ពិធីបើកការប្រកួតកីឡា ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំសិក្សា២០១៧- ២០១៨ នៅខេត្ត កំពត​

កំពត៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សា​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំសិក្សា២០១៧- ២០១៨ ត្រូវបានធ្វើពិធីបើកនៅឯខេត្តកំពត​កាលពីរសៀលថ្ងៃទី​០៦​ឧសភា ឆ្នាំ​២០១៨​ក្រោមអធិបតីភាព​ចូលរួម​ឯកឧត្ដម​បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ឯកឧត្ដម ​ជាវ តាយ ​អភិបាលនៃគណៈអភិបាល​ខេត្ត កំពត​។​ យោងតាមរបាយការណ៍ របស់​ប្រធានគណៈកម្មការ​រៀបចំ​ការប្រកួតបានឱ្យដឹងថា៖ ​ការប្រកួតនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី០៥រហូតដល់ថ្ងៃទី១៤ខែ​ឧសភា​ឆ្នាំ​២០១៨ទើបត្រូវបានបញ្ចប់។​ ការប្រកួតនេះ មាន០៦ប្រភេទកីឡាដែលមាន សមាស ចូលរួមប្រកួត មកពី២៥​រាជធានី-ខេត្ត ក្នុងនោះ៖
ទី១ៈកីឡាបាល់ទាត់ បុរសមាន២៥ក្រុម​និងនារីមាន២១ក្រុម
ទី២ៈកីឡាបាល់ទះ បុរសមាន២៤ក្រុមនិងនារីមាន២៣ក្រុម
ទី៣ៈកីឡាបាល់បោះ​បុរសមាន២១ក្រុម និងនារីមាន១៩ក្រុម​
ទី៤ៈកីឡាអត្តពលកម្ម​បុរសមាន២៤ក្រុមនិងនារីមាន១៤ក្រុម
ទី៥ៈកីឡាប៉េតង់(ប៊ូល)​បុរសមាន១៧ក្រុមនិងនារីមាន១៤ក្រុម
ទី៦ប្រភេទកីឡាវាយកូនឃ្លីលើតុបុរសមាន៨ក្រុម​នារីមាន៤ក្រុម ។ សរុបទាំងអស់បុរសមាន១១៩ក្រុម និងនារីមាន១០៤ក្រុម និងមានប្រតិភូគ្រូបង្វឹក និងកីឡា​ករ​កីឡា​ការិនីទាំងអស់សរុនចំនួន២.៩២៩នាក់។​

ឯកឧត្ដម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត​បានសម្ដែងការអបអរសាទរស្វាគមន៍ចំពោះព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន​និង​កីឡា​មកលើវិស័យអប់រំកាយ និងកីឡា​ដែលកំពុង​ត្រូវ​បានសាធារណៈ មតិទាំងជាតិ​អន្តរជាតិ​ផ្ដោត​ការយក​ចិត្ត​ទុក​ដាក់​ជាខ្លាំង​នាពេលបច្ចុប្បន្ននេះ។ ឯកឧត្ដម​ជាវ តាយ​ក៏បានចាត់ទុកព្រឹត្តិការណ៍នៃការប្រកួតកីឡាសិស្សនាពេលនេះ​គឺជាការប្រមូលផ្ដុំនូវធនធានមនុស្ស ប្រកបដោយសម្បទាមាំមួន មានសមត្ថភាព ទេពកោសល្យគ្រប់គ្រាន់ ជាយុវជន​ល្អ​ពលរដ្ឋ​ល្អហើយទៅអនាគតនឹងសង្ឃឹមក្លាយជាអ្នកបន្តវេន អភិវឌ្ឍ​ប្រទេស​ជាតិ​អោយសម្បូររុងរឿងជាក់ជាមិនខាន។​

ឯកឧត្ដមបណ្ឌិត​ ស៊ាន បូរ៉ាត ក៏បានលើកបញ្ជាក់ថា៖ បច្ចុប្បន្ន កម្ពុជា​យើង​ក្រោមការដឹកនាំ​របស់សម្ដេច​តេជោ ហ៊ុន សែនតែងតែចាត់ទុកការងារអប់រំកាយនិងកីឡា បានដើរតួនាទីនិងជាយានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិព្រោះថា កីឡាកសាងមនុស្ស និងមនុស្សកសាងសង្គម។ នៅ​ឆ្នាំ​២០២៣​កម្ពុជា​យើង​នឹងទទួល​បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម។ ដូច្នេះ ការលើកស្ទួយវិស័យកីឡាគឺជារឿងចាំបាច់ ព្រោះថាវិស័យអប់រំកាយនិងកីឡាជាសមាសភាគមួយមិនអាចខ្វះបាន​ក្នុងចំណោម​សមាសភាគទាំងប្រាំនៃវិស័យអប់រំ សំដៅលើការកសាងកាយសម្បទារឹងមាំមានសុខភាពល្អ ពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ​ដូច្នេះ​សូមថ្លែង អំណរគុណចំពោះសប្បុរសជន​រួមនឹងអាជ្ញាធរដែនដី និងប្រតិភូកីឡាករកីឡាការិនី អោយមានការយកចិត្តទុកដាក់សហការគ្នាបានល្អ ដើម្បីគាំទ្រកម្មវិធីការប្រកួតកីឡាសិស្សជ្រើសរើសជើងឯកថ្នាក់ជាតិលើទឹកដីខេត្តកំពតនាពេលនេះឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់។​តំបន់២(CSC)

អត្ថបទដែលជាប់ទាក់ទង