ទីបំផុតដឹងទីតាំង និង​កាលបរិច្ឆេទជំនួបកំពូលអាមេរិក កូរ៉េខាងជើង

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិនថុនាខាងមុខ។

លោក ត្រាំ បានប្រកាសបែបនេះនៅលើគណនីធ្វីតធ័រ (Twitter) របស់លោក ហើយថែមទាំងបានសរសេរថា លោក និងលោក គីម នឹងព្យយាមធ្វើឲ្យកិច្ចប្រជុំកំពូលនោះក្លាយជាពេលវេលាដ៏ពិសេសបំផុតមួយសម្រាប់សន្តិភាពពិភពលោក។

នេះគឺជាលើកដំបូងហើយ ដែលលោក ត្រាំ បានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចប្រជុំកំពូលដែលនឹងក្លាយជាប្រវត្តិសាស្ត្ររវាងរូបលោក និងមេដឹកនាំកូរ៉េខាងជើងអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
លោក ត្រាំ បានឲ្យដឹងថា លោកចង់រៀបចំកិច្ចប្រជុំនោះនៅតំបន់គ្មានយោធា ជាតំបន់ព្រំដែនអន្តរកូរ៉េដែលត្រូវបានការពារយ៉ាងតឹងរឹង។ ប៉ុន្តែទីប្រឹក្សារបស់លោកភាគច្រើនគិតថាប្រទេសសិង្ហបុរី ដែលជាប្រទេសដែនកោះនោះគឺជាជាជំរើសដ៏ល្អ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ផុមភីអូ (Mike Pompeo) បានធ្វើដំណើរទៅប្រទេសកូរ៉េខាងជើងចំនួន២លើកដើម្បីជួបប្រជុំជាមួយលោក គីម ក្នុងនាមជាអ្នករៀបចំសម្រាប់កិច្ចប្រជុំកំពូលនោះ៕

អត្ថបទដែលជាប់ទាក់ទង