សម្ល ម្ជូរប្រេតសាច់មាន់ តើលោកអ្នកធ្លាប់បានធ្វើម្ហូបនេះសម្រាប់ពិសាទេ? (មានវីដេអូ)

សម្ល ម្ជូរប្រេតសាច់មាន់
គ្រឿងផ្សំ៖
– មាន់ ១០០ ក្រាម
– ផ្សិតចំបើង ២០០ ក្រាម
– រំដេង ១ មើមតូច
– រមៀត ១មើមតូច
– អំបិល កន្លះស្លាបព្រាកាហ្វេ
– គល់ស្លឹកគ្រៃ ២ ទៅ ៣ គល់
– ម្ទេសក្រហម ២ ទៅ ៣ ផ្លែ
– ខ្ទឹមស ៣ កម្ពឹស
-ខ្ទឹមក្រហម ៣ កម្ពឹស
– ប្រហុក ៣ ទៅ ៤ ចង្វា
– ទឹកត្រី ៣ ស្លាបព្រាបាយ
– ស្ករសរ ១ ស្លាបព្រាបាយ
– ប៊ីចេងមួយចុងស្លាបព្រាកាហ្វេ
– ស្លឹកក្រូចសើច ២ ទៅ ៣ សន្លឹក
– ក្រូចឆ្មា ១ ទៅ ២ ផ្លែ
– ត្រូយជីម្រះព្រៅ ៤ ទៅ ៥ ត្រួយ

  

វិធីធ្វើ៖
១.ជាដំបូងអ្នកត្រូវកាប់សាច់មាន់ ជាដុំៗតូចៗល្មមជាមុនសិន។
២.ដាក់ចិញ្ច្រាំប្រហុក ដំគល់ស្លឹកគ្រៃ រំដេង ម្ទេសក្រហម ខ្ទឹមស ខ្ទឹមក្រហម រមៀតឲ្យរាងទក់បន្តិច ទុកមួយអន្លើ។
៣.បន្ទាប់ពីកាប់សាច់មាន់ នឹងដំគ្រឿងផ្សំ រួចមកអ្នកគួរ យកសាច់នឹងគ្រឿងផ្សំដែលបានដំនឹងចិញ្ច្រាំទាំងនោះ មកដាក់ចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មកបន្ថែមស្លឹកក្រូចសើច អំបិលកន្លះស្លាបព្រាកាហ្វេ ទឹកត្រី ៣ ស្លាបព្រាបាយ ស្ករសរ ១ ស្លាបព្រាបាយ ប៊ីចេងមួយចុងស្លាបព្រាកាហ្វេ ច្របាច់ក្រូចឆ្មាចូល ធ្វើការកូរច្របល់វា ឲ្យសព្វចូលគ្នា។ ជាបន្តមកទៀតនោះ គឺយកឆ្នាំងដែលមានគ្រឿងទាំងនេះ ទៅដាក់ចំអិនលើភ្លើងដែលមានកម្តៅតិចៗ។
៤.អ្នកត្រូវបន្តចំអិនវា ក្នុងកម្តៅបន្តិចៗនេះ រហូតដល់មានទឹកជោឡើង អំពីគ្រឿងផ្សំទាំងនោះ ដែលមានរយះពេលប្រហែលជា ១៥ ទៅ ២០ នាទី។
៥.ក្រោយពីសង្កេតឃើញ ថាមានទឹកជោឡើងមកហើយនោះ អ្នកគួរបន្ថែមទឹកធម្មតា ចូលក្នុងសម្លរបស់អ្នក ទៅតាមកម្រិតដែលអ្នកចង់បាន រួចរងចាំឲ្យសម្លរបស់អ្នកពុះកញ្ច្រោះ ឬក៏សាច់របស់អ្នករាងផុយ។
៦.បន្ទាប់ពីរងចាំឲ្យសម្លររបស់អ្នកពុះរួចមក អ្នកគួរបន្ថែមផ្សិតចំបើង ព្រមទាំងត្រូយជីម្រះព្រៅចូល ភ្លក់មើលឱ្យល្មម តាមចំណូលចិត្តជាការស្រេច៕

សូមទស្សនាវីដេអូ សម្លម្ជូរប្រេតសាច់មាន់៖

អត្ថបទដែលជាប់ទាក់ទង