អាណិត! ស្ត្រីកូនភ្លោះ​៣នាក់ ដែលប្ដីរត់ចោលបាត់នោះ បានទទួលអំណោយកាកបាទក្រហមលើកទី២ និងថវិកាពីលោក ឌី​ រ័ត្នខេមរុណ​…

រាជធានីភ្នំពេញ​ ៖ បន្ទាប់ពី​ទទួលបាន​ដំណឹងថាស្ត្រីកូនភ្លោះ៣ប្ដីរត់ចោលកំពុងជួបជីវភាពខ្វះខាតក្នុងគ្រួសារនោះ លោក ឌី រ័ត្នខេមរុណ បាននាំអំណោយមនុស្សធម៍ ជាលើកទី២ ជូនស្រ្តីអភព្វសំរាលបានកូន ភ្លោះស្រី ០៣នាក់ ត្រូវស្វាមីរត់ចោលបន្តជីវភាពខ្វះខាតក្នុងគ្រួសារ រស់ក្នុងភូមិក្បាលទំនប់ ២ សង្កាត់បឹងទំពន់ទី ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ

នៅវេលាល្ងាចម៉ោង ៥ ថ្ងៃ ព្រហស្បតិ៍ ១១ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ អនុសាខាកាកកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធាន អនុសាខាកាកកបាទក្រហមប្រចាំខណ្ឌ រួមទាំង សមាជិក សមាជិកា សង្កាត់ ភូមិ បាននាំ យកអំណោយមនុស្សធម៌របស់ អនុសាខាខណ្ឌ ជូនដល់ស្ត្រីមេម៉ាយម្នាក់ដែលឆ្លងទន្លេបានកូនស្រី ០៣នាក់ ជាលើកទី ២ ដែលលើកទី ១ ក្រុមការងារកាកបាទក្រហមអនុសាខាខណ្ឌមានជ័យ បានផ្តល់ជូនគ្រួសារស្រ្តីកូនភ្លោះ ៣នាក់ នៅថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៨ ស្របពេលថ្ងៃ អបអរសាទរ ទិវាជាតិ សុខភាព មាតា និង ទារក ។

ស្ត្រីដែលជួបជីវភាពខ្វះខាត ខាងលើមាន ឈ្មោះ ធន់ ដាណែត អាយុ ២៤ឆ្នាំ មុខរបរ អតីត ជាអ្នករត់តុ តាមភោជនីយដ្ឋាន នាពេលរាត្រី ។ ស្រ្តីអភព្វដែលសំរាលបានកូន ភ្លោះ០៣នាក់នោះបានអោយដឹងថា ប្តី របស់នាង ជាជាងជួសជុលកំព្យូទ័រ អាយុ ២៧ឆ្នាំ បានរួមរស់នៅជាមួយនាងជិត ២ឆ្នាំ កន្លងទៅហើយ លុះពេលនាងមានផ្ទៃពោះ ៥ខែ គ្រូពេទ្យប្រាប់ថា នាងមានកូន ភ្លោះស្រី ០៣នាក់ ។ ក្រោយបានលឺថា ប្រពន្ធមានកូនរហូតដល់ទៅ ៣ បុរសជាប្តីមិនដឹងជាក្នុងចិត្តគិតអ្វី បានសម្រេចចាកចោលពីជីវិតប្រពន្ធ ទៅបាត់ស្រមោលសូន្យឈឹង ទាំងគ្មានក្តីនឹកស្រណោះអាលោះអាល័យអាសូរដល់ប្រពន្ធអ្វីបន្តិចសោះ ពិសេសគឺដំណក់ឈាមទាំង ៣គ្រាប់របស់គេនោះ ។

កូនស្រីទាំង ៣នាក់ ដែលចាប់កំណើតក្នុងថ្ងៃតែមួយខាងលើ គឺកើតនៅថ្ងៃទី ៥ ខែ កុម្ភះ ឆ្នាំ ២០១៨ វេលាម៉ោងជិត១២ រំលងអាធ្រាត្រ នៅក្នុងផ្ទះរបស់ស្ត្រីជាម្តាយតែម្តង។ ដែលពួកគេកើតមុន២០ថ្ងៃ តាមកាលកំណត់របស់ក្រុមគ្រូពេទ្យដែលបានបញ្ជាក់ប្រាប់ ។ ក្នុងនោះដែរ ទារិកាទាំង ៣នាក់ នោះមានឈ្មោះកូនស្រីបងឈ្មោះ ស្រី លាភ ទី ២ ឈ្មោះ ស្រី មាន និង ទី ៣ ឈ្មោះ ស្រីហេង កូនស្រីទាំង៣នាក់មកដល់ពេលនេះមានអាយុ ៣ខែហើយ ។

ឆ្លៀតក្នុងឱកាសខាងលើនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និង ជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ បានធ្វើការ សំណេះសំណាលសួរសុខទុក្ខស្ត្រីមេម៉ាយខាងលើ និង បានធ្វើការផ្តែផ្តាំផ្ញើរដល់ស្ត្រីខាងលើ សូមកុំអោយនាងគិតច្រើន ត្រូវសម្រាកអោយបានច្រើន និង ហូបចុកអោយបានទៀងទាត់ ទើបមានសុខភាពល្អ អាចនៅមើលថែទាំដល់កូនស្រីទាំង ៣នាក់ បន្តទៅពេលខាងមុខទៀត ។ លោកអភិបាលរង បន្ថែមថា ពួកគេទាំង៣នាក់ បានបាត់បង់ឪពុកតាំងពីមិនទាន់ឃើញពន្លឺថ្ងៃមកម៉្លេះ ហើយបច្ចុប្បន្នពួកគេនៅសល់តែម្តាយប៉ុណ្ណោះដែលជាក្តីសង្ឃឹម នៃជីវិត ដូច្នេះហើយសូមស្ត្រីជាម្តាយកុំគិតច្រើនទៅលើអ្វីដែលបានកន្លងហួស អ្វីដែលហួសសូមចូលគិតថា វាបានរសាត់អណ្តែតទៅលើវេហាអស់ហើយទៅចុះ ហើយអ្វីដែលសំខាន់ គឺយើងត្រូវខិតខំប្រឹងប្រែងតស៊ូជីវិតចាប់ពេលបច្ចុប្បន្ននេះ តទៅអនាគត ទើបជីវិតយើងអាចជួបភាពប្រសើរបាន ។

ទន្ទឹមនឹងនោះដែរ លោកឌី រ័ត្នខេមរុណ ប្រធានអនុសាខាខណ្ឌ ក៏បាន​អំពាវនាវ​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់ មេត្តាទៅពិនិត្យ​សុខភាព និង​ ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ឆ្មប​ជំនាញ នៅ​តាម​មណ្ឌល​សុខភាព ឬ​ មន្ទីរពេទ្យ​បង្អែក ដែល​នៅ​ជិះ​ផ្ទះរបស់លោកអ្នក តាម​កាលកំណត់ ដើម្បី​ទទួលយក​សេវា​បង្ការ ព្យាបាលឲ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ជំនាញ ជៀសវៀងការកើតមាននូវកត្តាមិនល្អផ្សេងៗ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ឬ អាយុជីវិតរបស់ម្តាយ និង ទារកជាដើម ។

អំណោយជូនលើកទី ១ ដែលបាននាំយកចែកជូនស្ត្រីមេម៉ាយខាងលើរួមមាន ÷ អង្ករ២ប៉ាវ ទម្ងន់៣០គីឡូក្រាម , ទឹកសុទ្ធ ២កេសធំ , ទឹកសុទ្ធ ២យួរ , ទឹកស៊ីអ៊ីវ ២យួរ , មី ២កេស , ចាន ឆ្នាំង , ធុងទឹកកក, បំពង់ទឹកក្តៅ , មុង ភួយ ក្រមា , ចានដែក , ចានស្រាក់ បូករួមជាមួយសំម្ភារះផ្ទះបាយមួយចំនួន រួមជាមួយថវិការ ២០ម៉ឺនរៀលផងដែរ ៕

អំណោយជូនលើកទី ២ ដែលបាននាំយកចែកជូនស្ត្រីមេម៉ាយខាងលើរួមមាន ÷ អង្ករ១បាវទម្ងន់៥០គីឡូក្រាម , ទឹកសុទ្ធ ២កេសធំ , ទឹកស៊ីអ៊ីវ ២យួរ ,ទឹកត្រី ២យ៉ួរ , រួមជាមួយថវិការ ២០ម៉ឺន រៀលផងដែរ ៕ AhBoYz៚

អត្ថបទដែលជាប់ទាក់ទង