តើអ្នកគួររក្សារឿងសម្ងាត់អ្វីខ្លះ? សម្រាប់ជីវិតអ្នកទៅថ្ងៃអនាគត់…

ការនិយាយប្រាប់អ្នកដទៃ​ ពីកំហុសដែលយើងបានសាង រឺពីអ្វីដែលបានកើតឡើង ជារឿងដែលមនុស្សភាគច្រើនតែងតែធ្វើ ប៉ុន្ដែយ៉ាងណាក្ដី យើងមិនគួរប្រាប់អ្នកដទៃគ្រប់រឿងរ៉ាវទាំងអស់នោះទេ។ ចំពោះរឿងមួយចំនួន យើងគួររក្សាការសម្ងាត់ ដោយសារការនិយាយប្រាប់អ្នកដទៃអាចធ្វើឲ្យប៉ះពាល់ដល់ការរីកចម្រើនរបស់យើង តើរឿងអ្វីខ្លះ ដែលអ្នកមិនគួរប្រាប់ឲ្យអ្នកដទៃដឹង? ខាងក្រោមនេះជាអ្វីដែលអ្នកគួររក្សាការសម្ងាត់ជានិច្ច។

១. ផែនការរយៈពេលវែង៖
ឆ្ងល់ទេហេតុអ្វីមនុស្សមួយចំនួនមិនប្រាប់អ្នកពីគម្រោងសម្រាប់ពេលអនាគតរបស់ពួកគេ? ដោយសារមនុស្សមានការគិតខុសគ្នា មតិយោបល់រិះគន់របស់ពួកគេលើផែនការរបស់អ្នកអាចជះឥទ្ធិពលអវិជ្ជមានទៅលើជីវិតរបស់អ្នក។

២. បញ្ហារបស់អ្នកដទៃ៖
នៅពេលដែលនរណាម្នាក់និយាយប្រាប់អ្នកពីបញ្ហារបស់ពួកគេ វាមានន័យថា ពួកគេបានទុកចិត្តលើអ្នក ដូច្នេះហើយ ចូរកុំបំផ្លាញទំនុកចិត្តរបស់ពួកគេឲ្យសោះ។ បើពួកគេមិនអនុញ្ញាតឲ្យអ្នកនិយាយទេ ដាច់ខាង ត្រូវទុកវាជាការសម្ងាត់។

៣. អំពើល្អរបស់អ្នក៖​
ការប្រព្រឹត្តអំពើល្អរឺអំពើសប្បុរសធម៌គួរតែថ្លាបរិសុទ្ធដូចទឹកចិត្តដ៏ល្អរបស់អ្នក ដូច្នេះហើយ ការនិយាយប្រាប់រឿងទាំងអស់នេះទៅកាន់អ្នកដទៃនឹងបំផ្លាញភាពបរិសុទ្ធនៃទឹកចិត្តរបស់អ្នក ហើយអ្នកដទៃអាចគិតថា អ្នកជាមនុស្សអួតក្អេងក្អាង។

៤. រឿងមិនល្អរបស់អ្នកដទៃ៖
នៅពេលដែលអ្នកចាប់ផ្តើមនិយាយអាក្រក់ពីនរណាម្នាក់ ការគិតរបស់អ្នកចំពោះគេម្នាក់នោះអាចនឹងប្រែជាអាក្រក់ទៅៗ ហើយវាអាចធ្វើឲ្យអ្នកមិនអាចមើលឃើញពីចំណុចល្អរបស់គេ។ លើសពីនេះទៅទៀត ការនិយាយពីរឿងរ៉ាវតិចតួចមិនសំខាន់ទាំងនេះក៏មិនបានជួយនរណាម្នាក់ផងដែរ។

៥. ទ្រព្យសម្បត្តិដែលអ្នកមាន៖
មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តមានរបស់ល្អៗ ប៉ុន្ដែវាមិនមានន័យថា ពួកគេសុទ្ធតែចង់ដឹងពីអ្វីដែលអ្នកមាននោះទេ ដោយសារតែការនិយាយអួតពីរឿងទាំងនេះនឹងបង្កើតជាការច្រណែនឈ្នានីស ហើយវាអាចនឹងបំផ្លាញសេចក្ដីសុខរបស់អ្នកផងដែរ៕ ដោយ៖ (L.A.M)

អត្ថបទដែលជាប់ទាក់ទង