លិខិតមិត្តអ្នកអាន៖ ឡូស៊ីកសេនារីយោនយោបាយបែកថ្នាំរបស់ សម រង្ស៊ី

ភ្នំពេញ៖ ទណ្ឌិត សម រង្ស៊ី បង្ហោះសារនយោបាយម្តងហើយម្តងទៀតអំពាវនាវកុំឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ សម្រាប់ សម រង្ស៊ី ដែលអស់សន្លឹកបៀរលេងនយោបាយ ហាក់កំពុងយល់ឃើញថា ការរារាំងមិនឲ្យទៅបោះឆ្នោតគឺជាសេនារីយោដ៏ល្អរបស់ខ្លួន ដែលខណៈដែល សម រង្ស៊ី ខ្លួនឯងកំពុងទ័លផ្លូវដើរក្នុងទីលាននយោបាយនៅកម្ពុជា។ ការខិតខំរកឃើញសេនារីយោនយោបាយថ្មី រារាំងមិនឲ្យទៅបោះឆ្នោតគឺ សម រង្ស៊ី សាកសមទទួលបានងារថាជា «អ្នកនយោបាយបែកថ្នាំ» (sic)។

លើសពីនេះ សកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី កំពុងដើរលើផ្លូវដូចគ្នានឹងនយោបាយរបស់ ប៉ុល ពត។ គេនៅចាំបានថា មេឃាតករ ប៉ុល ពត បានដកខ្លួនចេញពីការបោះឆ្នោតដែលរៀបចំដោយ អ៊ុនតាក់ នៅឆ្នាំ១៩៩៣ ដោយសារ ប៉ុល ពត បានដឹងជាមុនថា ប្រជាជនកម្ពុជានឹងមិនបោះឆ្នោតឲ្យនោះទេ។

ឥឡូវនេះ ឆ្នាំ២០១៨ សម រង្ស៊ី បានដើរតាមគន្លងដូច ប៉ុល ពត ដោយអំពាវនាវមិនឲ្យទៅបោះឆ្នោត។ ឧបាយកលទាំងពីរនេះ ទោះបីពាក់មុខផ្សេងគ្នា តែមានសារជាតិដូចគ្នា គឺពួកគេយកប្រជាជនធ្វើជាចំណាប់ខ្មាំងនយោបាយទុច្ចរិត និងបំពានសិទ្ធិរបស់ប្រជាពលរដ្ឋ ដើម្បីតែបំប៉នកំហឹង និងគំនុំផ្ទាល់ខ្លួនប៉ុណ្ណោះ។ គេសង្កេតឃើញថា សម រង្ស៊ី ដើរក្រឡានយោបាយ«ភ្លើៗ»ខុសឆ្គង និងបរាជ័យជាបន្តបន្ទាប់នៅដំណាក់កាលចុងក្រោយនេះ។ បើតាមសេនារីយោនយោបាយបែកថ្នាំរបស់ សម រង្ស៊ី នោះនឹងមានន័យថាៈ

  • ទី១. អ្នកគាំទ្រខ្លះលើខ្មោចបក្សសង្គ្រោះជាតិ អាចស្ទាក់ស្ទើមិនទៅបោះឆ្នោត។
  • ទី២. អ្នកគាំទ្របក្សប្រឆាំងខ្លះ នឹងទៅបោះឆ្នោតឲ្យបក្សឆន្ទៈខ្មែររបស់កូនលោក គង់ គាំ និងបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់ក្រុមលោក យ៉ង សាំងកុមារ ព្រមទាំងគណបក្សនយោបាយជាង២០ទៀត ដែលប្រកាសចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
  • ទី៣. អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងអ្នកកណ្តាលនិយម នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ដូច្នេះ លទ្ធផលការបោះឆ្នោតគឺ គណបក្សប្រជាជនកម្ពុជា នឹងបន្តទទួលបានជ័យជម្នះយ៉ាងងាយស្រួល ហើយអ្នកដែលមិនទៅបោះឆ្នោត រួមទាំងបក្សរបស់កូនលោក គង់ គាំ និងបក្សឯកទៀតនឹងចំអកឲ្យទណ្ឌិត សម រង្ស៊ី ថា «ភ្លើ»។ ឯតទគ្គកម្មចាញ់ឆ្នោត និងនយោបាយបែកថ្នាំ គឺជាកម្មសិទ្ធផ្តាច់មុខរបស់ សម រង្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង