រឿងសង្រ្គាមរវាងគីង្គក់និងតាព្រហ្ម អ្នកនិពន្ធបង្ហាញពីកម្លាំងសាមគ្គីក្នុងការបង្កើតសមាគមមួយតាមរយៈប្រជុំរឿងព្រេងខ្មែរ ដើម្បីសិទ្ធិសេរីភាពយុត្តិធម៌ក្នុងសង្គម…

រឿងសង្រ្គាមរវាងគីង្គក់និងតាព្រហ្ម

ក-ប្រភពរឿង

-ប្រភពៈ ប្រជុំរឿងព្រេងខ្មែរភាគទី៤នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

 -ប្រភេទៈ និទានកថាសត្វ

-កាលៈ ពេលវេលាមិនច្បាស់លាស់

-អាកាសៈទីកន្លែងមិនច្បាស់លាស់

-អ្នកនិពន្ធ: មិនមានឈ្មោះពិតប្រាកដ

ខ-សង្ខេបរឿង

សម័យព្រេងនាយវេលាមួយ ពិភពលោកកើតទុរ្ភិក្ស ក្ដៅហូតហែងគ្រប់ទីកន្លែង (ទិសទី) ព្រះពិរុណមិនបង្អុរភ្លៀងសោះស្ទឹង ត្រពាំង ថ្លុក ព្រែក ទន្លេ រីងទឹកអស់រលីង ។ សត្វទាំងឡាយ ស្លាប់គរឆ្អឹងលើគ្នារុក្ខជាតិនានាស្វិតក្រៀមក្រញង់ ។ ពួកគីង្គក់ ហ៊ីង កង្កែប ជាដើម ដែលជាសត្វប៉ិនអត់ធន់ ក៏ស្គមនៅតែស្បែកនិងឆ្អឹង ។ ថ្ងៃមួយគីង្គក់ជាមេ ប្រកាស ដល់ក្រុមញាតិនិងហ៊ីងកង្កែបជាមិត្ត៖មិត្តទាំងអស់គ្នាមើលទៅតាព្រហ្មមិនបង្អុរ ភ្លៀងមកឱ្យ យើងទេ បើយើងនៅស្ងៀមមុខជាដាច់ពោះស្លាប់។ មកវ៉ឺយមិត្តយើងកែនគ្នា ទៅតយុទ្ធនឹង តាព្រហ្ម យកភ្លៀងឱ្យបានអាសន្ន ដល់ហើយ ស្ងៀមក៏ស្លាប់ច្បាំងក៏ស្លាប់ បើម៉្ងៃនឹងស្លាប់ៗ ក្នុងចម្បាំង យកជ័យឱ្យក្រុមញាតិ និងមិត្ត ប្រសើរជាង មក!មក!ទៅប្រយុទ្ធ។

គីង្គក់ និងមិត្តទាំងអស់ លើកព្យហយាត្រាទៅតយុទ្ធនឹងតាព្រហ្ម ឯវិមានទេវលោក លើអាកាស។ ដើរតាមបន្ដិចស្រាប់តែប្រទះពលត្រីអណ្ដែង និងត្រីក្រាញ់ខ្នាន់ខ្នាប់ ខ្លួនប្រឡាក់ ដោយកម្ទេចធូលី។  គីង្គក់ស្រែកសួរ៖ នែវ៉ឺយបងត្រី ទៅណាមកណា បានជាខ្លួន ប្រឡាក់ ដីស្រមក? ត្រីអណ្ដែងជាមេតប៖ មិត្តអើយ ពួកមច្ឆាបញ្ជូនយើង ឱ្យមកជាមួយបងក្រាញ់ ដែលប៉ិនប្រសប់ខាងរត់ឆ្លង នឹងបារាយណ៍ ដើម្បីទៅច្បាំងនឹងតាព្រហ្ម យកភ្លៀង មកបំពេញ បឹង ស្ទឹង យើងមិនទៅក៏ស្លាប់ទៅក៏សម្លាប់។ គីង្គក់ឮ ដូច្នោះត្រេកអរណាស់ ប្រមូលគ្នា ជាទ័ពមួយ ចេញដំណើរទៅទៀត កាត់វាលក្ដៅហែង ។ ទៅបានបន្ដិចទៀត ស្រាប់តែឃើញហ្វូងឃ្មុំ និងឪម៉ាល់ គីង្គក់ក៏បន្លឺ៖ មកវ៉ឺយបងឃ្មុំ ក្រុមបង យើងដឹងថាក៏លើក ទ័ពទៅច្បាំងយក ទឹក ភ្លៀង ដូចយើងដែលមកយើងព្រួតគ្នាទៅតយុទ្ធនឹងតាព្រហ្ម ទៅ ។ ក្បួនទ័ពគីង្គក់ ត្រី ឃ្មុំ ដើរទៅដល់ចម្ការមួយប្រទះឃើញ ត្រសក់ដេករដូករណែលស្វិតរញមលើផែនដី របេះចាកទង គួរ ឱ្យអាសូរត្រសក់មួយរមៀលសុំទៅច្បាំង យកទឹកភ្លៀងជា មួយនឹងគេដែរ។ លុះទៅដល់ ព្រៃមួយ រុក្ខជាតិទាំងឡាយស្វិតក្រៀមក្រញង់ងាប់ជិតអស់ ដើមផ្ដៅធំៗពីរដើម និងគល់ឈើមួយ ក៏សុំខ្លួនទៅច្បាំងជាមួយតាព្រហ្មយកទឹកភ្លៀង ដើម យកស្រោចស្រពសត្វលោក។ ក្រោយមកទ័ពទាំងអស់ ក៏បានធ្វើដំណើរទៅដល់ ឋានតា- ព្រហ្ម។ គីង្គក់ បានបញ្ជាឱ្យឃ្មុំ ត្រៀមប្រយុទ្ធ នៅខ្លោងទ្វារ ខាងមុខ និងខាងក្រោយ។ ត្រី អណ្ដែង និងត្រីក្រាញ់ចូលទៅក្នុងគ្របពាងដែលមានទឹក ។ ផ្ដៅទាំងពីរឈរប្រុងនៅមាត់ ទ្វារប្រាសាទ ត្រសក់ស្រូវរមៀលទៅនៅក្រោមគ្រែតាព្រហ្ម ដោយស្រែកហ៊ោសន្ធាប់យ៉ាង ខ្លាំង ធ្វើឱ្យទេវតារត់ចេញពីប្រាសាទទាំងស្លន់ស្លោ ត្រូវ ទឹកលាយធូលីដែលជាប់នឹង ត្រី ស្រវាំងភ្នែករកទិសតំបន់មិនឃើញ។ នឹងត្រូវពួកឃ្មុំ ឪម៉ាល់ទិចឈឺចុករមួលស្រែករោទ៍ រំពង។ តាព្រហ្មរកច្រកចេញពុំទាន់ក៏ស្រែក៖នែ! ពួកអាគីង្គក់ ពួកឯងទៅណា? គីង្គក់ ស្រែកតបទៅវិញ៖ពួកយើងមកច្បាំង។ តាព្រហ្មចុះពីលើគ្រែ មិនបាន មើលក្រោម ជាន់លើត្រសក់ រអិលដួលផ្ងារច្រងាង ។ ផ្ដៅទាំងពីរបន្ទន់ខ្លួន ប្រញាប់សង្កត់ក ជាប់ ឃ្មុំហើរមកទិចជុំជិត តាព្រហ្មក៏ស្រែកចុះញ៉ម។ ចាញ់ហើយអញចាញ់ហើយ គីង្គក់ឮដូចនោះ ក៏ឃាត់ទ័ពឱ្យ ឈប់ ដើម្បីដោះស្រាយបញ្ហាចុះចាញ់ ។ គីង្គក់សួរតាព្រហ្ម៖ ម៉េចក៏លោក បង្អត់ភ្លៀងដល់ សត្វលោក ធ្វើឱ្យស្លាប់គ្រប់កន្លែងដូច្នេះ ពួកយើងមិន សុខចិត្តទេ បើលោកតា មិនបង្អុរចុះ ទេ នោះពួកយើងនឹងកម្ទេចទេវលោកចោលឥឡូវ ។ តាព្រហ្មនឹកភ័យ  ក៏និយាយអង្វរ៖ ពួកឯងកុំខឹងនាំគ្នាត្រលប់ទៅវិញចុះ យើងផ្ដល់ទឹកភ្លៀងនេះហើយ ។ គីង្គក់សួរបញ្ជាក់ ៖ ចុះថ្ងៃក្រោយបើគ្មានទឹកភ្លៀងឱ្យពួកយើងធ្វើយ៉ាងដូចម្ដេច? តាព្រហ្មតប៖ ព្រះស្ដែង មិន បាច់លើកទ័ពមកទីនេះទៀតទេ គ្រាន់តែធ្វើជាសញ្ញាឱ្យយើងដឹង យើងបង្អុរទឹកឱ្យភ្លាម ។

កាលបានស្ដាប់សម្ដីតាព្រហ្មរួចហើយទ័ពគីង្គក់ត្រី ឃ្មុំ រុក្ខជាតិនាំគ្នា ត្រលប់មក ក្រោមវិញ។ តាព្រហ្មក៏បង្អុរភ្លៀងឱ្យជាបន្ទាន់។ អ្នកទាំងអស់គ្នារីករាយសប្បាយនឹងជម្នះ ហើយតាំងពីពេលនោះមក នៅពេលក្រមានភ្លៀងធ្លាក់ គីង្គក់ក៏តាំងសង្កៀតធ្មេញក្រកៗ ឱ្យ ដឹងដល់តាព្រហ្មភ្លៀងក៏ចាប់ធ្លាក់ស្រោចស្រពលើផែនដី។

គ-វិភាគអត្ថន័យ

តាមរយៈរឿងនេះ សត្វ និងរុក្ខជាតិសុទ្ធតែមានតំណាងរបស់ខ្លួន ដើម្បីធ្វើការតវ៉ា ចំពោះតាព្រហ្មដែលមិនឱ្យទឹកភ្លៀងដល់ពួកគេ។ តាព្រហ្មនាមជាព្រហ្មដែលមិនមាន ព្រហ្មវិហារធម៌ សម្រាប់ផ្សាយដល់កូនចៅ អាណាប្រជានុរាស្ត្រដែលមានសេចក្ដីទុក្ខ កើតឡើង ដោយអត់ទឹកក្ដៅ ក្រហាយស្លាប់ដោយដីកប់គ្មាន ជាហេតុនាំឱ្យសត្វមានកំហឹង ចំពោះតាព្រហ្ម។ តាមរយៈតួអង្គតាព្រហ្មមានន័យថា ពេលខ្លួនមានទុក្ខរករាស្ត្រឱ្យជួយសម្រេចបំណងរបស់ខ្លួន ដល់ពេលខ្លួនដល់ត្រើយ ហើយបែរជាសើយគូទដាក់រាស្រ្តវិញ ។ ការប្រកាន់ចរិយាបែបនេះមិនយូរនោះឡើយ តាព្រហ្មនឹងវិនាសអន្តរាយនៅ ក្នុងពេលណាមួយមិន ខានពីភាពមិនពេញចិត្ត នៅក្នុងសំណាក់អ្នកតូច បើទោះធ្វើមិនកើត ក៏សន្សំចិត្តដែរ។ ដំណើរនៃសត្វនិងរុក្ខជាតិទាំងអស់សុទ្ធតែជាដំណើរឆ្អែតដល់ក។ កើតមកមួយជាតិធាតុមួយចាន ដាច់ចិត្តឡើងទៅឋានព្រះព្រហ្មដើម្បីទាមទាររកយុត្តិធម៌ បើទោះបីជាចង់មិនចង់ ក៏ដោយក៏ត្រូវតែធ្វើ។

ប្រភពឯកសារនិក្ខេបបទ គិន ធារ៉ា

អត្ថបទដែលជាប់ទាក់ទង