសិតមួយឃ្លា«ស្មោះត្រង់ ចំណេះដឹង ឆន្ទៈ»បង្កប់អត្ថន័យដូចម្តេច…?
សុភាសិតមួយឃ្លា«ស្មោះត្រង់ ចំណេះដឹង ឆន្ទៈ» ដែលបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅទូន្មានប្រៀនប្រដៅប្រាប់ដល់បុគ្គលិកការងារទាំងឡាយឱ្យមានភាពស្មោះត្រង់ចំពោះកិច្ចការងារទាំងឡាយណាដែលកំពុងតែធ្វើ និងមានចំណេះដឹងក៏ដូចជាជំនាញក្នុងកិច្ចការងារដែលដើរជាមួយហើយមានឆន្ទៈយ៉ាងមុតមាំ ទោះបីមានឧបសគ្គមករារាំងយ៉ាងណាក៏ដោយ គឺត្រូវសិក្សារកដំណោះស្រាយបញ្ហាដែលកើតមានឡើងនៅចំពោះមុខ។ កាលណាយើងគ្មានភាពស្មោះត្រង់ គ្មានចំណេះដឹង គ្មានឆន្ទៈ ចំពោះការងារ នោះអ្នកទៅធ្វើការងារនៅទីកន្លែងណាក៏មិនមានសេចក្តីសុខដែរ។ ម្យ៉ាងទៀតបើមានតែភាពស្មោះត្រង់និងឆន្ទៈ តែគ្មានចំណេះដឹងនោះក៏ពិបាកដែរ ព្រោះចំណេះដឹង ទោះទៅទីកន្លែងណាក៏គេត្រូវការដែរ។ ដូច្នេះត្រូវតែមានភាពស្មោះត្រង់ មានចំណេះដឹង មានឆន្ទៈ ហើយយើងដើរជាមួយការងារនោះ ជីវិតអ្នកនឹងប្រសើរឡើងជាក់ជាមិនខាន។ ដូចមានរឿងស្វាចាំចម្ការ ជានិទានមួយដែលមានសេចក្តីដំណាលថា៖
រឿងស្វាចាំចម្ការ
កាលពីសម័យបុរាណមួយមានម្ចាស់ចម្ការដាំដើមឈើហូបផ្លែច្រើនណាស់ ហើយអ្នកម្ចាស់ចម្ការនោះ លោកបាន ចិញ្ចឹមស្វាមួយហ្វូងផងដែរ។ នៅក្នុងពេលនោះដែរ ក្នុងភូមិ មានគេលេងពិធីបុណ្យ ឈប់សម្រាកពីការងារចំនួនបីថ្ងៃដែរ ម្ចាស់ចម្ការ លោកគ្មាននរណាយាមចម្ការឱ្យ ក៏ទៅពឹងស្វា ប្រាប់ថា ខ្ញុំរវល់ទៅដើរលេងបុណ្យបីថ្ងៃ ស្វាឯងជួយមើលចម្ការខ្ញុំផង ដើមឈើណាធំ ឫសវែងចាក់ទឹកឱ្យច្រើន ដើម ឈើណាតូចឫសខ្លីដាក់ទឹកតិច ល្មមបានហើយ។ ពេលនោះម្ចាស់ចម្ការក៏ទៅដើរលេងបាត់ទៅចំណែកស្វានោះចាប់ផ្តើម ឆ្ងល់ធ្វើម្តេចដើម្បីដឹងថាដើមឈើណាមានឫសវែងដើមឈើ ណាមានឫសខ្លី? អាណាចាក់ទឹកច្រើន អាណាចាក់ទឹកតិច? ពេលនោះស្វានាំគ្នាទៅដកដើមឈើទាំងនោះ ដើម្បីដឹងថា ឈើណាមានឫសខ្លី ក៏ដាក់ទៅវិញទៅនិងឈើណា មានឫស វែង ក៏ដាក់ទៅវិញទៅ បានចាក់ទឹកតាមវែងនិងខ្លីនោះទៅ។ លុះបីថ្ងៃក្រោយមក ដើមឈើមួយចម្ការនោះ ក៏ដួលងាប់អស់ ទៅ។ ម្ចាស់ត្រឡប់មកវិញយំសោកបោកខ្លួនស្តាយស្រណោះ ដើមឈើ។
រឿងនេះជាខ្លឹមសារអប់រំខ្លីមួយស្តីពីការងារក្នុងស្ថាប័នទូទៅប្រធានគ្រប់គ្រងមួយក្នុងនាមជាអ្នកដឹកនាំ មិនដឹងពី សមត្ថភាពពីការយល់ដឹងរបស់កូនចៅ និងការណែនាំមិន ច្បាស់លាស់ ដើម្បីដឹងថា ឈើណាមានឫសវែង ឈើណា មានឫសខ្លីដើម្បីងាយស្រួលក្នុងការចាក់ទឹក។ ការមិនប្រាប់ ឱ្យបានច្បាស់លាស់គឺរមែងតែងតែអន្តរាយជាមិនខានដូចក្នុងរឿងនេះជាដើម។ ចំណែកឯស្វាដែលជាអ្នកនៅក្រោម បង្គាប់ហ្នឹង មានចិត្តល្អ ប៉ុន្តែល្ងង់ វាទៅជាខូចការទៅវិញ គឺថាក្នុងនាមជាកូនចៅ បើស្តាប់មិនច្បាស់ ពីការណែនាំ ពីមេទេ ត្រូវសួរ គឺត្រូវមានការទំនាក់ទំនងគ្នា ដូច្នេះប្រធាន ត្រូវដឹងពីសមត្ថភាពកូនចៅ ការណែនាំនោះ ត្រូវតែច្បាស់ លាស់ ហើយកូនចៅ ត្រូវមានកាតព្វកិច្ចមួយ ត្រូវបំពេញ ភារកិច្ចដែលមេប្រើ ហើយមិនច្បាស់ត្រូវសាកសួរនាំ មិន មែនចិត្តល្អហើយល្ងង់វាអាចទៅជារឿងខូចខាតដូចស្វានេះ ជាដើម។ ប្រភព៖សមាគមអ្នកអក្សរសិល្ប៍កម្ពុជា – Cambodia Literati Association
អត្ថបទដែលជាប់ទាក់ទង