អាជ្ញាធរជាតិអប្សរានិងប្រជាមានិតចិនគ្រោងចុះអនុស្សរណៈស្តីពីការចងសម្ព័ន្ធភាពតំបន់បេតិកភណ្ឌអង្គរនិងខេត្តសានស៊ី

សៀមរាប៖ ឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ បានអនុញ្ញាតឱ្យប្រតិភូក្រុង Datong ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Feng Sujing អភិបាលរងក្រុង Datong ចូលជួបសំណេះសំណាលការងារ មុននឹងឈានដល់កិច្ចព្រមព្រៀងចុះអនុស្សរណៈយោគយល់គ្នា ស្តីអំពីការចងសម្ព័ន្ធមេត្រីភាពរវាងតំបន់បេតិកភណ្ឌពិភពលោកនៃប្រទេសទាំងពីរ គឺខេត្តសានស៊ីនិងខេត្តសៀមរាប។

លោក Feng Sujing មានប្រសាសន៍ថា៖ នៅក្រុង Datong មានប្រាសាទអ៊ីងកាង កសាងនៅសតវត្សរ៍ទី៤ ជាប្រាសាទពុទ្ធសាសនាធំជាងគេនៅលើពិភពលោក ឯខេត្តសៀមរាបក៏មានប្រាសាទអង្គរវត្ត ជាមជ្ឈមណ្ឌលសាសនាដ៏ធំនៅអាស៊ីអាគ្នេយ៍ ហើយជាសម្បត្តិបេតិកភណ្ឌពិភពលោកដូចគ្នា។ ដូច្នេះនេះគឺជាឆន្ទៈនិងគោលបំណងក្នុងការចងសម្ព័ន្ធភាពរវាងភាគីតាំងពីរ។ បច្ចុប្បន្នទីក្រុង Datong និងក្រុងសៀមរាប បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពនៅប្រទេសចិនរួចមកហើយ។

លោកបានបន្តថា ប្រសិនជាមានការចងសម្ព័ន្ធមេត្រីភាពរវាងប្រាសាទទាំងពីរជាមួយគ្នា យើងអាចជំរុញនិងពង្រឹងកិច្ចប្រតិបត្តិការបន្ថែមទៀតលើវិស័យទេសចរណ៍ ការជួសជុល និងការអភិរក្សប្រាសាទ។ លោកនឹងស្វាគមន៍ដល់អ្នកជំនាញខ្មែរធ្វើទស្សនកិច្ចនៅខេត្តសានស៊ីនៅប្រទេសចិន នាពេលអនាគតផងដែរ។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ហង់ ពៅ បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូចិនថា អាជ្ញាធរជាតិអប្សរាពេញចិត្តនឹងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការដែលបម្រើដល់ប្រយោជន៍បេតិកភណ្ឌទាំងមូល។ ដោយមើលឃើញចំណុចពិសេសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍រវាងខ្មែរនិងចិនក្នុងការអភិរក្សប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការគ្រប់គ្រងបេតិកភណ្ឌពិភពលោកឱ្យកាន់តែប្រសើឡើង។ ម្យ៉ាងទៀតទស្សនវិស័យក្នុងការអភិរក្សនិងការអភិវឌ្ឍបេតិកភណ្ឌពិភពលោករវាងប្រទេសនៅអាស៊ី គឺមានទស្សនវិស័យប្រហាក់ប្រហែលគ្នា និងងាយសហការគ្នា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានរំឭកនូវប្រត្តិសាស្រ្តដ៏យូរអង្វែងនៃទំនាក់ទំនងប្រទេសទាំងពីរ ទាំងផ្នែកសាសនា និងជំនួញ រួមទាំងការជួសជុលប្រាសាទកន្លងមកផងដែរ។ ឯកឧត្តម ក៏សង្ឈឹមថាទំនាក់ទំនងនេះកាន់តែល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការនានាក្នុងតំបន់អង្គរ និងទំនាក់ទំនងផ្សេងៗ៕ដោយ ៖ ឃុត សៅ  (SLH)

អត្ថបទដែលជាប់ទាក់ទង